កោះកុងៈ រដ្ឋបាលខេត្ត​កោះកុង​បានដាក់​ឱសានវាទ​នៅត្រឹម​ថ្ងៃទី​ ៣០ ​មីនា​ក្នុង​ការបញ្ឈប់​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ដោយសារ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​យូញៀន​។ ប៉ុន្តែ ប្រជាពលរដ្ឋ​ដែល​នៅសល់​មិនទាន់​ទទួល​យក​ដំណោះស្រាយ​ស្នើសុំ​ឱ្យ​រដ្ឋបាលខេត្ត និង​ថ្នាក់ដឹកនាំ​ពិចារណា​ឡើងវិញ​ចំពោះ​ការផ្តល់​សំណង​គោលនយោបាយ​ដែល​មិន​សមរម្យ​នេះ​។

តាម​សេចក្តី​ជូនដំណឹង ចុះហត្ថលេខា​ដោយ​លោកស្រី​ មិថុនា ភូថង អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ ២០២២ ឱ្យដឹងថា ការដោះស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​យូញៀន (UNION) ទាំង​ ៣​ ប្រភេទ ទី​ ១ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីតាំង​វិនិយោគ​របស់​ក្រុមហ៊ុន​យូញៀន​មាន​ចំនួន ២៤៧ ​គ្រួសារ ទី​ ២ ជា​ប្រជាពលរដ្ឋ​ខុស​ភូមិ ខុស​ឃុំ មាន​ចំនួន ២៥៥​ គ្រួសារ និង​ទី​ ៣ ​ជា​ប្រជាពលរដ្ឋ​ស្នើសុំ​សំណង គោលនយោបាយ​បន្ថែម មាន​ចំនួន ៨៣១​ គ្រួសារ នឹងត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី ​៣០ ខែមីនា ឆ្នាំ​ ២០២២​។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា ដូច្នេះ រដ្ឋបាល​ខេត្តកោះកុង​បានឱ្យ​ប្រជាពលរដ្ឋ​ទាំង​ ៣ ​ប្រភេទ ដែល​មិនទាន់​បានមក​ទទួល​យក​ការដោះស្រាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សូម​មក​ទទួលយក​ការដោះស្រាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ទាន់ពេលវេលា​កំណត់​។

សេចក្តី​ជូនដំណឹង​បាន​ព្រមាន​ថា​៖ «​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ ៣​ ប្រភេទ ខកខាន​មិន​បានមក​ទទួលយក​ការ​ដោះស្រាយ​គោលនយោបាយ​តាម​ពេលវេលា​កំណត់​នេះ​ទេ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ និង​រដ្ឋបាលខេត្ត​កោះកុង​ចាត់ទុកថា​បងប្អូន​ប្រជាពលរដ្ឋ​បោះបង់ចោល​សិទ្ធិ​ទទួលយក​ការដោះស្រាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​រដ្ឋបាល​ខេត្តកោះកុង មិន​ទទួល​ខុសត្រូវ​នូវ​រាល់​ការបាត់បង់​ផលប្រយោជន៍​របស់​បងប្អូន​ឡើយ​»​។

អ្នកស្រី​ សាំង ពុយ តំណាង​ពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​កោះស្ដេច ជាមួយ​ក្រុមហ៊ុន​យូញៀន (UNION) ថ្លែងថា រហូតមកដល់​ពេលនេះ អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​មិនទាន់​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​ប្រមាណ​ជាង ៥០ គ្រួសារ​មិនទាន់​ទទួលបាន​សេចក្តី​ជូនដំណឹង​ពី​រដ្ឋបាល​ខេត្ត​ឱ្យទៅ​ចូលរួម​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​នៅឡើយ​ទេ​។

