ភ្នំពេញៈ អង្គការ Oxfam ធ្វើ​យុទ្ធនាការ​ដែលមាន​ឈ្មោះថា «​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ​» ​ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ទន្លេ ខណៈ​លោក សាយ រំពឹងថា យុទ្ធនាការ​នេះ​នឹង​ពាំនាំ​ផលប្រយោជន៍​ជាច្រើន ដល់​ប្រជាពលរដ្ឋ​នៅតាម​ដងទន្លេ ជាពិសេស​ការបង្កើតឱ្យមាន​កំណើន​ភ្ញៀវទេសចរ​។

លោក​ អ៊ួន បឋម ហៅ​ សាយ គឺជា​បុគ្គល​ម្នាក់ ដែល​ចូលរួម​កិច្ចការ​សង្គម​ដ៏​ល្បីឈ្មោះ ត្រូវ​បាន​អង្គការ Oxfam ជ្រើសរើស​ធ្វើជា​ទូត​សុ​ឆន្ទៈ​ដើម្បី​ចូលរួម​ដឹកនាំ​យុទ្ធនាការ​មួយ ដោយបាន​ដាក់ឈ្មោះថា តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ​។

យុទ្ធនាការ​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ ត្រូវបាន​ប្រកាស​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១០ ​មីនា រហូតដល់​ចុងខែ​មីនា ដែល​ក្នុងអំឡុង​ពេលនោះ លោក​ សាយ និង​ក្រុមការងារ ចាប់​ផ្តើមធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​ចំនួន​ ៣ មាន​ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​ ដើម្បី​ចុះទៅ​ជួប​ដោយផ្ទាល់​ជាមួយ​ប្រជាសហគមន៍​នៅតាម​ដង​ទន្លេ និង​ផ្តិត​រូបភាព​នានា​នៅតាម​តំបន់​ទាំងនោះ​។

លោកស្រី កែវ កណិកា ប្រធាន​គម្រោង​បរិយាប័ន្ន ជំហាន​ ២ នៃ​អង្គការ​អុកស្វាម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ​មីនា​ថា​ក្នុងអំឡុងពេល​យុទ្ធនាការ “​តាម​ដង​ទនេ្ល​មេគង្គ ជាមួយ​សាយ​” រយៈពេល​ ១០ ​ថ្ងៃ​មកនេះ ក្រុមការងារ​បានទទួល​លទ្ធផល​គួរ​ជា​ទីមោទន: ដោយសារ យុទ្ធនាការ​នេះ បាន​ផ្សារភ្ជាប់​ការចូលរួម និង​កិច្ចពិភាក្សា​ប្រកបដោយ​អត្ថន័យ​រវាង​យុវជន និង​សហគមន៍ ដែល​រង​ផលប៉ះពាល់ ជាពិសេស ក្រុម​ជន​ងាយ​រងគ្រោះ​ដូចជា ជន​មាន​ពិការភាព និង​ជនជាតិដើម​ភាគតិច ដែល​ពួកគាត់​ទាំងអស់នោះ​ជា​គោលដៅ​ចម្បង​របស់​គម្រោង​។

លោកស្រី​បាន​បន្តទៀតថា យុទ្ធនាការ​នេះ​បានផ្តល់​ឱកាស​ដល់​សាធារណជន​ទូទៅ ជាពិសេស​យុវជន​បាន​ស្គាល់​បន្ថែម​ពី​ធនធាន និង​សក្តានុពល​របស់​ទន្លេមេគង្គ និង​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​ដង​ទន្លេមេគង្គ តាមរយៈ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយចំនួន​ដែល​មិនសូវមាន​គេ​ស្គាល់ ក៏ដូចជា​បាន​ឈឺឆ្អាល​ពី​ជោគវាសនា​របស់​ទន្លេមេគង្គ​តាមរយៈ​ការ​ស្តាប់​ពី​កង្វល់​របស់​បងប្អូន​ដែល​រស់នៅ​តាម​ដងទន្លេ​អំពី​ការអភិវឌ្ឍ​ទន្លេមេគង្គ និង​ផលប៉ះពាល់​នានា​លើ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ក៏ដូចជា​បាន​ដាស់​ស្មារតី​របស់​ពួកគាត់​ឱ្យ​យកចិត្ត​ទុកដាក់​អភិរក្ស​ធនធាន​ទន្លេមេគង្គ និង​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ដំណើរការ ការធ្វើ​សេចក្តី​សម្រេចចិត្ត ដើម្បី​ជំរុញ​ឱ្យមាន​អភិបាលកិច្ច​ទឹក​ប្រកប​ដោយ​បរិយាប័ន្ន​។ លោកស្រី​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នោះ ក៏មាន​ការចូលរួម​ពី​គណៈប្រតិភូ​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា​ផងដែរ ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ ជីវភាព និង​សកម្មភាព​សង្គម និង​វប្បធម៌​របស់​ប្រជាជន​តាម​ដង​ទន្លេ​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​»​។

