ភ្នំពេញៈ កម្ពុជា​បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​លើក​ទី​ ២ នៅ​ទូទាំងប្រទេស នា​ថ្ងៃទី ​២២ ខែមីនា​ឆ្នាំ​ ២០២២​ក្រោម​ប្រធានបទ «​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​អូមីក្រុង ឆ្លង​លឿន​ខ្លាំង​ជាង​មុន​អាច​បង្កឱ្យមាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​អ្នក និង​គ្រួសារ​» ខណៈដែល​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​នេះ​មាន​រហូតដល់​ជាង​ ៥០ ​នាក់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​លើកឡើងថា វីរុស​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង​បាន​ចូលមកក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២១ ​ដែល​រហូតមក​ដល់ពេលនេះ ករណី​ឈឺ និង​ស្លាប់​នៅតែ​រកឃើញ​មាន​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​។ គិត​ចាប់ពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ១២ ខែមីនា ឆ្នាំ​ ២០២២ កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង សរុប​ទាំងអស់​ចំនួន ១៣ ៥៦១ ​នាក់ និង​មាន​អ្នកស្លាប់​ចំនួន​ ៥១ ​នាក់​។

ក្រសួង​សុខាភិបាល​សង្កត់ធ្ងន់​ថា​៖ «​យោងតាម​លទ្ធផល​នេះ បង្ហាញ​ឱ្យ​យើង​ឃើញថា ប្រសិនបើ​បុគ្គល​នៅតែ​បន្ត​មាន​ការធ្វេសប្រហែស វីរុស​អូមីក្រុង និង​បន្ត​រាតត្បាត​វាយលុក​ចូលក្នុង​សហគមន៍​របស់​យើង ដែល​ទាមទារ​ឱ្យមាន​វិធាន​ការរួម​ផ្សំគ្នា​ជាច្រើន និង​ទាមទារ​ឱ្យ​មានការ​រួបរួមគ្នា ដើម្បី​អាច​ទប់ស្កាត់​ការចម្លង​នេះ​បាន​»​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩ «៣ ​ការពារ​ និង​ ៣​ កុំ​» បូករួម​នឹង​ការចាក់​វ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ និង​ដូស​ទី​ ៤ ​នៅពេល​ដែល​ដល់​វេន​ត្រូវ​ចាក់​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​ថ្លែង​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ថា ការធ្វើ​យុទ្ធនាការ​នេះ​ ដើម្បី​ក្រើនរំឭក ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការទទួល​ខុសត្រូវ​​របស់​បុគ្គល គ្រួសារ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ចូលរួម​សហការគ្នា​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវីដ​ ១៩​។

លោកស្រី​មានប្រសាសន៍ថា៖ «​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ទស្សនៈ និង​ការយល់ច្រឡំ​មួយចំនួន​ដែល​យល់ថា វីរុស​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង គឺជា​ជំងឺ​ស្រាលៗ​ដូច​ទៅនឹង​ជំងឺ​ផ្តាសាយ​ធម្មតាៗ ប៉ុន្តែ​តាម​លក្ខណពិសេស​របស់​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង​នេះ គឺ​មិនមែនជា​ជំងឺ​សាមញ្ញ​ពេក​នោះឡើយ​»​។

នាឱកាស​នោះដែរ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ក៏បាន​ថ្លែង​ដែរ​ថា ជំងឺ​កូវីដ​ ១៩ ​នេះ មិនទាន់​ចប់​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​នៅតាម​ប្រទេស​នីមួយៗ​ដែល​ដាក់ចេញ នោះ​ជំងឺ​រាតត្បាត​នេះ​នឹង​អាច​ចប់​ទៅក្នុង​ពេលណា​មួយ​ជាមិនខាន​។

លោកស្រី​បន្ថែមទៀតថា សកម្មភាព​រួមគ្នា​នៅថ្ងៃនេះ​នឹង​ជួយ​ទប់ស្កាត់​មិនឱ្យ​មានការ​ឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃស្អែក និង​ក្នុង​ពេលអនាគត​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ឆ្លើយតបបាន​យ៉ាង​ល្អ ចំពោះ​ការកើនឡើង​នូវ​ករណី​នៃ​កូវីដ​ ១៩ ដោយ​គ្រប់គ្នា​រាប់​តាំងពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​រហូត​ដល់​បុគ្គលិក​ថែទាំ​សុខភាព និង​បុគ្គល​ម្នាក់ៗ ចំពោះ​ការខិតខំ​ប្រឹងប្រែង​នៅ​ទូទាំងប្រទេស​ដែល​ធ្វើឱ្យមាន​លទ្ធផល​ដល់​ការការពារ​ខ្លួន​យើង សហគមន៍ និង​ជន​ងាយ​រងគ្រោះ​ពី​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

នាឱកាស​នោះដែរ តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត ក៏បាន​លើកឡើង​ផងដែរ​ថា ភាពជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ គឺ​យុទ្ធនាការ​សុខភាព​សាធារណៈ​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត និង​លក្ខណៈ​ទូលំទូលាយ រាប់ទាំង​វីដេអូ និង​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​គ្រប់​សហគមន៍​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ដើម្បី​ការពារ​គ្រួសារ​របស់​យើង សហគមន៍​របស់​យើង និង​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ​បំផុត យើង​មិនត្រូវ​បោះបង់​ចោលការ​អនុវត្ត​ល្អៗ​ដែលនាំឱ្យ​យើង​ទទួល​បាន​នូវ​ស្ថានភាព​ល្អប្រសើរ​នៅពេលនេះ​ទេ​។ គ្រប់ៗ​គ្នា​មាន​តួនាទី​សំខាន់​ក្នុង​ការការពារ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​-១៩​នេះ​»​។

លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត បាន​បន្ថែមថា គ្រប់គ្នា​ត្រូវ​បន្ត​ចូលរួម​ដោយ​ឧស្សាហ៍​ព្យាយាម ទប់ស្កាត់​នូវ​ការរាតត្បាត​នេះ​ដើម្បី​ចៀស​ផុតពី​ការ​ឆក់យក​ជីវិត​មនុស្ស​បន្ថែមទៀត ដោយ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ ៣​ ការពារ​ និង​ ៣​ កុំ​នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ដែល​បាន​ទៅ​៕

វីដេអូ៖