បាត់ដំបងៈ ​ក្មេងប្រុស​អាយុ​ ១៦ ​ឆ្នាំ​ម្នាក់ ឈ្មោះ រស់ ភារ ត្រូវ​រន្ទះបាញ់​ស្លាប់ កាលពី​ថ្ងៃទី​ ២១​ មីនា ពេល​កំពុង​ជិះ​ម៉ូតូ​កាត់​ភ្លៀង​ត្រឡប់​ពី​ភ្ជួរស្រែ​មក​ផ្ទះ​វិញ​នៅ​ភូមិ​តាក្រី ឃុំ​តាក្រី ស្រុក​កំរៀង ។

លោក វេ គឹមចត់ អធិការ​នគរបាល​ស្រុក​កំរៀង​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ​មីនា​ថា​៖ «​ករណីនេះ​ក្រោយ​ហេតុការណ៍​ភ្លាមៗ​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានប្រគល់​សាកសព​ក្មេងរងគ្រោះ​ជូន​ក្រុម​គ្រួសារ​នៅពេល​នោះដែរ​។ គាត់​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​មែន​»​។ លោក​បាន​រំឭក​តាម​សម្តី​សាក្សី​ថា កាលពី​វេលា​ម៉ោង​ ៩​ ព្រឹក ថ្ងៃទី​ ២១ ​មីនា យុវជន​ម្នាក់​ឈ្មោះ​ ថុន ចាន់ណេត ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​បាន​ភ្ជួរស្រែ​។

ពេលនោះ គ្រឿងចក្រ​របស់គេ​អស់​ប្រេងម៉ាស៊ូត​ហើយ​បាន​ទូរស័ព្ទ​ហៅ​ក្មេងរងគ្រោះ​ឱ្យ​ដឹក​ប្រេងម៉ាស៊ូត​យកទៅឱ្យ​។ បន្ទាប់មក​ដល់​ម៉ោងជាង​ ១​ រសៀល​ថ្ងៃ​ដដែល​ក្មេងរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ តាម​ផ្លូវលំ ក្នុង​ភូមិ​ដំណាក់​សាលា ឃុំ​តាក្រី ស្រុក​កំរៀង ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង រីឯ​ឈ្មោះ​ ថុន ចាន់ណេត ​បាន​ជិះ​ម៉ូតូ​តាម​ក្រោយ​។ ពេលនោះ ឈ្មោះ ថុន ចាន់ណេត ​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​ឮសូរ​សំឡេង​រន្ទះបាញ់ ហើយ​រូបគេ​បាន​បន្តដំណើរ​មក​តាម​ពីក្រោយ​ក្មេងរងគ្រោះ ក៏​បានឃើញ​ក្មេងរងគ្រោះ​ដេក​ផ្កាប់មុខ​លើដី​។ គ្រានោះ ចាន់ណេត បាន​ចុះទៅ​លើក​ក្មេងរងគ្រោះ​ក៏​ដឹងថា ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ហើយក៏​ផ្តល់ព័ត៌មាន​មក​ម្តាយ​ឪពុក​ក្មេង​ និង​ជូនដំណឹង​ដល់​នគរបាល-​ប៉ុស្តិ៍​ឃុំ​តាក្រី​។

លោក​បន្តទៀតថា ក្រោយពី​នគរបាល​ប៉ុស្តិ៍​ទទួលបាន​ព័ត៌មាន​មក ក៏​រាយការណ៍​បន្ត​មក​លោក ហើយ​លោក​បាន​ចាត់​កម្លាំង​ចុះទៅ​ដល់​ទីតាំង​កើតហេតុ​ភ្លាមៗ​នោះដែរ​។ តាម​ការពិនិត្យ​កោសល្យវិច័យ​របស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​បាន​បង្ហាញថា នៅត្រង់​ត្រចៀក​ផ្នែក​ខាងស្តាំ​របស់​ក្មេងរងគ្រោះ មាន​ហូរឈាម​ចេញពី​រន្ធ​ត្រចៀក ហើយ​នៅលើ​ក្បាល​ផ្នែក​ខាងស្តាំ​មាន​ឆេះ​សក់រួញ​ចូលគ្នា​ដែលជា​លទ្ធផល​គឺ​ក្មេងរងគ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន​។

លោក​ ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​នៅ​ថ្ងៃទី​ ២២ ​មីនា​ថា លោក​មិនទាន់​មាន​របាយការណ៍​ស្តីពី​ចំនួន​អ្នកស្លាប់​និង​របួស​ដោយសារ​រន្ទះបាញ់​នេះ​នៅឡើយ​ទេ​។ លោក​ថ្លែងថា​៖ «​ការងារ​នេះ​យើង​មិនទាន់បាន​បូកសរុប​តួលេខ​ទេ យើង​កំពុងតែ​តាមដាន ចាំ​ខេត្ត​រាយការណ៍​មក​គ្រប់​ខេត្ត​សិន​»៕