សៀមរាបៈ ​មន្ត្រី​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​ប្រភេទ​រុក្ខជាតិ​កេសរ​កូល​ព្រៃ ​(​អ័រគីដេ​) នៅក្នុង​ខេត្តសៀមរាប ខណៈ​រកឃើញ​ចំនួន ១៨០ ប្រភេទ​កាលពី​សប្តាហ៍​មុន នៅក្នុង​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​ក្នុងស្រុក​វ៉ារិន​នៃ​ខេត្តសៀមរាប​។

លោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បានឱ្យដឹង​នៅ​ថ្ងៃទី ​២១ ខែមីនា​ថា កាលពី​សប្តាហ៍​មុន ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ស្រាវជ្រាវ​ប្រភេទ​រុក្ខជាតិ​កេសរ​កូលព្រៃ ដោយមាន​ការសហការ​ចូលរួម​ជាមួយ​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ រកឃើញ រុក្ខជាតិ​កេសរកូល​ព្រៃ ចំនួន ១៨០ ​ប្រភេទ​។ ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​កំពុង​បន្ត​ការងារ​ស្រាវជ្រាវ​ថែមទៀត​ក្នុង​ខេត្ត​សៀមរាប មុននឹង​បន្តទៅ​តំបន់​នៃ​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​យក​លទ្ធផល​មក​ធ្វើការ​បោះពុម្ព​ជា​សៀវភៅ ជា​បន្តបន្ទាប់ ហើយ​ក្នុង​សៀវភៅ​នេះ​អាច​នឹង​បង្ហាញ​ពី​ប្រភេទ​ផ្សេងៗ​នៅតាម​តំបន់​ដែល​បាន​ស្រាវជ្រាវ​ហើយ​នោះ​។

លោក​ថ្លែងថា​៖ «​យើង​កំពុងតែ​សិក្សា​តាម​តំបន់​ដែល​ខាង​រដ្ឋបាល​ព្រៃឈើ​យើង​គ្រប់គ្រង តាម​សហគមន៍​ព្រៃឈើ តាម​ចម្ការ​ពូជ​គ្រញូង ចម្ការ​ពូជ​ធ្នង់​ដើម្បី​ដឹងថា តើ​ ១​ កន្លែង​យើង ឧបមា​ថា ក្នុង​ចម្ការ​គ្រញូង​ខ្ញុំ​មាន​កេសរ​កូល​ហ្នឹង​ប៉ុន្មាន​ប្រភេទ​ឥឡូវនេះ​យើង​រក​អត់​ទាន់​អស់​ទេ យើង​អត់​ហ៊ាន​ឆ្លើយ​ប្រាប់ថា ក្នុង​ ១​ តំបន់​ខ្ញុំ​មាន​ប៉ុន្មាន​ប្រភេទ​ទេ​»​។

លោក​ ម៉ុង ប៊ុនលីម ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ រដ្ឋបាល​ព្រៃឈើ​បាន​បោះពុម្ព​សៀវភៅ ១ ​ក្បាល​ជា​លើកដំបូង ដែល​បញ្ជាក់​ពី​ការរកឃើញ​កេសរ​កូល​ចំនួន​ ៥០០ ​ប្រភេទ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ក្នុង​សៀវភៅ​នោះ​បាន​បង្ហាញ​អំពី​ប្រភេទ មាន​ស្លឹក មាន​កញ្ចុំផ្កា កញ្ចុំ​ឫស មាន​តួ​ដើម​ទាំងអស់ ប៉ុន្តែ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្រោយនេះ នឹង​ចេញ​ជា​សៀវភៅ​ដែល​បង្ហាញ​អំពី​កេសរកូល​តាម​តំបន់​វិញ​។

