ភ្នំពេញៈ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គ.ជ.ប.ជ​) ​បានឱ្យដឹងថា កម្ពុជា​ និង​ថៃ​កំពុង​បន្ត​សហការគ្នា​ ដើម្បី​ស្រង់​ទិន្នន័យ​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ ខណៈ​លោកស្រី​បារម្ភ​ពី​ចំនួន​អ្នក​រស់នៅ​មិន​ស្របច្បាប់​ក្នុង​ប្រទេស​នេះ អាច​នឹងមាន​ការកើនឡើង បើទោះជា​ចំនួន​អ្នក​ឆ្លងដែន​ខុសច្បាប់​មានការ​ធ្លាក់ចុះ​ក្ដី​។

លោកស្រី ​ជូ ប៊ុនអេង បាន​អះអាង​ប្រាប់​កាសែត​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២០ ​មីនា យ៉ាង​ដូច្នេះ​ថា​៖ «​ពាក់ព័ន្ធ​នឹង​តួលេខ​ខ្ញុំ​ចង់​និយាយ​បន្តិច មកដល់​ពេលនេះ​យើង​កំពុង​គិតគូរ​នឹង​ការងារ​ទិន្នន័យ​ហ្នឹង​ខ្លាំងណាស់ ព្រោះ​ដូច​និយាយ​អ៊ីចឹង យើង​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ប្រទេស​ជិតខាង​នៅ​បិទ​ច្រកព្រំដែន មិន​ចង់ឱ្យមាន​ទំនាក់ទំនង​គ្នា​​ចុះឡើងៗ​ទេ​។ ​បើទោះបី​ជា​មាន​​ការជ្រើសរើស​ការងារ ក៏​យើង​ឃើញថា នៅ​ប្រទេស​ថៃ​យើង​កំពុង​ជជែក​គ្នា​ដែល​យើង​ចាំបាច់​​ត្រូវការ​សហការគ្នា​ ដើម្បី​ស្វែងរក​ទិន្នន័យ​ឱ្យបាន​ជាក់លាក់​»​។

លោកស្រី​បាន​បន្តថា ចំពោះ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ​ក្នុង​ពេលនេះ ក៏​ព្រោះ​សព្វថ្ងៃ ទិន្នន័យ​ដែល​កំពុង​ប្រើប្រាស់​គឺ​អាស្រ័យ​ទៅតាម​ការរាយការណ៍​ពី​ខាង​ភាគី​ថៃ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលទៅ​ប្រទេស​ថៃ​ដោយ​​មិនមាន​ច្បាប់ទម្លាប់​មាន​ការធ្លាក់ចុះ​។ ប៉ុន្តែ​លោកស្រី​ថា ចំនួន​ការរស់នៅ​ដោយ​ខុសច្បាប់​អាចមាន​ការកើនឡើង ព្រោះ​ពលរដ្ឋ​ដែល​កំពុង​មាន​ភាពស្រប​ច្បាប់ កំពុង​បន្ត​រស់នៅ​ដោយ​ខុសច្បាប់​នៅ​ទីនោះ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​បើទោះបីជា​ពីមុន​យើង​បានដឹងថា​គាត់​ទទួលបាន​ភាពស្របច្បាប់ តែ​ភាពស្របច្បាប់​ទាំងនោះ​អាច​អស់​សុពលភាព​ទៅហើយ ដោយសារតែ​ ២ ​ឆ្នាំ​បន្ត​មកហើយ​។ ​អ៊ីចឹង​ឥឡូវនេះ​យើង​កំពុង​គិតពី​វិធាន​ការបន្ត​សម្រាប់​ការគ្រប់គ្រង​ទិន្នន័យ​ទាំងនោះ​»​។

បើតាម​លោកស្រី​ ជូ ប៊ុនអេង ចំពោះ​ការធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ក្នុងពេល​បច្ចុប្បន្ននេះ​គឺ​មិនមាន​ការកើនឡើង​នោះឡើយ​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ដោយ​គេ​ដឹងថា មាន​ពលករ​ចំណាកស្រុក​ជិត​ ៣០ ​ម៉ឺន​នាក់​បាន​វិល​ត្រឡប់មក​ប្រទេស​វិញ រីឯ​អ្នក​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​គឺមាន​ចំនួន​តិចតួច​បំផុត​។

លោកស្រី​បានបញ្ជាក់​បន្ថែមថា​៖ «​ក្នុងអំឡុង​ពេលនេះ​អ្នក​ដែល​ទៅដោយ​ខុសច្បាប់​ពី​កម្ពុជា​យើង គឺមាន​មិន​ច្រើន​នោះទេ ហើយ​បើ​ទៅ​ក៏​មិនត្រូវ​បាន​គេ​ទទួល​ធ្វើការ​ដែរ ហើយ​ត្រូវបាន​គេ​ចាប់បញ្ជូន​ត្រឡប់មកវិញ​ដែរ​។ ​អ៊ីចឹង​អ្វីដែល​ច្រើន​នោះ​ (​ពលករ​ខុសច្បាប់​) ​គឺ​អ្នក​ដែល​នៅ​ទីនោះ​មិនទាន់​មក បានន័យថា គេ​អាច​ប៉ាន់​ប្រមាណ​ថា​នៅ ក៏​មិនតិច​ជាង​ ១ ​លាន​នាក់​ដែរ​»​។

លោក​ ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់​បាន​លើកឡើងថា ប្រសិនបើ​មានការ​សហការ​ធ្វើ​ជំរឿន​ទិន្នន័យ​ថ្មី​រវាង​ប្រទេស​ទាំង ​២ គឺ​​ជា​រឿង​មួយ​ដែល​ល្អ​។ លោក​បន្តថា ចំពោះ​តួលេខ​ដែល​ប្រើប្រាស់​កន្លងមក​ចំពោះ​ពលករ​ចំណាកស្រុក គឺ​តែងមាន​ភាពប្រទាំង​ប្រទើស​គ្នា ហើយ​មិនមាន​ភាពច្បាស់លាស់​ទៅនឹង​ដង់ស៊ីតេ​ស្ថិតិ​នៃ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការងារ និង​រស់នៅក្នុង​ប្រទេស​ថៃ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា នេះ​គឺជា​រឿង​មួយ​ដែល​ល្អ​ដើម្បីឱ្យ​យើង​ច្បាស់លាស់​អំពី​ស្ថិតិ​ជាក់ស្តែង​នៃ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការងារ​នៅក្នុង​វិស័យ​នានា​រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​ និង​រស់នៅ​ប្រទេស​ថៃ​»​។

ជាមួយ​នឹង​ការគាំទ្រ​នេះ លោក ឃុន ថារ៉ូ មើលឃើញថា ការងារ​នេះ​គឺ​ហាក់​មាន​ភាព​ស្មុគស្មាញ និង​ត្រូវការ​ការប្រមូល​ទិន្នន័យ និង​ព័ត៌មាន​ដែល​ទាមទារ​ឱ្យមាន​ការចូល​រួមសហការ​​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​គឺ​ភាគី​ថៃ ដើម្បី​សម្របសម្រួល​ឱ្យ​មានការ​ស្រង់​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​នៅតាម​គ្រឹះស្ថាន និង​សហគ្រាស​នានា​នៅក្នុង​ប្រទេស​ថៃ​៕