ព្រៃវែងៈ ​កម្លាំង​ជំនាញ​បោសសម្អាត​គ្រាប់​សំណល់​សង្គ្រាម​ក្រោម​ទឹក​ក្នុង​ទន្លេមេគង្គ​របស់​អង្គភាព​ស៊ីម៉ាក់​បាន​រុករក​ឃើញ និង​ស្រង់​គ្រាប់​មិនទាន់​ផ្ទុះ​ពី​នាវា​ដែល​ដឹកនាំ​គ្រាប់ ហើយ​ផ្ទុះ​លិច​នៅក្នុង​បាតទន្លេ​បាន​ចំនួន​ជិត​ ២០០​ គ្រាប់ ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កាលពី​ថ្ងៃទី​ ១៦-១៧ ខែមីនា ឆ្នាំ​ ២០២២ នៅក្នុង​ភូមិ​ពាមរាំង ឃុំ​ពាមរាំង ស្រុក​ពាមជរ ខេត្តព្រៃវែង​។

លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​)​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែមីនា​ថា គ្រាប់​ជិត​ ២០០​ គ្រាប់​ដែល​កម្លាំង​ជំនាញ​រកឃើញ​ និង​ស្រង់​បាន​ពី​ក្នុង​ទឹក​ក្នុង​ប្រតិបត្តិការ​រយៈពេល ​២ ​ថ្ងៃ​គឺមាន​គ្រាប់​មួយចំនួនធំ ក្នុង​ចំណោម​នោះ​នៅមាន​ប្រសិទ្ធភាព​កម្រិត​ខ្ពស់ ដោយ​គ្រាប់​ទាំងអស់នេះ​ជា​ប្រភេទ​ 76M,29M និង ​100M​។

លោក​បានឱ្យ​ដឹងថា គ្រាប់​ទាំងនេះ​ត្រូវបាន​ដឹកជញ្ជូន​តាម​នាវា​ឆ្លងកាត់​ទន្លេមេគង្គ​​ពី​ប្រទេស​វៀតណាម​យកមកប្រើ​ប្រាស់​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ចន្លោះ​ពី​ឆ្នាំ​ ១៩៧០ ទៅ​ ១៩៧៥ ក៏ប៉ុន្តែ​នាវា​នោះ​ត្រូវបាន​គេ​ទម្លាក់​គ្រាប់បែក​បំផ្ទុះ​ ដើម្បី​ពន្លិច​ចោល ដោយសារតែ​កម្លាំង​ខ្មែរក្រហម​បាន​វាយស្កាត់​ដើម្បី​យក​គ្រាប់​ទាំងនេះ​។ ​ដូច្នេះ​កម្លាំង​ទ័ព​របស់ លន់ នល់ ដែល​ទទួលបាន​ជំនួយ​ និង​គាំទ្រ​ពី​សហរដ្ឋអាមេរិក ក៏បាន​ពន្លិច​នាវា​នេះ​ចោល​នៅ​ទីតាំង​ខាងលើ​តែម្ដង​។

លោក​បាន​ថ្លែងថា​៖ «​កម្លាំង​ជំនាញ​បាន​រកឃើញ​នូវ​ចំណែក​នៃ​នាវា​ធំៗ​។ ​ដូច្នេះ​យើង​សន្និដ្ឋានថា នាវា​នេះ​ត្រូវបាន​បំផ្ទុះ មុនពេល​វា​លិច​ចូលទៅក្នុង​ទឹក​»​។

បើតាម លោក ហេង រតនា ប្រទេស​កម្ពុជា​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ទឹក​​និង​នៅលើ​គោក ដោយសារ​សង្គ្រាម​មាន​រយៈពេល​ជាង​ ៣០​ ឆ្នាំ​។ ដូច្នេះ​បានធ្វើ​ឱ្យមាន​ផលវិបាក​ក្នុងការ​រុករក និង​សម្អាត ដែល​ត្រូវការ​ពេលវេលា​​ច្រើន​បន្ថែមទៀត​។ ​ក្នុង​ប្រតិបត្តិការ​រុករក​គ្រាប់​នេះ​កម្លាំង​ជំនាញ​បាន​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​នៅលើ​គោក​បាន​ចំនួន​ជាង​ ៤​ លាន​គ្រាប់ និង​នៅក្នុង​ទឹក​ក៏​យកបាន​ច្រើន​ដែរ​។

លោក​បញ្ជាក់ទៀតថា ការយក​គ្រាប់​ចេញពី​ក្នុង​ទឹក និង​នៅលើ​គោក​នេះ​ត្រូវ​បានទទួល​គោលការណ៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​សន្តិសុខ​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត និង​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ​ ២០២០ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា​ និង​ដោះស្រាយ​ករណី​​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេមេគង្គ​ដើម្បី​សន្តិសុខ​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

តាម​របាយការណ៍​ចុះ​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​របស់​កម្លាំង​ជំនាញ​បាន​បង្ហាញថា វត្តមាន​នាវាចម្បាំង​ និង​ការគំរាមកំហែង​ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក​ដែល​ត្រូវបាន​លិច​នៅតាម​ដង​ទន្លេមេគង្គ​មាន​ចំនួន ៥ ​ទីតាំង ក្នុងនោះ​ការដ្ឋាន​ទី​ ១ ស្ថិត​ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម​បាន​បិទបញ្ចប់​ក្រោយ​កិច្ចការ​ស្រង់​នាវា​រួចរាល់​។ ​ចំណែក​ ៤​ ទីតាំង​ទៀត​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ស្រុក​ពាមជរ ស្រុក​ពាមរក៍ ខេត្តព្រៃវែង ដែល​នាវា​ទាំងនោះ​បាន​លិច​នៅ​ក្នុងសម័យ​សង្គ្រាមស៊ីវិល​ចន្លោះ​ឆ្នាំ​ ១៩៧០ ដល់​ ១៩៧៥៕