ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រ​ក​ឃើញអ្នក​ឆ្លង​វីរុសកូវីដ ១៩ ​បន្ថែម​ទៀត​ជាង​ ៦០ នាក់ ​ដែល​សុទ្ធតែ​ជាប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ ​ហើយ​ក៏​មាន​អ្នក​ជាសះស្បើយ​បន្ថែម​រហូត​ជាង​ ​៥០ នាក់​ផង​ដែរ ​និង​មិនមាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ​អូមីក្រុង​នេះ​ឡើយ ​នា​ថ្ងៃ​ទី ២៣ ​មីនា​នេះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី ២៣ ​មីនា ​ឆ្នាំ ​២០២២ ​បានបញ្ជាក់​ថា ​មនុស្ស​ចំនួន​ ៦៤ នាក់​ទៀត ​បាន​ឆ្លង​វីរុស​កូវីដ ១៩ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៥១ នាក់។ ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ​៦៤ នាក់ ​ដោយ​មិនមាន​ការរក​ឃើញ​អ្នក​ឆ្លង​មេរោគ​នេះ​ពី​អ្នកដំណើរ​មកពី​បរទេស​ឡើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៣ ​ខែ មីនា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩​ ទូទាំង​ប្រទេស​ចំនួន​ ១៣៥ ២២២ ​នាក់ ​អ្នកជា​សះស្បើយ​ចំនួន​ ១៣១ ១៦១ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥២ នាក់៕