ភ្នំពេញៈ ក្នុង​ទិវា​ព្រៃឈើ​ពិភពលោក ២១ ​មីនា ឆ្នាំ​ ២០២២ ក្រោម ប្រធានបទ​ «​ព្រៃឈើ និង​និរន្តរភាព​នៃ​ការផលិត និង​ការប្រើប្រាស់​» ​នេះ ប្រទេស​កម្ពុជា​បាន​តាំងចិត្ត​ខ្ពស់​ប្រកបដោយ​មហិច្ឆតា​ក្នុង​ការកាត់បន្ថយ​ការបាត់បង់​ព្រៃឈើ​ស្រប​នឹង​យុទ្ធសាស្ត្រ​រេដបូក ហើយ​រួមបញ្ចូល​ទាំង​ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ​មីនា​ថា ក្រសួង​បរិស្ថាន​សាទរ​ចំពោះ​ទិវា​ព្រៃឈើ​ពិភពលោក​ ២១ ​មីនា ដែល​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំនេះ កម្ពុជា​បាន​ប្តេជ្ញា​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​ព្រៃឈើ​ជាតិ និង​ប្រព័ន្ធ​ព័ត៌មាន​សុវត្ថិភាព​បរិស្ថាន និង​សង្គម​។

ការដាក់​ដំណើរការ​នេះ គឺ​សម្រាប់ ការអនុវត្ត​គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ​ (REDD+) និង​កំណត់​គោលដៅ​កាត់បន្ថយ​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​មក​ត្រឹម​ពាក់កណ្តាល នៅត្រឹម​ឆ្នាំ​ ២០៣០ ក្នុង​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី (FOLU) ស្របតាម​យុទ្ធសាស្ត្រ​រេដបូក​ជាតិ​កម្ពុជា​។

លោក​ នេត្រ ភក្ត្រា ប្រាប់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​បាននិងកំពុង​ស្វះស្វែង​រក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុជា​មាន យក​ថវិកា​មក​បង្កើន និង​ពង្រឹង​ការងារ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែលមាន​។ នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​នៅលើ​ពិភពលោក​»​។

បើតាម​ក្រសួងបរិស្ថាន កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​អភិរក្ស​ទំហំ ៧,៣ ​លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤១% នៃ​ប្រទេស​កម្ពុជា​។ ដោយសារ​កត្តា​សុខសន្តិភាព និង​ការការពារ និង​អភិរក្ស​មាន​ភាពប្រសើរ​ឡើង​ចំពោះ​តំបន់​ការពារ​ធម្មជាតិ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ទៅឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២០ បាន​ទឹកប្រាក់​ចំនួន​ ១១,៦​ លាន​ដុល្លារ​អាមេរិក​។

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការការពារ និង​អភិរក្ស ធនធាន​ធម្មជាតិ​ដោយ​ថែរក្សា​ព្រៃឈើ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។ ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន ត្រូវបាន​យកទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជាសហគមន៍ តំបន់​ការពារ​ធម្មជាតិ​នៅ​តំបន់​នោះ​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​យើង​នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង នៅក្នុង​ការការពារ អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កម្ពុជា​នៅមាន ហើយ​យើង​នឹង​នៅតែ​បង្កើន​នូវ​ការលើក​ទឹកចិត្ត​ឱ្យមាន​ការដាំ​ស្តារឡើងវិញ​នូវ​ព្រៃឈើ​ដែល​រេចរឹល និង​ការចូលរួម​ក្នុង​ការស្វែងរក​ដំណោះស្រាយ ដោយ​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន បង្កើត​ចំណូល​ដល់​ប្រជាសហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​»​។

មន្ត្រី​នាំពាក្យ​រូបនេះ បន្ថែមថា បទល្មើស​ធនធាន​ធម្មជាតិ នៅតែ​កើតមាន តែ​ជា​បទល្មើស​ខ្នាតតូច ឯ​បទល្មើស​ខ្នាត​ធំ លែងមាន​ហើយ​។

បទល្មើស​ទាំងនេះ​ពាក់ព័ន្ធ​សំខាន់​លើ​បញ្ហា​ជីវភាព​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​នោះ​។

ដោយឡែក ពិភពលោក​រួម​នឹង​ប្រទេស​កម្ពុជា​ក៏បាន​ប្រារព្ធ​ទិវា​ទឹកស្អាត​ពិភពលោក​ផងដែរ នា​ថ្ងៃទី​ ២២ ​មីនា ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​ទឹក​ក្រោម​ដី​ធ្វើឱ្យ​ការមើល​មិនឃើញ​ទៅជា​មើលឃើញ​» ​និង​បាន​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រជាជន​ចំនួន​ ២​ ពាន់​លាននាក់​ដែល​កំពុង​រស់នៅ​ដោយ​គ្មាន​ទឹកស្អាត​ប្រើប្រាស់​។

ក្រសួង​បញ្ជាក់ថា​៖ «​ទឹក​ក្រោម​ដី គឺ​មើលមិនឃើញ ប៉ុន្តែ​ឥទ្ធិពល​របស់ វា​អាច​មើលឃើញ​នៅ​គ្រប់​ទីកន្លែង​។ ទឹក​ក្រោម​ដី គឺជា​កំណប់ទ្រព្យ​លាក់កំបាំង​ដែល​ធ្វើឱ្យ​ជីវិត​របស់​យើង​កាន់តែ​សម្បូរបែប​។ ស្ទើរតែ​ទាំងអស់​នៃ​ទឹកសាប​នៅក្នុង​ពិភពលោក​គឺជា​ទឹក​ក្រោម​ដី​។ នៅពេលដែល​ការប្រែប្រួល​អាកាសធាតុ​កាន់តែ​អាក្រក់ ទឹក​ក្រោម​ដី​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ ដើម្បី​គ្រប់គ្រង​ធនធាន​ដ៏មាន​តម្លៃ​នេះ​ប្រកប​ដោយ​និរន្តរភាព​»​។

ដើម្បី​រក្សាបាន​នូវ​ប្រភព​ទឹកសាប​សម្រាប់​ប្រើប្រាស់ និង​ទប់ស្កាត់​វិបត្តិ​ខ្វះ​ទឹក ទាំងអស់​គ្នា​ត្រូវ​ចូលរួម​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ​ដែលជា​ប្រភព​ទាក់ទាញ​ទឹក​យ៉ាងសំខាន់​។

លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា សរសេរ​លើ​ហ្វេសប៊ុក នា​ថ្ងៃទី​ ២១ មីនា​ថា ព្រៃឈើ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ លោក​ថា​៖ «​ប្រទេស​កម្ពុជា​បាន​ចូលរួម​បង្កើត​គោលនយោបាយ​ជាច្រើន​ ដើម្បី​ចូលរួម​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​។ ប្រទេស​កម្ពុជា​បានរៀបចំ​ឱ្យមាន​កម្មវិធី​ព្រៃឈើ​ជាតិ​ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការចូលរួម​ការពារ​ព្រៃ និង​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​សម្រាប់​ការរួម​ចំណែក​ក្នុង​កិច្ចការពារ​ព្រៃឈើ ដូចជា ការចូលរួម​ពី​សហគមន៍ សង្គម​ស៊ីវិល និង​ដៃគូ​អន្តរជាតិ​នានា​»៕