ភ្នំពេញៈ កម្ពុជា​ និង​ប៉ាគីស្ថាន កាលពី​ម្សិលមិញ​បាន​ព្រមព្រៀងគ្នា បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត ក្រោយពី​មានការ​ផ្លាស់ប្ដូរ​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បានទទួល​ជួប​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ថ្មី​ប្រចាំ​កម្ពុជា លោក Zaheeruddin Babar Thaheem ដោយផ្ទាល់​នៅឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ និង​បាន​ពិភាក្សាគ្នា ក្នុង​ការជំរុញ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​។

យោងតាម​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹងថា​៖ «​ឯកឧត្តម បាន​ជម្រាបជូន​សម្ដេច​តេជោ​ផងដែរ​ថា ប្រទេស​ប៉ាគីស្ថាន ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ដៃគូ​សំខាន់​។ ក្នុងន័យនេះ ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​តេជោ​ថា បេសកកម្ម​ការទូត​របស់​ឯកឧត្តម​មកកាន់​កម្ពុជា​នេះ​នឹង​បន្តសកម្មភាព​ដែលមាន​ស្រាប់​ផង​នឹង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ ដើម្បី​ជំរុញ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ក្នុង​ទិសដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​»​។

ហ្វេសប៊ុក​ដដែល​នេះ​បាន​ឱ្យដឹងថា លោក ហ៊ុន សែន បាន​ស្នើដល់ លោក Thaheem ​ពិនិត្យមើល​សក្តានុពល​ផ្សេងៗ​ដែល​ប្រទេស​ទាំង ​២ ​អាចធ្វើ​បាន ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដែលមាន​សារៈសំខាន់​សម្រាប់​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ លោក​លើកទឹកចិត្ត​ដល់​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ថ្មី​រូបនេះ​ចូលរួម​ចំណែក​ពង្រីក ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ដែលមាន​ទំនាក់ទំនង​ដែល​អាច​ចាត់ទុកថា ជា​វ័យ​ចំណាស់​មួយ​រហូតដល់​ ៧០ ​ឆ្នាំ​ហើយ​ក្នុងឆ្នាំនេះ​។ បើតាម​ហ្វេសប៊ុក​ដដែល លោក​ Thaheem​ បាន​ប្រាប់​លោក ហ៊ុន សែន ថា រយៈពេល​ជាង​ ១ ​ខែ​កន្លងមកនេះ លោក​សង្កេតឃើញ​ថា ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ ស្រស់ស្អាត​ជាមួយ​នឹង​ប្រជាជន ដែលមាន​ភាពរួសរាយ​រាក់ទាក់ និង​មន្ត្រីរាជការ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​។

លោក ហ៊ុន សែន បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ លោក​ Thaheem ​ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​កម្ពុជា​នាពេលនេះ​។

លោក ហ៊ុន សែន ប្រាប់​លោក​ Thaheem ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អ្វីដែល​កម្ពុជា​ចង់បាន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន គឺ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​អាស៊ាន​ឡើងវិញ ក្នុង​គ្រា​ដែល​កំពុង​រៀន​រស់នៅ​ជាមួយ​នឹង​វិបត្តិ​កូវីដ​ ១៩​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ប៉ាគីស្ថាន ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ហើយ​បានស្នើ​​ដល់​រដ្ឋាភិបាល​ប៉ាគីស្ថាន​បន្ត​ផ្ដល់​អាហារូបករណ៍​ជា​បន្តទៀត​ដល់​ប្រទេស​កម្ពុជា​»​។

យោងតាម​ក្រសួងការបរទេស​កម្ពុជា​បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន លោក Shah Mahmood Qureshi គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំនេះ ក្នុង​គោលបំណង​លើកស្ទួយ​ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​លើក​ពី​បំណង​ចង់​បើក​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប៉ាគីស្ថាន​នាពេល​អនាគត​ហើយ​បាន​ពិភាក្សា​ជាមួយ​លោក Thaheem កាលពី​ប្រមាណ​ ២​ សប្តាហ៍​មុន​អំពី​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ ការសម្របសម្រួល​រវាង​ប្រទេស​ទាំង ២ សម្រាប់​គោលដៅ​បើក​ស្ថានទូត​នេះ​។

លោក Thaheem បាន​សរសេរ​នៅលើ Twitter បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​លោក ប្រាក់ សុខុន ថា​៖ «​វា​គឺជា​ការពិភាក្សា វិជ្ជមាន​មួយ​ជុំវិញ​ការធ្វើការ​ឆ្ពោះ​ទៅរក​គោលដៅ​រួម​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​របស់​យើង​»​។

បន្ទាប់ពី​ថ្វាយ​សារតាំង​ជូន​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី កាលពី​ខែកុម្ភៈ លោក Thaheem បាន​សរសេរ​នៅលើ Twitter ថា លោក​ទន្ទឹង​រង់ចាំ​ធ្វើការ​ឆ្ពោះទៅរក​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា- ប៉ាគីស្ថាន​ដ៏រឹងមាំ​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២២ ខែមីនា​ថា ក្នុង​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច កម្ពុជា​ព្យាយាម​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​នៅ​ក្មុង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ក្នុង​នោះ​ការរក្សា​ «​មិត្តចាស់​» និង​ពង្រីក «​មិត្ត​ថ្មី​»​។

លោក​ថ្លែងថា​៖ «​ក្នុងន័យនេះ ការពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប៉ាគីស្ថាន​នឹង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំង​ ២​ លើ​ផ្នែក​សេដ្ឋកិច្ច​»៕