អ្នកស្រី​បន្តថា ប្រជាពលរដ្ឋ​ជាង​ ៥០ ​គ្រួសារ មិន​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​ក៏​ព្រោះថា ដី​របស់​ពួកគាត់​មាន​ទំហំ​ធំ​ហើយ​គេ​ចែក​ឱ្យ​ក្នុង​ទំហំ​តូច ដែល​វា​មិន​ស្មើភាព​នោះទេ​។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ទទួលយក​ដំណោះ​គោលនយោបាយ​នេះ ព្រោះ​ដី​របស់​ពួកគាត់​មាន​ទំហំ​តូច និង​អ្នក​ខ្លះទៀត ជាពិសេស អ្នក​ដែល​ទើប​បំបែក​គ្រួសារ មិនមាន​ដី​ផ្ទាល់ខ្លួន​។ ដូច្នេះ ពួកគាត់​ទទួលយក​គោលនយោបាយ​នេះ​។ អ្នកស្រី​ថ្លែងថា​៖ «​ពលរដ្ឋ​ដែល​នៅ​សេសសល់ សំណូមពរ​ដល់​គណៈកម្មការ និង​សម្តេច​ពិជ័យ​សេនា​ជួយ​ពិចារណា និង​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ដែល​នៅ​សេសសល់ ឱ្យបាន​សមរម្យ ហើយ​បើ​រដ្ឋបាលខេត្ត កំណត់​ថ្ងៃ​ឱ្យទៅ​ចូលរួម​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​នេះ​វា​ហាក់ដូចជា​ការបង្ខិតបង្ខំ​ប្រជាពលរដ្ឋ​អ៊ីចឹង​»​។

លោក ថោង ច័ន្ទតារា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ADHOC ប្រចាំខេត្ត​កោះកុង ថ្លែង​នៅ​ថ្ងៃទី ២១ មីនា​ថា ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​នេះ នៅសល់​ច្រើន​គ្រួសារ​ព្រោះ​ពួកគាត់ មិន​ទទួលយក​ដំណោះស្រាយ និង​លក្ខខណ្ឌ​របស់​រដ្ឋបាល​ខេត្ត​ដាក់​កំហិត​ខ្លាំងពេក​។ ម្យ៉ាង​ដី​របស់​ពួកគាត់​មាន​ទំហំ​ធំ ប៉ុន្តែ នៅពេល​ដែល​ឱ្យ​ពួកគាត់​វិញ គឺមាន​ទំហំ​តូច​។ ដូច្នេះ​បានជា​ពួកគាត់​មិន​ទទួលយក​។

លោក​ថ្លែងថា​៖ «​លិខិត​ដែល​រដ្ឋបាលខេត្ត​ចេញ​នេះ​តាម​ខ្ញុំ​ដឹង មិនមែន​ជា​លើក​ទី ១ ទេ វា​ចូល ៣ លើក ហើយ​ព្រោះ​ប្រជាពលរដ្ឋ​មិន​ចូលខ្លួន​ទៅ​ទទួលយក​ដំណោះស្រាយ​។ រឿងនេះ យើង​គួរតែមាន​ដំណោះស្រាយ​ដោយឡែក អាជ្ញាធរ​គួរតែ​ចរចា​ដោយផ្ទាល់​ជាមួយ​គ្រួសារ​នីមួយៗ​ទៅតាម​ទំហំ​ដី​ជាក់ស្តែង​របស់​ពួកគាត់ វា​អាច​ចេញ​ជា​ដំណោះ​-​ស្រាយ​ហើយ​។ បើ​គោ​លន​យោ​-​បាយ​គាត់​ដាក់​មក​រឹងកំព្រឹស និង​ឱ្យ​ទទួលយក​គ្រប់គ្នា គឺ​មិនអាច​ទទួលយក​បានទេ​»​។

លោក​ សុខ សុទ្ធី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នោ​ថ្ងៃទី​ ២១​ មីនា​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួល​ដំណោះស្រាយ​គោលនយោបាយ ទាំង​លើក​ទី​ ១ និង​ទី​ ២ មាន​ចំនួន ២ ៥០០ គ្រួសារ និង​នៅសល់​ប្រមាណ​ជា ៧០ គ្រួសារ​ទៀត មិន​ព្រម​ទទួលយក​ដំណោះស្រាយ​គោលនយោបាយ​ ពីព្រោះ​ពួកគាត់​ទាមទារ​សំណង​លើសពី​គោលនយោបាយ​ដែល​ត្រូវ​បានកំណត់​។ «​នេះ ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ទោះ​គាត់​មាន​ដី​ធំ ឬ​ដី​តូច​យ៉ាងណា តែ​រដ្ឋាភិបាល​បានកំណត់​ជា​គោលនយោបាយ បើ​គាត់​អត់​ព្រម​ទទួលយក យើង​មាន​ឱសានវាទ មានន័យថា គាត់​បោះ​បង់ហើយ​។ ក្នុង​នាម​រដ្ឋបាលខេត្ត​អត់​មាន​ដំណោះស្រាយ​លើស​នេះ​ទេ​»៕