បន្ទាយមានជ័យៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បានសម្រេច​បិទ​បញ្ចប់​រាល់​សកម្ម​កាយ​ដីភ្នំ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ ដើម្បី​រក្សា​ទុកជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​។

លោក វឹក វ៉ាន់ថា អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ​មីនា​ថា កាលពី​ថ្ងៃទី ១៩ ខែមីនា​ក្រុមការងារ​របស់លោក​បាន​សហការ​ជាមួយ​ក្រុម​កម្លាំង​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្តបន្ទាយមានជ័យ ចុះ​បិទបញ្ចប់​សកម្មភាព​អាជីវកម្ម​ជីកកាយ​ដីភ្នំ​មួយកន្លែង​របស់​ឈ្មោះ ចាំង ហ្គេចភាវ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។

លោក​បញ្ជាក់ថា​៖ «​ភ្នំ​បាក់ មាន​ទំហំ​ ៣៦ ​ហិកតា គឺជា​កូនភ្នំ​មួយ​ក្នុងចំណោម​កូនភ្នំ​ចំនួន​ ៥ ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរីសោភ័ណ ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ដែល​មិនអាច​ប៉ះពាល់​បាន​។ ដូច្នេះ​រាល់​សកម្មភាព​ជីក​កាយ​ដីភ្នំ​ទាំងអស់​ដែល​ស្ថិតក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ត្រូវតែ​ហាមឃាត់​ជាដាច់ខាត​»​។

សកម្មភាព​របស់​សមត្ថកិច្ច​ជំនាញ​ក្នុង​ការចុះ​បិទបញ្ចប់ អាជីវកម្ម​កាយ​ដីភ្នំ​របស់​បុគ្គល ចាំង ហ្គេចភាវ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ស្វាគមន៍ គាំទ្រ​ជាខ្លាំង​។

លោក អ៊ូ ម៉ៅ អាយុ ៥២ ​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កូនភ្នំ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ដូចជា​ភ្នំបាក់ ភ្នំ​ជញ្ជាំង ភ្នំ​ដូងព្រះ ភ្នំស្វាយ និង​ភ្នំ​កងវ៉ា ត្រូវបាន​គេ​ជីក​កាយ​យក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ ស្ទើរ​រាបស្មើ​ដី​ធម្មតា​ទៅហើយ​។

លោក​បាន​និយាយថា​៖ «​នៅ​ភ្នំ​បាក់​នេះ គេ​បាន​ជីក​កាយ​យក​អាចម៍ដី​ស្ទើរ​អស់ ១ ​ចំហៀង​ភ្នំ​ទៅហើយ​។ ក្រុម​ឈ្មួញ​រកស៊ី​កាយ​ដីភ្នំ​នេះ មិន​ញញើត​កោតក្រែង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ឡើយ ដោយ​ពួកគេ​យក​លេស​ថា ជីកដី​ភ្នំ​បាក់​ហ្នឹង​យកទៅ​ធ្វើ​ផ្លូវ និង​យកទៅ​បំពេញ​ទីធ្លា​ក្នុង​គ្រឹះស្ថាន​ឧត្តមសិក្សា​មួយ​នៅក្នុង​ខេត្ត​»​។

បើតាម​លោក ម៉ៅ សកម្មភាព​កាយ​ដីភ្នំ​បាក់​នេះ​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​មក​ម្ល៉េះ ប៉ុន្តែ​មកដល់​ថ្ងៃទី ​១៧ ខែមីនា ឃើញ​មាន​ក្រុម​សមត្ថកិច្ច ១​ ក្រុម បាន​ចុះទៅពិនិត្យ និង​ហាមឃាត់​មិនឱ្យ​មានការ​ជីក​កាយ​ដីភ្នំ​នេះ​តទៅទៀត​។ ប៉ុន្តែ​ឈ្មួញ​ជីក​កាយ​អាចម៍ដី​នោះ នៅតែ​បន្ត​លួច​ជីក​កាយ និង​ដឹកជញ្ជូន​យក​ទៅលក់​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ក្រុង​សិរីសោភ័ណ​។ ដោយ​ពិនិត្យឃើញ​មាន​ភាព​មិន​សមមូល​ទៅនឹង​គម្រោង​ស្ថាបនា​ផ្លូវ និង​ចាក់​បំពេញ​ទីធ្លា​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​ទើប​នៅ​ថ្ងៃទី​ ១៩ ក្រុមមន្ត្រី​ជំនាញ​បាន​ចុះមក​បិទ​បញ្ចប់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​អាជីវកម្ម​ជីកកាយ​ដីភ្នំ ឈ្មោះ ចាំង ហ្គេចភាវ នោះ​តែម្ដងទៅ​។ លោក​បាន​បន្តថា​៖ «​ខ្ញុំ​រីករាយ​ណាស់ នៅពេល​ឃើញ​អាជ្ញាធរ​ជំនាញ​ចុះមក​ហាមឃាត់ និង​បិទ​អាជីវកម្ម​កាយ​ដីភ្នំ​នេះ ដើម្បី​ប្រែក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​»​។

