
ការបើកសវនាការរបស់ក្រុមប្រឹក្សាជំនុំជម្រះ (គជប) ពីថ្ងៃទី ២២ មីនា។ រូបថត គ.ជ.ប.
ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀនចេញពីសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់លោក ម៉ៅ មុន្នី ដែលជាពលរដ្ឋម្នាក់កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាប្រធាន គ.ជ.ប នៅថ្ងៃទី ២២ ខែមីនាបានឱ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទួលស្វាយព្រៃទី ១ ត្រូវបដិសេធ និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី ១ ព្រមទាំងដកហូត និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងសេចក្ដីសម្រេចរបស់ គឃ.សប (ទ.១០០៨) នៃគណបក្សភ្លើងទៀនសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សេចក្តីសម្រេចនេះបន្តថា «សេចក្តីសម្រេចនេះជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នៅចំពោះមុខគូភាគី និងមេធាវីតំណាង ជាសេចក្ដីសម្រេច ស្ថាពរបិទផ្លូវតវ៉ា»។
លោក សោម សូរីដា អ្នកនាំពាក្យ (គជប) ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២២ ខែមីនា ថា នៅព្រឹកថ្ងៃទី ២២ ខែមីនា គជប បានបើកសនាវការពាក់ព័ន្ធនឹងបណ្តឹងលេខ ០៥១ របស់លោក ម៉ៅ មុន្នី ដែលបានប្តឹងមក (គជប) ដើម្បីលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃ ១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២។
លោកបានបន្តថា នៅក្នុងបណ្តឹង លោក ម៉ៅ មុន្នី បានចោទប្រកាន់ទៅលើបញ្ជីបោះឆ្នោតរបស់គណបក្សភ្លើងទៀនថា ពុំមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យ គ.ជ.ប ទទួលស្គាល់ ក្នុងដំណើរការបោះឆ្នោតនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះទេ។ បន្ទាប់ពីបានពិនិត្យមើលលើអង្គហេតុលើពាក្យសុំចុះបញ្ជី រួមជាមួយនឹងឯកសារដែលភ្ជាប់ រកឃើញមានភាពមិនប្រក្រតីគឺប្រវត្តិរូបរបស់បេក្ខជនចំនួន ៤ នាក់ដែលគណបក្សភ្លើងទៀនបានបំពេញ និងចុះហត្ថលេខា ដែលផ្ទុយនឹងមាត្រា ៤២ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលតម្រូវឱ្យបេក្ខជនជាអ្នកបំពេញផ្ទាល់ដៃ ឬចុះហត្ថលេខា និងផ្តិតមេដៃដោយផ្ទាល់ដៃ។
បើតាម លោក សោម សូរីដា នៅពេលឯកសារស្នើសុំចុះបញ្ជីនេះត្រូវបានរៀបចំមិនត្រឹមត្រូវតាមស្មារតីមាត្រា ៤២ គណៈកម្មការជាតិរៀបចំការបោះឆ្នោត សម្រេចយល់ព្រមតាមបណ្តឹងរបស់លោក ម៉ៅ មុន្នី ដោយដកហូត និងបដិសេធពាក្យសុំចុះបញ្ជីរួមជាមួយលុបឈ្មោះគណបក្សភ្លើងទៀនមិនឱ្យឈរឈ្មោះនៅក្នុងសង្កាត់ទួលស្វាយព្រៃទី ១ នោះទេ។
លោកថ្លែងថា៖ «នៅក្នុងសេចក្តីសម្រេចរបស់ (គជប) នេះ ត្រូវបានប្រកាសជាសាធារណៈ និងជាសេចក្តីសម្រេចស្ថាពរ និងបិទផ្លូវតវ៉ា។ បើយើងមើលជាទូទៅ គឺបណ្តឹងនៃការលុបបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះនេះ គឺជាករណីលើកទី ១ ផ្សេងពីករណីបណ្តឹងកន្លងមកដែលពាក់ព័ន្ធតែលើការបដិសេធបេក្ខជនឈរឈ្មោះបោះឆ្នោតទេ ដែលមានន័យថា បណ្តឹងមុនៗគឺបដិសេធបេក្ខជនពុំមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឈរឈ្មោះបោះឆ្នោត»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែមីនាថា គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងសង្កាត់ទួលស្វាយព្រៃទី ១ តាមបណ្តឹងរបស់សមាជិកគណបក្សប្រជាជនលោក ម៉ៅ មុន្នី ដែលក៏ជាបេក្ខជនម្នាក់ក្នុងសង្កាត់នេះដែរ។
យ៉ាងណាក្ដី លោកថា លោកមិនជំទាស់នឹងការសម្រេចនេះ មិនឱ្យឈរឈ្មោះបេក្ខជន ៤ រូបដែលត្រូវបានប្តឹងនោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងអ្នកផ្សេងទៀតដែលមិនដឹងអ្វីសោះ តែត្រូវលុបឈ្មោះពីបញ្ជីដែរ ហើយថែមទាំងបិទផ្លូវតវ៉ាទៀត ដែលនេះជាភាពអយុត្តិធម៌សម្រាប់គណបក្សភ្លើងទៀន។
លោកថ្លែងថា៖ «បេក្ខជនទាំងអស់មាន ១៨ រូប ប៉ុន្តែមានតែ ៤ រូបទេដែលត្រូវគេប្តឹង។
បើកំហុសមានតែ ៤ រូប គួរតែលុបតែ ៤ រូបនេះបានហើយ ទុក ១៤ រូបផ្សេងទៀតទៅ ព្រោះពួកគាត់មិនបានដឹង ហេតុអ្វីបានជាលុបគាត់ចេញដែរ។ នេះគឺជារឿងអយុត្តិធម៌មួយដែរ និងមិនអាចទទួលយកបាន ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះគឺប្តឹងដោយបេក្ខជនគណបក្សប្រជាជនថែមទៀត»។
ទោះជាយ៉ាងណា លោក ម៉ៅ មុន្នី បានថ្លែងពេលសវនាការថា លោកប្ដឹងនេះ គឺក្នុងនាមជាពលរដ្ឋមានសិទ្ធិបោះឆ្នោតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ហើយលោកទទួលស្គាល់ពាក្យបណ្ដឹង និងកំណត់ហេតុសាកសួរដែលគណៈលេខាធិការសវនាការបានអាន ហើយលោកពុំមានអង្គហេតុថ្មីបន្ថែមទៀតទេ និងថាលោកនៅតែរក្សាកម្មវត្ថុនៃបណ្ដឹងសុំបដិសេធបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់គណបក្សភ្លើងទៀនចេញពីសង្កាត់ទួលស្វាយព្រៃទី ១ ដដែល៕
វីដេអូ៖