
លោក កែ គឹមយ៉ាន កាត់ខ្សែបូក្នុងពិធីសម្ពោធ។ រូបថត NACD
ព្រះសីហនុៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើសមាហរណកម្ម អ្នកញៀនគ្រឿងញៀនចំនួន ៧ ៤៨២ នាក់ចេញពីមណ្ឌលនៅក្នុងឆ្នាំ ២០២១ ក្នុងចំណោមអ្នកញៀនគ្រឿងញៀនសរុប ១៦ ២៦៤ នាក់ នៅតាមមណ្ឌលនានានៅទូទាំងប្រទេស ដែលបានគ្រប់គ្រងដើម្បីបន្សាបគ្រឿងញៀន។
យោងតាមសុន្ទរកថារបស់ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងក្នុងពេលធ្វើជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនាថ្ងៃទី ២២ ខែមីនានេះ។ ពិធីនេះមានការចូលរួមពីប្រតិភូព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងប្រតិភូសាធារណរដ្ឋសង្គម-និយមវៀតណាម ដឹកនាំដោយលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំកម្ពុជា រួមនឹងមន្ដ្រីរាជការ ពលរដ្ឋ សិស្សានុសិស្សជាង ៥០០ នាក់។
លោក កែ គឹមយ៉ាន បានឱ្យដឹងថា មកដល់ពេលនេះកម្ពុជាបានដាក់ឱ្យដំណើរការសេវាពិនិត្យព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន សរុបទាំងអស់ ៤៥៤ កន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះមានមន្ទីរពេទ្យជាតិ ២ កន្លែង មន្ទីរពេទ្យបង្អែក ៩៨ កន្លែង និងមណ្ឌលសុខភាព ៣៥៥ កន្លែង។ ក្រៅពីសេវាព្យាបាលតាមសហគមន៍នេះ កម្ពុជាក៏មានមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋ ឯកជន និងអង្គការចំនួន ១៨ ក្នុងនោះរដ្ឋ ១១ ឯកជន ៣ អង្គការ ៤ មជ្ឈមណ្ឌលផងដែរ។
លោកថ្លែងថា៖ «ក្នុងឆ្នាំ ២០២១ កន្លងមកនេះ យើងគ្រប់គ្រងអ្នកញៀនគ្រឿងញៀនបានចំនួន ១៦ ២៦៤ នាក់ ដែលក្នុងនោះអ្នកដែលកំពុងបន្តធ្វើការបន្សាបតាមមណ្ឌលមានចំនួន ៣ ០៤៩ នាក់ អ្នកដែលបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ៥ ១២៤ នាក់ និងអ្នកដែលបានធ្វើសមាហរណកម្មចេញពីមណ្ឌលបន្សាបមានចំនួន ៧ ៤៨២ នាក់ អ្នកប្រើប្រាស់ គ្រឿងញៀនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបានបញ្ជូនទៅពន្ធនាគារចំនួន ៦០៩ នាក់»។
លោក កែ គឹមយ៉ាន ថ្លែងថា គ្រឿងញៀនគឺជាបញ្ហាសកលតែងតែបានបង្ក និងយាយីដល់សង្គម សេដ្ឋកិច្ច នយោបាយ សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍធនធានមនុស្ស ហើយបច្ចុប្បន្ននិន្នាការនៃការផលិត ចរាចរណ៍ ជួញដូរគ្រឿងញៀននៅក្នុងតំបន់ និងពិភពលោកនៅតែបន្តមានការកើនឡើងគួរឱ្យព្រួយបារម្ភ និងប្រកបដោយហានិភ័យខ្ពស់ទោះបីក្នុងស្ថានភាពវិបត្តិកូវីដ ១៩ ក៏ដោយតម្រូវការគ្រឿងញៀនសំយោគមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាមម្សៅ ខណៈពេលដែលការផលិត និងចរាចរគ្រឿងញៀនសំយោគប្រភេទមេតំហ្វេតាមីនចេញពីតំបន់នានា ពិសេសត្រីកោណមាសឆ្លងកាត់បណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទៅកាន់ទីផ្សារប្រើប្រាស់គ្រឿងញៀនកាន់តែមានភាពស្មុគស្មាញ និងនៅតែបន្តកើនឡើងឥតឈប់ឈរ។
លោកថ្លែងថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តសកម្មភាព ខ្លាំងក្លា ដោយធ្វើការផ្លាស់ប្តូររូបភាពនៃការជួញដូរជាបន្តបន្ទាប់ រួមជាមួយនឹងការប្រើប្រាស់វិធីសាស្ត្រថ្មីៗក្នុងការចរាចរសារធាតុគីមីផ្សំដ៏ច្រើនលើសលប់ ដើម្បីបង្វែរទៅជាការផលិតគ្រឿងញៀន ខុសច្បាប់ រួមនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមឧក្រិដ្ឋជន ដើម្បីទំនាក់ទំនងចរាចរគ្រឿងញៀនតាមប្រព័ន្ធអនឡាញនៅទូទាំងពិភពលោក។
លោក កែ គឹមយ៉ាន បញ្ជាក់ថា៖ «កត្តាទាំងអស់នេះបានធ្វើឱ្យកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងពីបញ្ហាសកលនេះ។ តែទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក៏នៅតែបន្តអនុវត្តសកម្មភាពរបស់ខ្លួនជាប្រចាំជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនដោយបានប្រើគ្រប់លទ្ធភាព មធ្យោបាយ និងគ្រប់យន្តការទាំងយន្តការជាតិ និងអន្តជាតិ»។
លោក ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានគណៈកម្មាធិការសាងសង់ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិនេះ បានថ្លែងថា មជ្ឈមណ្ឌលជាតិ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ និងទើបបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះ។
លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ដែលបានចូលរួមផ្ដល់ជំនួយសាងសង់មជ្ឈមណ្ឌលនេះដែរបានថ្លែងថា ជំនួយនេះ ជាការចូលរួមរឹតចំណងមិត្តភាពសាមគ្គីភាពកម្ពុជា-វៀតណាមខួបលើកទី ៥៥។ ចំណែក លោក ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃបានថ្លែងថា ការចូលរួមជួយសាងសង់ មជ្ឈមណ្ឌលជាតិនេះ ក៏ដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាពខួប ៧០ ឆ្នាំ កម្ពុជា-ថៃផងដែរ។
លោក វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ការកសាងមជ្ឈមណ្ឌលជាតិពិតនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើការជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក៏ដូចជាផែនការជាតិ ៥ ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០១៩-២០២៣ ពង្រឹងប្រសិទ្ធភាពព្យាបាល៕