
លោក ស ខេង ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ នៅខេត្តព្រៃវែង នាថ្ងៃទី ២២ មីនា។ ហុង មិនា
ព្រៃវែងៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំឱ្យក្រសួង មន្ទីរ និងរដ្ឋបាលឃុំ ស្រុក ខេត្ដ ត្រូវរៀបចំរបៀបរបបធ្វើការងារដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំឱ្យបានច្បាស់លាស់ ស្របតាមកម្មវិធី និងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបង្កើនការផ្ដល់សេវាដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
លោកថ្លែងបែបនេះក្នុងពេលធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ២២ មីនា។ លោកថ្លែងថា រឿងរបៀបរបបធ្វើការងារត្រូវរៀបចំធ្វើឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងខិតខំដឹកនាំប្រជុំ ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅមូលដ្ឋានរបស់ខ្លួន។ របៀបរបបធ្វើការងារនេះធ្វើយ៉ាងណាត្រូវធ្វើឱ្យមានរបៀបរបប។ លោករំឭកថា កិច្ចការងារនេះលោកក៏បានលើកឡើងនៅខេត្ដបាត់ដំបងកាលពីថ្មីៗនេះដែរ ដោយឱ្យដាក់សន្ទស្សន៍របៀបរបបធ្វើការងារនៅរដ្ឋបាល ឃុំ ស្រុក ខេត្ដ ពេញ ១ ឆ្នាំត្រូវប្រជុំឱ្យបានប៉ុន្មានដងគឺកំណត់តែម្ដង។
លោកថ្លែងថា៖ «យើងផ្ដើមចេញរៀបចំនូវរបៀបរបបនៃការប្រជុំផ្អែកទៅតាមកម្មវិធីរបស់រាជរដ្ឋាភិបាល ឬមួយក៏គោលនយោបាយរបស់រដ្ឋាភិបាលទាំងអស់ហ្នឹង។ វាមិនបានពេញ ១ ឆ្នាំ ក៏យើងបានធ្វើ ១ ត្រីមាសមុន។ ប៉ុន្តែកំណត់ថា ឥឡូវក្នុង ១ ឆ្នាំ យើងប្រជុំឱ្យបាន ១២ ដង ១ ខែម្ដង ឬក៏ ២៤ ដង ១ ខែ ២ ដងជាឧទាហរណ៍»។
លោក ស ខេង បញ្ជាក់ថា៖ «អ៊ីចឹងម្ដងៗត្រូវប្រជុំអីខ្លះ។ កុំបណ្ដែតបណ្ដោយតាមយថាកម្មដែលមានប្រជុំក៏ប្រជុំទៅ បើមិនមានក៏ហីទៅ អត់ទេ។ គេឱ្យយើងកាន់អំណាច គេឱ្យយើងធ្វើ យើងម៉េចក៏មិនធ្វើ។ បើមិនបានធ្វើ ខឹងគេមិនឱ្យធ្វើ តែពេលបានធ្វើហើយមិនធ្វើ អត់បានទេអាហ្នឹង»។
លោកឧបនាយករដ្ឋមន្ត្រីណែនាំថា ត្រូវដាក់កម្មវិធីតែម្ដង ហើយតាមមន្ទីរ ក្រសួង ក៏ដូចគ្នាដែរ មិនមែនធ្វើតាមដំណើរ បើមានក៏ធ្វើទៅ មិនមានក៏មិនធ្វើទៅនោះទេ។ ទាំងអស់គ្នាត្រូវរត់រកការងារធ្វើ កុំឱ្យការងាររត់រកវិញ។ ការពិតហើយពេលខ្លះការងាររត់រក វិញដែរ ដូចជាករណីជំងឺកូវីដ ១៩ រត់រក គឺតម្រូវឱ្យត្រូវតែធ្វើតាមរត់តាម។ ក្រៅពីនេះមានគ្រោះមហន្តរាយ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះមកដល់ក៏ត្រូវរត់តាមការងារទាំងនេះដែរ។ ប៉ុន្ដែរឿងធម្មតាក្នុងការដឹកនាំ គឺត្រូវផ្ដើមគំនិតត្រូវធ្វើអ្វីខ្លះ មានដូចជា ការជីកប្រឡាយ ធ្វើផ្លូវ ជាដើម។ល។
លោកបញ្ជាក់ថា៖ «ត្រូវម្ចាស់ការធ្វើ អាហ្នឹងគេហៅថាដឹកនាំ។ ដឹកនាំយើងមិនមែនបញ្ជាទៅគេស្រេចនឹងអញទើបហៅថាដឹកនាំទេ។ យើងផ្ដើមគំនិតរួចហើយពិគ្រោះយោបល់គ្នាសម្រេចធ្វើទាំងអស់គ្នាទៅ តែកុំគិតថា ធ្វើតាមសម្មាជីវោអ៊ីចឹងអន្តរធានហើយ។ យើងទទួលប្រាក់ខែពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋឱ្យអស់ថ្លៃ»។
លោកបន្តថា៖ «ខ្ញុំចង់បញ្ជាក់ថា របៀបរបបធ្វើការងារយើងធំបំផុតនៅត្រង់ណា គឺផ្សារភ្ជាប់នឹងប្រជាពលរដ្ឋ។ ត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំតែម្ដង។ ព្រលឹមឡើងទៅពិនិត្យមើល យប់ឡើងមុនចូលសម្រាកទៅពិនិត្យមើលព័ត៌មាន មានអីខ្លះឆ្លើយតបត្រូវធ្វើយ៉ាងម៉េច»។