ជុំវិញ​ករណីនេះ អ្នកបើកបរ​អេស្កាវ៉ាទ័រ​ម្នាក់ ដែល​បម្រើការ​ឱ្យ​ក្រុមហ៊ុន​របស់លោក ចាំង ហ្គេចភាវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា កាលដែល​ក្រុមហ៊ុន​របស់​លោក​ហ៊ាន​ជីក​កាយ​ដី​នៅ​ភ្នំ​បាក់ ជាប់​នឹង​ទី​ឈាបនដ្ឋាន បញ្ចុះសព​អ្នកជំងឺ​កូវីដ ​១៩ ខេត្ត​បន្ទាយមានជ័យ​នោះ ក៏​មកពី​មន្ត្រី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​បានស្នើ​ឱ្យ​ក្រុមហ៊ុន​លោក​ជួយ​កាយ និង​ជីកដី​មក​ស្ថាបនា​ផ្លូវ​ប្រវែង ២ ០០០ ​ម៉ែត្រ និង​ចាក់​បំពេញ​ទីធ្លា​គ្រឹះស្ថាន​ឧត្តមសិក្សា​មួយ​ក្នុង​ទីរួម​ខេត្តបន្ទាយមានជ័យ ដែល​រង​ការ​ជន់​លិច​រៀងរាល់ឆ្នាំ​នៅពេល​រដូវវស្សា​មកដល់​។ ប្រភព​ដដែល​បញ្ជាក់ថា​៖ «​មិនមែន​ក្រុមហ៊ុន​យើងខ្ញុំ​ហ៊ាន​ទៅ​ជីក​កាយ​ដីភ្នំ​នោះ ដោយ​ចិត្ត​ឯង ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ​»​។

យ៉ាងណា​ក៏ដោយ លោក​ វ៉ាន់ថា បាន​និយាយថា ការបិទ​បញ្ចប់​សកម្មភាព​ជីក​កាយ​ដីភ្នំ​នេះ មិនមែន​ធ្វើឡើង​តែ​នៅ​តំបន់ភ្នំបាក់​ក្នុង​ក្រុង​សិរីសោភ័ណ​នេះ​ទេ​គឺ​ធ្វើ​នៅ​គ្រប់​ទីតាំង​ភ្នំ​ទាំងអស់ ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។

បើតាម​លោក វ៉ាន់ ថា ខេត្ត​បន្ទាយមានជ័យ​មាន​ភ្នំ​ចំនួន​ ៩ ​កន្លែង ដែល​ត្រូវ​បានរៀបចំ​បង្កើតជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​តម្រូវឱ្យ​មាន​ការចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​កំណត់​ព្រំប្រទល់​តំបន់​មាន​សក្តានុពល​ធនធាន​ធម្មជាតិ​ដ៏​សម្បូរបែប ទាំង​ផ្នែក​វប្បធម៌​ប្រពៃណី ទេសចរណ៍ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​។ ទីតាំង​ភ្នំ​ដ៏មាន​សក្ដានុពល​ទាំង​ ៩​ កន្លែង​នោះ រួមមាន ភ្នំ​កងវ៉ា ក្នុង​ក្រុង​សិរីសោភ័ណ ភ្នំ​តូច និង​ភ្នំ​បន្ទាយនាង ក្នុងស្រុក​មង្គលបុរី ភ្នំ​ជ្រាប់​ និង​ភ្នំ​ស្រះ​ក្នុងស្រុក​ព្រះនេត្រព្រះ ភ្នំ​កំពូលបី ភ្នំ​វែង ភ្នំ​ម៉ាឡៃ និង​ភ្នំ​ទឹក​ចេញ​ក្នុងស្រុក​ម៉ាឡៃ​៕