សៀមរាបៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទទួល​បាន​ការអនុវត្ត​សកម្មភាព​ការងារ​អភិរក្ស និង​ថែទាំ​បន្ត​រយៈពេល ៦ ​ខែ​ខាងមុខ​ទៀត ក្រោយ​អាជ្ញាធរ​មួយ​នេះ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​ ៧ ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ព្រះវិហារ (ICC-Preah Vihear)​ដើម្បី​ពិភាក្សា​ផ្តោតលើ​ការងារ​អភិរក្ស​មួយចំនួន​។

នៅ​ថ្ងៃទី​ទី​ ២២ ខែមីនា អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ខេត្តសៀមរាប​ក្រោម​ការចូលរួម​ពី​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Guo Wei អនុប្រធាន​ផ្នែក​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​គណៈកម្មការ​ជាតិ​យូណេស្កូ​ចិន​។ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ប្រទេស​ជា​សមាជិក​ចំនួន ៤ ទៀត​រួមមាន បែលហ្ស៊ិក ជប៉ុន ថៃឡង់ដ៍ និង​សហរដ្ឋអាមេរិក អ្នកជំនាញ​ការជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៧០ ​នាក់ ចូលរួម​ផ្ទាល់ និង​ ៤០​ នាក់​តាម​អនឡាញ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឱ្យដឹងថា កិច្ចប្រជុំ​នេះ​បាន​ផ្តោត​ជាសំខាន់​លើ​ការងារ​មួយចំនួន ដូចជា​ផែនការ​ការងារ​អភិរក្ស​គោបុរៈ​ទី​ ៥ នៃ​ប្រាសាទ​ព្រះវិហារ ដោយ​អ្នកជំនាញការ​ឥណ្ឌា ការងារ​ជួសជុល​ស្ពានហាល​នៅ​ចន្លោះ​គោបុរៈ​ទី ​៤ និង​ទី ​៥ នៃ​ប្រាសាទព្រះវិហារ និង​ការងារ​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ទូត​សម្រាប់​ការអភិរក្ស​វប្បធម៌​របស់​សហរដ្ឋ​អាមេរិក​។

បន្ថែម​ពីនេះ ចំពោះ​ការងារ​អភិរក្ស​ប្រាសាទ​ដងទង់ ប្រាសាទ​តាមែន ប្រាសាទធំ ប្រាសាទ​ចិន ប្រាសាទក្រចាប់ និង​ប្រាសាទអណ្ដូង​គុក ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​កោះកេរ​ការងារ​កំណាយ​បុរាណ​នៅ​ប្រាសាទ​ថ្មបាយក្រៀម ប្រាសាទ​ក្រចាប់ និង​ប្រាសាទ​ចិន ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​កោះកេរ និង​ការងារ​អភិវឌ្ឍន៍​ធនធាន​ទឹក​នៅ​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះកេរ ព្រមទាំង​ផែនការ​គ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះកេរ ក៏ត្រូវ​បាន​យកមក​ពិភាក្សា​ដែរ​។

អាជ្ញាធរ​មួយ​នេះ​បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំពេញអង្គ​លើក​ទី ៧ នៃ ICC-Preah Vihear បាន​ប្រព្រឹត្តទៅ​រយៈពេល​ពេញ​ ១ ​ថ្ងៃ​ប្រកប​ដោយ​ជោគជ័យ និង​ទទួលបាន​អនុសាសន៍​ល្អៗ​ពី​អ្នកជំនាញ​ការអន្តរជាតិ សម្រាប់​ផ្តល់ជូន​អាជ្ញាធរ​ជាតិ​ព្រះវិហារ យកទៅអនុវត្ត​បន្ត​រយៈពេល ៦ ​ខែ ខាងមុខ​ទៀត ហើយ​បានកំណត់​យក​កិច្ចប្រជុំ ICC-Preah Vihear លើក​ក្រោយ​នៅ​ខែកញ្ញា ឆ្នាំ​ ២០២២»​។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការជួបគ្នា​នេះ​គឺជា​កិច្ចប្រជុំ​ផ្ទាល់​មុខ​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ជុំវិញ​អ្វីដែល​សម្រេចបាន​ក្នុង​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​ការពារ និង​ដើម្បី​ឈាន​ទៅរក​ការអនុវត្ត​បន្ត​នូវ​ការដែល​សេសសល់ និង​ការងារ​ថ្មីៗ​ដើម្បី​ធ្វើយ៉ាងណា​រក្សា​ការពារ​ប្រាសាទ​ និង​តំបន់​ទាំងនេះ​ឱ្យមាន​និរន្តរភាព​។

លោក​ថា​៖ «​កិច្ចការងារ​នេះ​យើង​នឹង​បន្ត​ឱ្យអស់​លទ្ធភាព​ ដើម្បី​ធ្វើការ​អភិរក្ស​រមណីយដ្ឋាន​ទាំង​ ២ ​នេះ​ឱ្យបាន​ថិតថេរ​គង់ង្ស​»​។ គណៈកម្មាធិការ​នេះ​ក៏បាន​ចុះ​ត្រួតពិនិត្យ​ការងារ​អភិរក្ស ជួសជុល​នៅតាម​រមណីយដ្ឋាន​មួយចំនួន​ផងដែរ​៕