ព្រះវិហារៈ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះវិហារ ភ្លាមៗ​បន្ទាប់ពី​គាត់​រងគ្រោះ ដោយសារ​ជាន់មីន​ ១ ​គ្រាប់​ផ្ទុះ​បែក​ប្រអប់​ជើងឆ្វេង​កាលពី​រសៀល​ថ្ងៃទី​ ២១ មីនា​នៅ​ចំណុច​ភ្នំ​ណងទឹម ស្ថិតនៅ​ព្រំដែន​តាម​ភ្នំ​ដងរែក ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំក្សាន្ត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។ នេះ​បើតាម​លោក​អភិបាលរង​ស្រុក​ជាំក្សាន្ត​។

លោក​ លិញ យុត អភិបាលរង​ស្រុក​ជាំក្សាន្ត​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២២ មីនា​ថា ជនរងគ្រោះ​ឈ្មោះ​ ទិត ហៃ ភេទ ប្រុស​អាយុ​​ជាង​ ៣០ ​ឆ្នាំ ជា​កងទ័ព​បម្រើ​​ការ​នៅ​កងអនុសេនាតូច​លេខ ​២ ​នៃ​កងអនុសេនាធំ​លេខ​ ១ ​សឹករង​ស្រុក​ជាំក្សាន្ត ចំណុះឱ្យ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ ប្រចាំការ​នៅ​ច្រក​ណងទឹម​។ គាត់​បាន​រងរបួស​បែក​ប្រអប់ជើង​ខាងឆ្វេង​ ដោយសារ​ដើរ​ជាន់​គ្រាប់មីន​ហើយ​ផ្ទុះ​​កាលពី​រសៀល​ថ្ងៃទី​ ២១ មីនា ប៉ុន្តែ​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ បន្ទាប់ពី​រងគ្រោះ​ភ្លាមៗ ។

លោក​ថ្លែងថា​៖ «​ទីតាំង​ផ្ទុះ​មីន​គឺជា​ផ្លូវ​ដែល​គាត់​ដើរ​ចុះ​​ឡើង​រាល់ថ្ងៃ តែ​ដល់​ភ្លៀង​ ១​ មេ​ទៅ​គាត់​ក៏​ដើរទៅ​មើល​ប្រឡាយ​​ដែល​គាត់​ទប់​យក​ទឹក​ប្រើប្រាស់​​ហើយក៏​ជាន់មីន​ទៅ​។ ​មីន​នោះ​ជា​ប្រភេទ​គ្រាប់មីន​ថ្មើរ​ជើងទេ​ដែល​ដាក់​នៅតាម​បន្ទាត់​ព្រំដែន​»​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​​បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រាប់​​មីន​វិញ គឺ​ក្នុងនាម​ជា​អាជ្ញាធរ​ស្រុក​លោក​តែងតែ​ផ្សព្វផ្សាយ​​ និង​អប់រំ​ជាប្រចាំ​ដល់​ពលរដ្ឋ​នៅតាម​ភូមិ​ឃុំ និង​តាម​សាលារៀន​ផងដែរ​។ ​ការផ្សព្វផ្សាយ​អប់រំ​នេះ គឺ​ដោយ​អាជ្ញាធរ​យល់ថា ផ្នែក​ខ្លះ​ក្នុង​ស្រុក​ជាំក្សាន្ត​ពិសេស​នៅតាម​តំបន់​ជាយដែន​មាន​បន្សល់ទុក​នូវ​សំណល់​គ្រាប់មីន​ចាស់ៗ​ពី​សម័យ​សង្គា្រម ហើយ​ទើបតែ​បញ្ចប់​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​ ២០២២ ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា តាមរយៈ​ការផ្សព្វផ្សាយ​នេះ​គឺមាន​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​បាន​​យល់ដឹង​ច្រើន ដោយពេល​ឃើញ​គ្រាប់ គឺ​ពួកគាត់​តែង​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ដែនដី​ដែល​ពួកគាត់​រស់នៅ ឬក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍ រហូត​មាន​ការជូនដំណឹង​បន្តទៅ​មន្ត្រី​ស៊ីម៉ាក់​ដែល​ប្រចាំ​នៅតាម​តំបន់​នានា​នៃ​ខេត្តព្រះវិហារ​។

លោក ទន ទិន នាយ​នគរបាល​​ប៉ុស្តិ៍​ជាំក្សាន្ត​ឱ្យដឹង​នៅ​ថ្ងៃទី​ ២២ មីនា ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​នៅ​ម៉ោងជាង​ ៤ រសៀល​ថ្ងៃទី​ ២១ មីនា ស្ថិតនៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​លើ​ភ្នំ​ដងរែក​។ តំបន់​នោះ​ជា​តំបន់​ព្រៃភ្នំ​នៅលើ​ភ្នំដងរែក ហើយក៏​ជា​អតីត​សមរភូមិ​សម័យ​សង្គ្រាម​ឆ្នាំ​ ១៩៧៩-១៩៨០ ដែរ​។

លោក​ថា​៖ «​គ្រាប់មីន​នៅ​ម្តុំ​ហ្នឹង​នៅ​មិនទាន់​អស់​ទេ​ដោយសារ​ព្រៃ​ច្រើន ហើយក៏​នៅ​មិនទាន់​បាន​រាវរក​ដែរ ម្យ៉ាង​ជា​តំបន់​ព្រៃភ្នំ​ផង​។ កន្លែង​ជាន់មីន​នោះ​ជនរងគ្រោះ​ដើរល្បាត​រាល់​តែ​ថ្ងៃ​ហ្នឹង​»​។

ទាក់ទង​នឹង​គ្រោះថ្នាក់​នេះ​​កាលពី​ថ្ងៃទី​ ២២ មីនា អាជ្ញាធរ​មីន​ក៏បាន​បង្ហោះ​សារ​លើ​គេហទំព័រ​របស់ខ្លួន​ផងដែរ ដោយមាន​ភ្ជាប់​ទាំង​រូបភាព​របស់​ជនរងគ្រោះ​ជា​មន្ត្រី​យោធា​ខាងលើនេះ​ទៀតផង​។ នៅក្នុង​សារនោះ អាជ្ញាធរ​មីន​បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​កុំ​ចូលទៅ​តំបន់​ណា​ដែល​មិនបាន​ដឹង​ពី​ប្រវត្តិ​ច្បាស់លាស់​ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​សិន​មុននឹង​ចូលទៅ​តំបន់​នោះ​។

គេហទំព័រ​នេះ​បាន​បញ្ជាក់ថា​ «​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ប្រតិបត្តិករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​»៕