លោក​ថ្លែងថា​៖ «​សៀវភៅ​ក្រោយនេះ​ប្រហែលជា​គេ​ធ្វើ​ចែក​តំបន់ ឧបមាថា សៀមរាប​មាន​ប៉ុន្មាន​ប្រភេទ អាហ្នឹង​ជា​តំបន់​ខេត្តសៀមរាប​ទៅ ហើយ​មណ្ឌលគិរី គេ​មាន​ប្រភេទ​អី គេ​ចែក​តាម​តំបន់​ហ្នឹង​ទៅ ហើយ​តំបន់​ឈូង​សមុទ្រ​នោះ មាន​ស្អី​ខ្លះ ស្រណុក​គេ​និយាយថា បើ​ប្រភេទ​នេះ ត្រូវ​ទៅរក​នៅទីនេះ ប្រភេទ​នោះ ទាល់តែរ​កនៅ​ទីនោះ​បាន​មាន​»​។

លោក​ ប៊ុនលីម បាន​បញ្ជាក់ថា ដើម​រុក្ខជាតិ​កេសរកូល មាន​រាប់រយ​ប្រភេទ ដែល​មិនអាច​ធ្វើការ​រៀបរាប់​អស់​ដោយ​ការនិយាយ​បានទេ​។ លោក​បន្តថា​កេសរកូល​ខ្លះ មាន​ផ្កា​ចេញមក​ដូចជា​ផ្កាឈូក ខ្លះ​ជា​កេសរ​កូល​ចំពុះ​សេក កេសរ​កូល​ផ្កាថ្ម កេសរ​កូល​បំពង់ស្រមោច និង​កេសរកូ​ល​ស្រទាប់​ឆត្រ ជាដើម​។

អ្នកស្រី​ ឈឿន សុឌី ប្រធាន​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែមីនា​ថា សហគមន៍​ចង្ក្រាន​រយ​មាន​ផ្ទៃដី​ជាង ៩ ១០០ ​ហិកតា​ជាទី​កន្លែង​ដែលមាន​ដើម​កេសរ​កូល​មាន​ដុះ​ច្រើនជាងគេ ហើយ​ក្នុងអំឡុង​សប្តាហ៍​មុន​អ្នកស្រី​បាន​ជូន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះទៅ​រកមើល​ដើម​កេសរ​កូល​ផងដែរ​។ ដើម​កេសរកូល​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ មកលេង​កម្សាន្ត​ដោយ​ដើរ​ទស្សនា​សម្រស់​ផ្កា​នៅតាម​ព្រៃភ្នំ​។ ក្រៅពី​កេសរកូល សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​ក៏មាន​ទីកន្លែង​បោះតង់ កន្លែង​ទឹកធ្លាក់ កន្លែង​មើល​សត្វ​ស្លាប​មើល​មេអំបៅ​មើល​ផ្ទាំង​ថ្ម ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​រកប្រាក់​ចំណូល​បាន​សមរម្យ​តាមរយៈ​ការជូន​ភ្ញៀវ​កម្សាន្ត​ក្នុងព្រៃ លក់​ផលិតផល​កែច្នៃ​ដោយ​ដៃ ម្ហូបអាហារ ឱសថ​បុរាណ និង​ស្រា​ជនជាតិដើម​ភាគតិច​ជាដើម​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខាង​សហគមន៍​យើង​គាត់​រកចំណូលបាន​តាម​របៀប​ជូន​ភ្ញៀវ​មើល​ព្រៃឈើ​ខ្លះ​ជូន​ភ្ញៀវ​មើល​សត្វ​ស្លាប​ខ្លះ​គាត់​ធ្វើ​ម្ហូប​ខ្លះ​កែច្នៃ​ផលិតផល​លក់​ខ្លះទៀត​ប្រមូល​ឱសថ​បុរាណ ហើយ​គាត់​លក់​តំបែ​លក់​ស្រា​ជនជាតិដើម​ភាគតិច​» ។

ប្រធាន​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​រូបនេះ​បាន​អំពាវនាវ​ឱ្យ​ភ្ញៀវទេសចរ​អញ្ជើញ​ទៅលេង​កម្សាន្ត​ក្នុង​សហគមន៍​ឱ្យបាន​ច្រើន​ជាពិសេស​ក្នុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ ដោយសារ​តែ​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​កូវីដ​ ១៩ បាន​ល្អប្រសើរ​ឡើងវិញ ហើយ​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​ប្រទេស​ធម្មតា​វិញ​ហើយ ៕