ព្រះសីហនុៈ រាជរដ្ឋាភិបាល​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​ ២២ ខែមីនា ដោយ​មជ្ឈមណ្ឌល​នេះ ផ្ដោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នកញៀន​គ្រឿងញៀន ដើម្បី​ឱ្យ​ពួកគេ​មាន​មុខរបរ​ និង​ជំនាញ​ចិញ្ចឹមជីវិត​ច្បាស់លាស់​ពេល​ត្រឡប់​ទៅកាន់​សហគមន៍ ឬ​គ្រួសារ​វិញ​។

លោក ឌីន បូរី ប្រធាន​នាយកដ្ឋាន យុវនីតិសម្បទា​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្លែងប្រាប់​ភ្នំពេញ-​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ២០ មីនា​ថា មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍ ស្ថិតនៅ​ភូមិ​ម៉ុងឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​។

មជ្ឈមណ្ឌល​នេះ​មាន​អគារ​សម្រាប់​ជនរងគ្រោះ និង​មន្ដ្រី​ស្នាក់នៅ អគារ​សម្រាប់​ព្យាបាល អគារ​សម្រាប់​បណ្ដុះបណ្ដាល​ និង​អគារ​សំខាន់ៗ​មួយចំនួនទៀត ដែល​បាន​សាងសង់​ឡើងលើ​ផ្ទៃដី​ប្រមាណ​ ២០ ​ហិកតា​។ មជ្ឈមណ្ឌល​នេះ សាងសង់ឡើង​ដោយ​ទទួលបាន​ជំនួយ​ពី​ប្រទេស​ថៃ វៀតណាម និង​ថវិកា​របស់​រាជរដ្ឋាភិបាល សរុប​ប្រមាណ ៧ លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​មជ្ឈមណ្ឌល​នេះ យើង​នឹង​យក​អ្នកញៀន​គ្រឿងញៀន​ដែល​បាន​ស្ដារនីតិសម្បទា​រួចហើយ​បាន​រយៈពេល ៦ ខែ​រួច​ពី​មណ្ឌល​បណ្ដោះអាសន្ន រាជធានី ខេត្ដ​មក​ស្ដារ​ទីនេះ​។ ការស្ដារ​នៅទីនេះ​គឺ​យើង​យក​ជនរងគ្រោះ​មក​បណ្ដុះបណ្ដាល​រយៈពេល ២ ឆ្នាំ ទើប​ឱ្យ​ពួកគេ​ត្រឡប់​ទៅកាន់​សហគមន៍ ​ឬ​គ្រួសារ​វិញ​»​។

លោក បូរី បញ្ជាក់ថា នៅ​មជ្ឈមណ្ឌល​នេះ មានកម្ម​វិធី​ស្ដារ​នីតិសម្បទា​ជនរងគ្រោះ តាមរយៈ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជំនាញ​សម្រាប់​ប្រកបរបរ​ចិញ្ចឹមជីវិត​ដោយបាន​សហការ​គ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​គ្រឿងញៀន​។

លោក​បន្តថា នៅ​មជ្ឈមណ្ឌល​នេះ​ក៏មាន​កម្មវិធី​អប់រំ​ផ្លូវចិត្ដ និង​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាច្រើន​ទៀត​។ ជនរងគ្រោះ​មុននឹង​ឈានទៅដល់​ការបណ្ដុះបណ្ដាល គឺ​ត្រូវ​សិក្សា ប៉ាន់ប្រមាណ​លើ​ចំណេះដឹង​ និង​សមត្ថភាព​របស់​ពួកគេ ដើម្បីឱ្យ​ប្រាកដថា ពួកគេ​ត្រូវ​បណ្ដុះបណ្ដាល​លើ​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​។

បើតាម​លោក​ បូរី តាម​គម្រោង​របស់​ក្រសួង​ពាក់ព័ន្ធ ក្រៅពី​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​រួចហើយ ក្រសួង​ក៏មាន​គម្រោង​ស្វែងរក​ការងារ​ធ្វើ ដល់​ពួកគេ​បន្ថែមទៀត ក្រោយ​ពួកគេ​បញ្ចប់​ការបណ្ដុះបណ្ដាល និង​បន្ត​តាមដាន​ពួកគេ ក្រោយពី​បាន​ត្រឡប់​ទៅកាន់​សហគមន៍​ ឬ​គ្រួសារ​វិញ​ថែមទៀត​។

