
មន្ត្រីសិទ្ធិមនុស្សឈរឃ្លាំមើល ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ពីថ្ងៃទី ២១ ធ្នូ។ រូប អាប់ឌុល រ៉ាស់ហ៊ីម
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីវឌ្ឍនភាពនៃការបន្តដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ និងប្តេជ្ញាបន្តធ្វើការសម្របសម្រួលវិវាទនេះ ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ បើទោះបីជា ភាគីទាំង ២ មិនទាន់មានការឯកភាពគ្នាក្តី។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ២១ ខែមីនា ឱ្យដឹងថា ក្រោយពីការពិភាក្សាគ្នាយ៉ាងផុលផុស និងការធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងាររបស់អធិការការងារ ភាគីទាំង ២ បានឯកភាពគ្នាកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១៤:៣០ នាទី។
ជាថ្មីម្តងទៀត ក្រសួងការងារបានស្នើឱ្យភាគីទាំង ២ មានការយោគយល់គ្នាខ្ពស់ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ ដោយបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ក្រសួងការងារបញ្ជាក់ថា៖ «យោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំង ២ អាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ»។
ក្រោយបញ្ចប់កិច្ចប្រជុំ កញ្ញា ឈឹម ស៊ីថរ តំណាងភាគីកម្មករនិយោជិត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី ២១ ខែមីនា ត្រូវបានចរចា ចំពោះចំណុចទី ១ នៃការទាមទារ គឺសូមឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកកម្មករនិយោជិតចូលធ្វើការវិញ ប៉ុន្តែក្រសួង និង ក្រុមហ៊ុនណាហ្គា គឺទាមទារឱ្យជជែកចំណុចទី ៣ និងទី ៤ នៅក្នុងសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចុងក្រោយ ចុះថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១ ដែលពាក់ព័ន្ធទៅនឹងការទូទាត់លើប្រាក់សំណងបញ្ចប់បុគ្គលិក។
កញ្ញាបន្តថា ត្រង់ចំណុចទី ១ ភាគីខាងនិយោជិតបានផ្តល់ជាជម្រើសមួយឱ្យក្រុមហ៊ុនពិចារណា នៅក្នុងការបញ្ចប់វិវាទការងារមួយនេះ ដែលអូសបន្លាយ ជាង ១ ឆ្នាំនេះ ខណៈកម្មករនិយោជិតចំនួនជាង ២៥០ នាក់ មិនទាន់ទទួលយកគម្រោងបញ្ចប់កិច្ចសន្យាការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ក្នុងចំណោមនោះមានបុគ្គលិកតែ ២០០ នាក់ប៉ុណ្ណោះ ដែលពួកគាត់ទាមទាររក្សាសិទ្ធិការងារ ដោយស្នើសុំចូលធ្វើការវិញ។
បើតាមកញ្ញា ឈឹម ស៊ីថរ បើក្រុមហ៊ុនទូទាត់ឱ្យពួកគាត់ត្រឹមត្រូវតាមផ្លូវច្បាប់ពួកគាត់នឹងទទួលយកសំណងបញ្ចប់កិច្ចសន្យានេះ។ ជាមួយគ្នានេះ កញ្ញាទទួលបានព័ត៌មានពីខាងក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ថា កម្មករប្រមាណ ៣០០ នាក់ ដែលកំពុងធ្វើការ និងមិនស្ថិតនៅក្នុងគម្រោងកាត់កម្មករពួកគាត់សុំឈប់ជំនួសឱ្យកម្មករដែលចង់ចូលធ្វើការវិញ ប្រសិនបើក្រុមហ៊ុនទូទាត់ប្រាក់ស្របតាមផ្លូវច្បាប់ ដើម្បីដោះដូរចំពោះអ្នកដែលចង់ចូលធ្វើការវិញ។ កញ្ញាថា ទោះជាយ៉ាងណា ត្រង់ចំណុចនេះ តំណាងក្រុមហ៊ុនណាហ្គាវើលដ៍មិនយល់ព្រមនោះទេ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍ច្រើនជាងការទាមទារកម្មករនិយោជិតចូលធ្វើការវិញចំនួនជាង ២០០ នាក់។
