សៀមរាបៈ យុវជន​ ២ ​នាក់ ក្នុងចំណោម​ ៤ ​នាក់ មាន​វ័យ​ពី​ ១៥-១៧ ​ឆ្នាំ ដែល​ព្រួត​គ្នា​ចាប់រំលោភ​សេពសន្ថវៈ​យុវតី​អាយុ ១៦ ​ឆ្នាំ​ម្នាក់ បានសម្រេច​នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​ ២០ ​មីនា បន្ទាប់ពី​នគរបាល​ចាប់ខ្លួន និង​បញ្ជូន​ដល់​សាលាដំបូង​ខេត្តសៀមរាប​បាន​ ១ ​ថ្ងៃ​។

លោក យិន ស្រាង អ្នកនាំពាក្យ​តុលាការ​ខេត្តសៀមរាប​ឱ្យដឹង​នៅ​ថ្ងៃទី ​២១ មីនា​ថា យុវជន​ត្រូវ​ចោទ​ឈ្មោះ​ ផើង ស៊ីផូ អាយុ ១៦ ​ឆ្នាំ និង​ បាន ប៊ូន អាយុ​ ១៧ ​ឆ្នាំ​ត្រូវបាន​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ២០​ មីនា​។ ពួកគេ​រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែណូយ ស្រុក​វ៉ារិន​។ លោក​ថា​៖ «​ជន​ទាំង ​២ ​នាក់​ត្រូវ​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា ២៤១ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

បើតាម​មាត្រា​ ២៤១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ ប្រសិនបើ​តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧ ដល់​ ១៥ ​ឆ្នាំ​។

លោក សុខ សុខុន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែណូយ ប្រាប់​នៅ​ថ្ងៃទី ​២១ ​មីនា​តាម​សម្តី​របស់​យុវជន​សង្ស័យថា កាលពី​ថ្ងៃទី ​១៧ ខែឧសភា ឆ្នាំ​ ២០២១ និង​ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​ ២០២១ ពួកគេ​មាន​គ្នា​ ៤​ នាក់​ហើយ​បាន​ព្រួត​គ្នា​ចាប់​យុវតី​ម្នាក់​ឈ្មោះ ថ.ប អាយុ ១៦​ ឆ្នាំ រំលោភ​បានសម្រេច​គ្រប់ៗ​គ្នា​នៅក្នុង​ដីឡូត៍​មួយកន្លែង​។ ប៉ុន្តែ​ថ្ងៃក្រោយៗ​មក ពួកគេ​មិនបាន​ធ្វើ​អ្វី​ជាមួយ​នារី​រងគ្រោះ​ទៀត​ទេ​។

លោក​បន្តថា មុន​មាន​រឿងនេះ​កើតឡើង គឺ​នារី​រងគ្រោះ​បាន​រស់នៅ​ជាមួយ​យាយ​របស់​នាង​នៅ​ឃុំ-​ស្រុក​ផ្សេង​មិនបាន​រស់នៅ​ជាមួយ​ម្តាយ​ឪពុក នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែណូយ ស្រុក​វ៉ារិន​ទេ​។ ប៉ុន្តែ​ដោយសារ​យាយ​នាង​គ្រប់គ្រង​លែង​បាន និង​មិន​ស្តាប់​បង្គាប់ការ​ទូន្មាន​ប្រៀនប្រដៅ​របស់​យាយ​ទើបត្រូវ​យាយ​របស់​នាង​យកមក​ប្រគល់ឱ្យ​ម្តាយ​វិញ​នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន​។ ក្រោយពី​យុវតី​រងគ្រោះ​រស់នៅ​ជាមួយ​ម្តាយ​ឪពុក​មិនបាន​ទៀត​ក៏​ម្តាយ​យក​នាង​ទៅ​ដាក់​នៅក្នុង​មណ្ឌល​ស្ត្រី​មាន​វិបត្តិ​ខេត្តសៀមរាប​ហើយក៏​បែកការណ៍​ទើប​ខាង​មណ្ឌល​នាំ​នារី​រងគ្រោះ មក​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី​ ១៩​ មីនា ឆ្នាំ​ ២០២២​។ ពេល​ប្តឹង​នោះ​នារីរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មនុស្ស​ដែល​ចាប់​នាង​រំលោភ មិនមែន​ ២ ​នាក់​ទេ គឺ​ ៤​ នាក់​ឯណោះ​។ បន្ទាប់ពី​សមត្ថកិច្ច​​ទទួលបាន​ព័ត៌មាន​នេះ​មក ក៏​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​យុវជន​សង្ស័យ​បាន​ ២ នាក់ នៅ​ថ្ងៃទី​ ១៩ ​មីនា រីឯ​ ២ ​នាក់​ទៀត​រត់គេចខ្លួន​បាត់​។ «​ទាំង​នារី​រងគ្រោះ​ទាំង​ក្មេង ​៤​ នាក់​នោះ សុទ្ធតែ​មាន​អាយុ​ស្របាលៗ​គ្នា​ពី ​១៥ ​ឆ្នាំ​ដល់​អាយុ ​១៧ ​ឆ្នាំ​។ យើង​ចាប់បាន​ ២ ​នាក់ ឯ​ ២​ នាក់​គេចខ្លួន សមត្ថកិច្ច​កំពុង​តាម​ចាប់​»៕