លោក​ឱ្យដឹងថា តាម​គោលការណ៍ ដែល​បានសម្រេច​មជ្ឈមណ្ឌល​នេះ​នឹង​ទទួល​ជន​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ពី​មណ្ឌល​បណ្ដោះអាសន្ន​រាជធានី ខេត្ដ មក​បណ្ដុះបណ្ដាល​ជំនាញ វិជ្ជាជីវៈ​ក្នុង​ជំហាន​ដំបូង​នេះ​មាន​ចំនួន​ប្រមាណ​ជាង ១០០ នាក់ និង​នៅ​ថ្ងៃ​អនាគត​បង្កើន​ដល់ ២ ពាន់​នាក់​។

លោក កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​ ១៨ ខែមីនា បាន​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ឯកសារ​សម្រាប់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២២​។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក កែ គឹមយ៉ាន​បាន​ណែនាំ​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅតាម​​សហគមន៍ ក៏ដូចជា​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ឱ្យដឹងថា ការសម្ពោធ​មជ្ឈមណ្ឌល​នេះ​នឹងធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក​ កែ គឹមយ៉ាន​។

លោក​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​នេះ​គឺ​ដើរតួនាទី​សំខាន់​ណាស់ វា​ជា​កន្លែង​ព្យាបាល​ដល់​ជន​រងគ្រោះ​ផង​ និង​ជា​កន្លែង​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារ​នីតិសម្បទា​ដល់​ជនរងគ្រោះ​ដែល​ញៀន​គ្រឿងញៀន​ហើយនឹង​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅកាន់​សហគមន៍ ឬ​គ្រួសារ​របស់​ពួកគេ​វិញ​ក្រោយពី​បណ្ដុះបណ្ដាល​​រួចរាល់​»​។

លោក​ សម សភា ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា នៅ​ខេត្ដ​ព្រះសីហនុ អ្នកញៀន​គ្រឿងញៀន​ដែល​កំពុង​ព្យាបាល និង​ស្ដារនីតិសម្បទា​មាន​ជាង​ ៧០ នាក់​ដែល​នឹងត្រូវ​ធ្វើការ​ស្ដារនីតិសម្បទា​ឡើងវិញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បញ្ជូន​ជនរងគ្រោះ ដែលជា​អ្នកញៀន​គ្រឿងញៀន ដែល​កំពុង​ព្យាបាល និង​ស្ដារនីតិសម្បទា​ទៅ​បណ្ដុះបណ្ដាល​បន្ថែមទៀត ក្រោយពេល​ពួកគេ​បាន​ព្យាបាល​សះស្បើយ​នាពេលខាងមុខ​»​។

លោក​ឱ្យដឹងថា មជ្ឈមណ្ឌល​ជាតិ​នេះ​មាន​កិច្ចសហការ​ពី​ស្ថាប័ន ៣ ធំៗ គឺ ទី ​១ ក្រសួង​សង្គមកិច្ច ជា​អ្នកផ្ដល់​សេវា​ស្ដារនីតិសម្បទា អប់រំ ពិគ្រោះ​យោបល់ និង​បំណិន​ជីវិត​ដល់​អ្នកញៀន​គ្រឿងញៀន​។ ទី​ ២ ក្រសួងសុខាភិបាល ជា​អ្នកផ្ដល់​សេវា​ព្យាបាល​តាម​ផ្នែក​វេជ្ជសាស្ដ្រ​។ ទី​ ៣ ​ក្រសួង​ការងារ​គឺជា​អ្នក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្ដល់​ជំនាញ​ពិតប្រាកដ​ឱ្យទៅ​ជនរងគ្រោះ​ ដើម្បីឱ្យ​ពួកគេ​មានមុខ​របរ​ត្រឹមត្រូវ​។

បើតាម​លោក សភា អ្នកញៀន​គ្រឿងញៀន​ដែល​អាច​ទទួល​យកមក​មជ្ឈមណ្ឌល​នេះ​បណ្ដុះបណ្ដាល​បាន គឺជា​អ្នក​ដែល​បាន​ព្យាបាល​ដោយ​វេជ្ជសាស្ដ្រ និង​ស្ដារនីតិសម្បទា​ (​ស្តារ​នីតិសម្បទា​ផ្នែក​រាងកាយ​ និង​បញ្ញា​ស្មារតី​) ​។ ដូច្នេះ​ដើម្បី​ទទួលបាន​ការបណ្ដុះបណ្ដាល​នេះ លុះត្រាតែ​អ្នកញៀន​គ្រឿងញៀន​នោះបាន​ព្យាបាល និង​ស្ដារ​នីតិសម្បទា​ជាសះស្បើយ​ហើយ​មាន​ភាពរឹងមាំ​អាច​ទទួលយក​ការបណ្ដុះបណ្ដាល​បាន ទើប​អាច​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​មជ្ឈមណ្ឌល​នេះ​៕