កញ្ញាថ្លែងថា៖ «ខ្ញុំឆ្ងល់ដែរ បើគាត់ដឹងថា វាពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់កម្មករនិយោជិតច្រើនគាត់ដោះស្រាយតាមបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅ មិនចាំបាច់មកជជែកទេ អនុវត្តតាមបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅ ចប់បាត់ហើយ។ ដោយឡែកចំណុចទី ៣ និងទី ៤ ក៏វាដោះស្រាយបានដែរហើយ»។
ទោះជាយ៉ាងណាកញ្ញា ឈឹម ស៊ីថរ បានឱ្យដឹងថា បើតំណាង ក្រុមហ៊ុន មិនព្រមដោះស្រាយត្រង់ចំណុចទី ១ ទេ សម្រាប់កិច្ចប្រជុំបន្ទាប់ នៅថ្ងៃទី ២៣ ខែមីនា គឺតំណាងភាគីកម្មករនិយោជិតមិនចូលរួមនោះទេ។
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ លោក Hein Dames ស្នើលើកយកចំណុចវិវាទទី ៣ និងទី ៤ នៃសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលលេខ ០១២/២១ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ មកជជែកជាមុន ដែលវានឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់បុគ្គលិកភាគច្រើនជាជាងចំណុចទី ១ ដែលពាក់ព័ន្ធតែក្រុមបុគ្គលិកមួយចំនួនតូច។ ប៉ុន្តែប្រសិនបើភាគីតំណាងកម្មករនិយោជិត នៅតែបន្តលើកយកចំណុចវិវាទទី ១ មកពិភាក្សាមុន ភាគីនិយោជកយល់ព្រមពិភាក្សា។
លោកបន្តថា ក្នុងគម្រោងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ក្រុមហ៊ុនបានត្រួតពិនិត្យអំពីលក្ខខណ្ឌជាច្រើន និងជាក់លាក់ហើយក្រុមហ៊ុន ប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចដោយឆ្លងកាត់ការប្រឹក្សាយោបល់តាមច្បាប់ស្តីពីការងារ។ រីឯការលើកឡើងរបស់ភាគីតំណាងកម្មករនិយោជិត មានន័យហាក់ដូចជាសហជីពចង់ដើរតួជាអ្នកទទួលខុសត្រូវអំពីដំណើរការអាជីវកម្មជំនួសក្រុមហ៊ុនទៅវិញ។
លោកថា៖ «បច្ចុប្បន្ននេះ មានកម្មករនិយោជិត ដែលកំពុងបម្រើការងារប្រហែល ៦០០ នាក់នៅតែជាចំនួនដែលលើសពីតម្រូវការជាក់ស្តែង។ ដូចនេះប្រសិនបើអ្នកទាំង ៣០០ នាក់ ដែលចង់លាឈប់នោះ អាចសម្រេចចិត្តដាក់ពាក្យលាឈប់បាន ហើយក្រុមហ៊ុននឹងទូទាត់ប្រាក់បំណាច់តាមការលាឈប់ពីការងារដោយស្ម័គ្រចិត្ត»។ ដូច្នេះហើយ ទើបភាគីនិយោជក នៅតែចង់លើកយកចំណុចផ្សេងទៀតដែលមានក្នុងសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មកពិភាក្សាព្រោះវាមានអត្ថប្រយោជន៍មិនត្រឹមតែចំពោះកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ទេ តែក៏មានអត្ថប្រយោជន៍ចំពោះកម្មករនិយោជិតដែលកំពុងធ្វើការផងដែរ។
លោក Hein Dames ក៏បញ្ជាក់ដែរថាពាក់ព័ន្ធនឹងជម្រើសនៃការដោះដូររវាងកម្មករនិយោជិតដែលចង់លាឈប់ពីការងារ និងកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញ គឺភាគីនិយោជកនឹងមិនពិចារណាទេ៕