ភ្នំពេញៈ ក្រុមការងារ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​ (Wonders of the Mekong) កំពុង​សិក្សា​ស្រាវជ្រាវ​ពី​មូលហេតុ ដែលនាំឱ្យ​ត្រី​ក្បក​ទឹកសាប​ (Tenualosathibaudeaui) ​ដែល​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ​ទៅហើយនោះ មាន​ភាពសម្បូរ​ឡើងវិញ ហើយ​វា​ត្រូវបាន​ប្រជានេសាទ​ក្នុង​ខេត្តរតនគិរី ចាប់បាន​ក្នុង​ចំនួន​ដ៏ច្រើនសន្ធឹក​សន្ធាប់ ចាប់​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២១​ មក​។

ត្រី​ក្បក ឬ​ហៅ​ម្យ៉ាង​ទៀតថា ត្រី​ល្អិត​ពណ៌​ប្រាក់​ទន្លេមេគង្គ ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ «​ងាយ​រងគ្រោះ​» ​និង​ខិត​ទៅរក​ការ​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN នៃ​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង​។ ចាប់តាំងពី​ឆ្នាំ​ ២០១៧ ក្រុម​ប្រជានេសាទ​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​បាន​រាយការណ៍​ថា ត្រី​ក្បក​ដែលជា​ប្រភេទ​ត្រី​ដ៏​កម្រ​នេះ​មាន​នៅ​សេសសល់​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ និង​សឹងតែ​មិនត្រូវ​បាន​គេ​នេសាទ​ចាប់បាន​យកមក​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​សូម្បីតែ​ ១-​ ក្បាល​ឡើយ​។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​របស់​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ចេញ​ផ្សាយ​នា​ថ្ងៃទី​ ២១​ មីនា​។

របាយការណ៍​បន្តថា ប៉ុន្តែ​ចាប់តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២១ មកដល់​ពេលនេះ ប្រជានេសាទ​ក្នុង​ខេត្តរតនគិរី​បាន​នេសាទ​ចាប់​ត្រី​ក្បក​ដ៏កម្រ​នេះ​យកទៅលក់​នៅ​ទីផ្សារ​ក្នុងស្រុក​ក្នុង​ចំនួន​រាប់សិប​គីឡូក្រាម​ក្នុង​ ១ ​ថ្ងៃៗ ដោយ​ពួកគេ​បាន​អះអាងថា «​ត្រី​ក្បក​ចាប់ផ្ដើម​សម្បូរ​ឡើងវិញ​ហើយ​»​។

តាម​របាយការណ៍​ដដែល ក្រុម​និស្សិត​ថ្នាក់​ក្រោយ​ឧត្តមសិក្សា ដែល​កំពុង​បម្រើការ​ក្នុង​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​កាលពីពេល​ថ្មីៗ​នេះ បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ទឹកសាប ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​របស់​ត្រី​ក្បក ដោយបាន​ធ្វើដំណើរ​ពាស​ពេញ​អាង​ទន្លេសេកុង ទន្លេ​សេសាន និង​ទន្លេស្រែពក ព្រមទាំង ចុះ​ពិនិត្យ​អង្កេត​នៅតាម​ផ្សារ​ត្រី និង​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នក​នេសាទ​ក្នុង​មូលដ្ឋាន​មួយចំនួន​។

បេសកកម្ម​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​សហគមន៍​វិទ្យាសាស្ត្រ ឬ​ការរាយការណ៍​របស់​ប្រជាជន​ក្នុង​តំបន់​ពី​ការសង្កេត​របស់​ពួកគាត់​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ និង​ភាវៈ ដែល​រស់នៅ​ក្នុងនោះ​។ ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានបង្ហាញ​ពី​ភាព​ដ៏សំខាន់​សម្រាប់​មន្ត្រី​ជំនាញ​យក​ទៅ​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ថែមទៀត អំពី​ប្រព័ន្ធ​ទន្លេ​មេគង្គ​ដ៏អស្ចារ្យ និង​ការថែរក្សា​វា​សម្រាប់​នាពេល​អនាគត​។

តាមរយៈ​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា​៖ «​ក្នុង​រដូវ​នេះ​ត្រី​ក្បក​បានធ្វើ​ការផ្លាស់ទី​ដែល​មិន​ធ្លាប់មាន​ពីមុនមក តាម​ច្រក​ទន្លេស្រែពក​ដែលជា​ដៃ​ទន្លេ​មេគង្គ​។ ប៉ុន្តែ​មូលហេតុ​នៃ​ភាពសម្បូរ​ឡើងវិញ​នៃ​ប្រភេទ​ត្រី​ក្បក​នេះ នៅតែ​ជា​អាថ៌កំបាំង​»​។

ទោះយ៉ាងណា ក្រុម​អ្នកស្រាវជ្រាវ​នៅតែ​បន្ត​សិក្សា​ស្រាវជ្រាវ​យ៉ាង​សស្រោកសស្រាំ​តាមដាន​ស្ថានភាព និង​ភាពសម្បូរ​ឡើងវិញ​នៃ​ប្រភេទ​ត្រី​ក្បក​នេះ​ដើម្បី​ស្វែងរក​ការពិត​។

អ្នកនាំពាក្យ​រដ្ឋបាល​ជលផល លោក​អ៊ឹង ទ្រី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាពសម្បូរ​ឡើងវិញ​នៃ​ត្រី​ក្បក​ដ៏កម្រ​រយៈពេល​ជាង​ ៣​ ខែ​មកនេះ បាន​ធ្វើឱ្យ​ប្រជានេសាទ​មួយចំនួន​ក្នុង​តំបន់​មាន​ភាព​រីករាយ​។ ប៉ុន្តែ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នៅ​មិនទាន់​អរសប្បាយ​អំពី​ការប្រែប្រួល​ដ៏​ចម្លែក​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​អាច​រីករាយ​ទៅបាន​លុះត្រាតែ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ បង្ហាញថា ត្រី​ក្បក​ទឹកសាប​របស់​យើង​ពិតជា​មាន​ភាពសម្បូរ​ឡើងវិញ ប៉ុន្តែ​នៅពេលនេះ យើង​កំពុង​ចាប់ផ្ដើម​ដំណើរការ​សិក្សា​ស្រាវជ្រាវ​នៅឡើយ​»​។

លោក​ថា​៖ «​ជួនកាល​នៅ​ដើមឆ្នាំ នេះ​វា​សម្បូរ តែ​ចុងឆ្នាំ ឬ​ឆ្នាំក្រោយៗ ទៀត​វា​ខ្សត់​ទៅវិញ​ក៏​ថា​បាន​»​។

បើតាម​លោក​ អ៊ឹង ទ្រី ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ទៅលើ​ប្រភេទ​ត្រី រុក្ខជាតិ និង​សត្វ​កម្រ​នានា មិនមែន​ធ្វើ​ត្រឹមតែ​ ១ ​ថ្ងៃ ២ ​ថ្ងៃ​នោះទេ គឺ​ត្រូវការ​ពេលវេលា​ពី​ ៣-៥ ​ឆ្នាំ យ៉ាងតិច និង​ត្រូវ​ប្រមូល​ទិន្នន័យ ដែល​ពាក់ព័ន្ធ​មួយចំនួន​មក​វិភាគ​ឱ្យបាន​ត្រឹមត្រូវ​៕