ត្រង់ណាមានគ្រឿងញៀនត្រង់ណាមានចោរលួច មានជំងឺតម្កាត់ មានខ្យល់ព្យុះ មានការអត់ឃ្លានជាដើម គឺត្រូវតែក្ដាប់ ផ្សារភ្ជាប់រឿងនេះឱ្យបានដិតដល់។ ក្រៅពីនេះ ត្រូវចុះទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋ ដែលនេះជាបញ្ហារបៀបរបបធ្វើការងារសំខាន់។ នេះបើតាមលោក ស ខេង។
លោកបញ្ជាក់ថា៖ «របៀបរបបធ្វើការងារនេះ វាមានរបបប្រជុំ មិនអាចខ្វះបានទេ ពីព្រោះថា ប្រជុំ ប្រែមកថា ការដឹកនាំ។ ក្រៅពីហ្នឹងយើងចុះទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយយើងមានកិច្ចការផ្សេងៗទៀតដែលត្រូវធ្វើជាប្រចាំ យើងធ្វើទៅ»។
ទាក់ទងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន លោក ស ខេង ចាត់ទុកថា ក៏ជាបញ្ហាចម្បង ដោយលោកស្នើយ៉ាងទទូចឱ្យបន្តខិតខំធ្វើយ៉ាងម៉េចផ្ដល់សេវាសាធារណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ កុំឱ្យមានការលំបាក។ លោកបញ្ជាក់ថា រឿងអ្វីក៏ដោយសូមឱ្យមន្ដ្រីមូលដ្ឋាន កុំតាំងខ្លួនជាអ្នកធំ ជាចៅហ្វាយនាយ ប្រជាពលរដ្ឋ ប៉ុន្ដែត្រូវចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយនាយពីព្រោះមន្ដ្រីជាអ្នកបម្រើរាស្ដ្រ។
លោក ស ខេង បញ្ជាក់ថា៖ «អ៊ីចឹងខ្ញុំសូមលើកទឹកចិត្ដឱ្យយើងបន្តខិតខំបម្រើប្រជាពលរដ្ឋ ហើយទស្សនៈរបស់យើងត្រូវគិតថា ប្រជាជនជាចៅហ្វាយនាយរបស់យើង ហើយយើងជាខ្ញុំបម្រើគាត់»។
លោក ជា សុមេធី អភិបាលខេត្ដព្រៃវែងបានថ្លែងក្នុងសន្និបាតនេះដែរថា ការដឹកនាំការងាររដ្ឋបាលខេត្ដព្រៃវែង ទោះបីជាបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏រដ្ឋបាលខេត្ដបានបន្តសហការគ្នាយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការកែលម្អអនាម័យបរិស្ថាន។ ការផ្ដល់សេវាសាធារណៈ និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលទាំងអស់ពិសេសការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ ១៩។
បើតាមលោកអភិបាលខេត្ត ការងារអនុវត្ដមុខងារ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កត់សម្គាល់ឃើញថា ការធ្វើសមាហរណកម្មរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្ដបានធ្វើឱ្យរដ្ឋបាលថ្នាក់- ក្រុង ស្រុក ជារដ្ឋបាលមួយប្រកបដោយថាមពល ទាំងបុគ្គលិក ធនធាន ដើម្បីប្រមូលផ្ដុំការដឹកនាំគ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការឆ្លើយតបខ្ពស់ជាងមុន។
លោកថ្លែងថា៖ «ក្នុងនាមជាអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ដពង្រឹងលើកកម្ពស់កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឱ្យការអនុវត្ដតួនាទីភារកិច្ចរបស់រដ្ឋបាលទាំងនោះប្រព្រឹត្តទៅស្របតាមច្បាប់ និងវិធានការទាំងឡាយដែលមានជាធរមាន ជាពិសេសការលើកកម្ពស់ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត»។
លោក សុមេធី បន្តថា ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋនៅច្រកចេញ-ចូលតែមួយ នៅថ្នាក់-ខេត្ដ ក្រុង ស្រុក និងឃុំ សង្កាត់ បានដំណើរការដោយរលូន និងមិនមានកត្ដារាំងស្ទះធ្ងន់ធ្ងរទេ។ ប៉ុន្ដែអ្វីដែលជាបញ្ហាប្រឈម នៅរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ដែលមានវិសាលភាពការងារច្រើន និងការទទួលខុសត្រូវខ្ពស់៕