យ៉ាងណាក្តី​លោកស្រី កែវ កណិកា បានឱ្យ​ដឹងថា ក្រោយ​ការចុះទៅ​ដោយផ្ទាល់​ជាមួយ​សាយ​នេះ យុទ្ធនាការ​នេះ​នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ​ព្រោះ​បន្ទាប់ពី​ការ​ជិះទូក​តាម​ដង​ទន្លេ​ជាមួយ សាយ ទៅកាន់​ទីតាំង​សំខាន់ៗ​នៅក្នុង​ខេត្ត​ទាំង​ ៣ ​នោះ​រួចមក ក្រុមការងារ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន និង​កិច្ចពិភាក្សា​មួយ ដែលមាន​វត្តមាន សាយ ជា​អ្នកតំណាង​យុទ្ធនាការ​នេះ ខណៈ​សហគមន៍​រងគ្រោះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​​អញ្ជើញ​ចូលរួម​ដើម្បី​ចែករំលែក​ចំណាប់អារម្មណ៍ និង​គំនិត​ផ្តួចផ្តើម​នាពេល​អនាគត សម្រាប់​ទន្លេមេគង្គ​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​សន្និសីទ​សារព័ត៌មាន​នេះ​នឹង​រៀបចំ​ឡើង​នៅ​ពាក់កណ្តាល​ខែមេសា ក៏​ជា​ថ្ងៃ​ដែល​យើង​ប្រកាស​ចាក់ផ្សាយ​ខ្សែ​វីដេអូ ចំនួន​ ៣ ដែល​ផ្តិត​យក​ដំណើរ​ទស្សនកិច្ច​របស់​ សាយ តាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្ត​ទាំង ​៣ ដែល​យើង​បាន​រៀបចំ និង​មាន​តាំងពិព័រណ៍​រូបថត​ដែល​យើង​ឱ្យ​ឈ្មោះថា “Faces of the Mekong People” ឬ​ជា​ភាសា​ខ្មែរ​ថា “​មុខ​របស់​អ្នក​ទន្លេមេគង្គ​”»​។

លោក អ៊ួន បឋម ហៅ​ សាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ​មីនា​ថា ទន្លេមេគង្គ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជីវភាព​រស់នៅ​ហើយ​វា​ក៏​ជា​ប្រភព​ស្បៀង​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ដូច្នេះ យុទ្ធនាការ​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ ដែលមាន​លោក​ជា​អ្នកចូលរួម​នេះ គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​បាន​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​ធនធាន​ដែល​សម្បូរបែប​របស់​​ទន្លេមេគង្គ​ហើយ​លោក​ពេញចិត្ត​អនុវត្ត​គម្រោង​នេះ​។

បន្ថែម​ពីនេះ លោក​ក៏​រំពឹងថា យុទ្ធនាការ​នេះ​ក៏​នឹងចូលរួម​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត មក​ទស្សនា​តាម​តំបន់​កម្សាន្ត​នានា​នៅតាម​ទន្លេមេគង្គ ដើម្បី​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលដ្ឋ​នៅតាម​ដង​ទន្លេ​។

លោក​បាន​រៀបរាប់ថា​៖ «​ខ្ញុំ​សុំឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ​ហ្នឹង គាត់​ឈប់​នេសាទ​ខុសច្បាប់ ឬក៏​ខុស​បច្ចេកទេស​ដូចជា​ការឆក់ និង​បន្ត​នេសាទ នៅ​តំបន់ហាមឃាត់​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ត្រី និង​ធនធាន​ផ្សេងៗ​។ យើង​ចង់ឃើញ​ការនេសាទ​នៅតាម​ដង​ទន្លេ​ធ្វើ​យ៉ាងម៉េច​ឱ្យ​មានការ​សមស្រប​តាម​ច្បាប់ និង​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់​គ្នា​»៕