ព្រះសីហនុៈ សាលាដំបូង​ខេត្ដ​ព្រះសីហនុ នៅ​ថ្ងៃទី​ ១៩ មីនា បាន​ចេញ​ដីកាឃុំខ្លួន​មេខ្យល់​ចំនួន ៦ ​នាក់ និង​ ៦ ​នាក់​ទៀត​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ពួកគេ​ដឹកនាំ​ពលរដ្ឋ​ជិត​ ៣០០ ​នាក់ ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតនៅ​ចំណុច​គីឡូ​ ១៥ ភូមិ​ចាំ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា កាលពី ថ្ងៃទី​ ១៣ ខែមីនា​។

លោក​ សាមុត សុធារិទ្ធិ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​-​ប៉ុស្ដិ៍ នៅ​ថ្ងៃទី ​២០ មីនា​ថា ក្រោយពី​សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​បាន​ចុះទៅ​បង្ក្រាប​ករណី​ក្រុម​អនាធិបតេយ្យ​ប្រមាណ​ជា ២៩៥​ នាក់ ក្នុងនោះ​ស្រី​ ១១៣ ​នាក់ ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ស្ថិតនៅ​ចំណុច​គីឡូ​១៥ ភូមិ​ចាំ ឃុំ​-​កំពង់សីលា ស្រុក​កំពង់សីលា កាលពី​ថ្ងៃទី​ ១៣ ខែមីនា មកទល់​បច្ចុប្បន្ន មន្ត្រីនគរបាល​យុត្តិធម៌​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​ ១២​ នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នេះ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​ការ​ស៊ើបសួរ​របស់​ស្ថាប័ន​តុលាការ នៅ​ថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ​ ២០២២ សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​ដីកាឃុំខ្លួន​ចំនួន​ ៦ ​នាក់ និង​ ៦ ​នាក់​ទៀត ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរបរិស្ថាន​ខេត្ដ​ព្រះសីហនុ នៅ​ថ្ងៃទី​ ២០ មីនា ឱ្យដឹងថា ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ​ ៨៩ ចុះ​ថ្ងៃទី​ ៩ ខែឧសភា ឆ្នាំ​ ២០១៦ ដែល​ជាប់​ព្រំប្រទល់​រវាង​ភូមិសាស្ត្រ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ធានា​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

កន្លងមក​សកម្មភាព​បទល្មើស​រុករាន​កាប់ឆ្ការ​ព្រៃដាំ​ដំណាំ សង់​ខ្ទម​ និង​បោះបង្គោល​របង​ហ៊ុមព័ទ្ធ​កាន់កាប់​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ត្រូវបាន​សមត្ថកិច្ច​ចុះ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា យោង​លើ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ត្រង់​មាត្រា​ ៥៦ និង​មាត្រា​ ៦២ ចែងថា ជនសង្ស័យ​ណា​ដែល​ធ្វើ​សកម្មភាព​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ​ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៤ ដោយ​ដាក់ពន្ធនាគារ​ពី​ ៥​ ឆ្នាំទៅ​ ១០ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១៥​ លាន​រៀល ទៅ ១៥០ ​លាន​រៀល​។ ចំពោះ​បុគ្គល​ប្រព្រឹត្ត​ជា​នីតិបុគ្គល​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១៥០ ​លាន​រៀល ទៅ ២៥០ ​លាន​រៀល​។ វត្ថុតាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។ ក្នុងករណី មិន​រាងចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេដង​។

បើតាម​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​បរិស្ថាន ចុះទៅ​បង្ក្រាប​ចលនា​ប្រមូលផ្ដុំ បំផុសបំផុល​ក្រុម​អនាធិបតេយ្យ​ប្រមាណ​ជា​ ២៩៥​ នាក់ ក្នុងនោះ​ស្រី ១១៣ ​នាក់ ឱ្យចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ស្ថិត​នៅ​ចំណុច​ខាងលើនេះ​។

បើ​យោងតាម​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃទី ​១៣ ខែមីនា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់ឆ្ការ​លើ​ទីតាំង​ដែលជា​ដី​របស់​រដ្ឋ ដោយ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​រុករាន​កាន់កាប់​ដោយ​ខុសច្បាប់​នោះ​ជាបន្ទាន់​។

ក៏ប៉ុន្តែ បើទោះបី​មានការ​ណែនាំ​ក្ដី ក្រុម​អនាធិបតេយ្យ​ពុំបាន​ស្ដាប់​ឡើយ ជាហេតុ​ធ្វើឱ្យ​ក្រុមការងារ​ត្រូវ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​មេខ្លោង​ជា​បន្តបន្ទាប់​បាន​ចំនួន ​១២​ នាក់ និង​បាន​ដកហូត​វត្ថុតាង​មាន​ចបកាប់​ចំនួន​ ១ ចបជីក​ចំនួន ៥​ ដើម ញញួរ​ចំនួន​ ៣ ​ដើម ពូថៅ​ចំនួន​ ១៨ ​ដើម ដែកគាស់​ចំនួន​ ២ ដែកគោល​ចំនួន​ ៥​ គីឡូ កាំបិតផ្គាក់ ចំនួន​ ២៣ ​ដើម កាំបិត​តូច​ចំនួន​ ៣ តង់​ចំនួន​ ៤ រថយន្ត​ចំនួន​ ៤ ​គ្រឿង និង​ម៉ូតូ​ចំនួន ​២​ គ្រឿង ហើយក៏​កំពុង​បំពេញ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