កណ្តាលៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បង្កើន​ចំនួន​​នៃ​ការទទួល​យក​ពលករ​ខ្មែរ​​ទៅ​ធ្វើការ​បន្ថែមទៀត នៅ​ឆ្នាំ​ ២០២២ ​នេះ ខណៈដែល​ពលករ​កម្ពុជា ប្រមាណ​ជា​ ៤៥ ០០០ នាក់ បាននិង​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទៅហើយ​នោះ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​បែបនេះ​នា​ព្រឹក​ថ្ងៃទី ​២៣ ខែមីនា ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ២១ ដែលមាន​ប្រវែង​ជិត​ ៦៤ ​គីឡូម៉ែត្រ​តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ រហូត​ដល់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ-​ឡុងប៊ិញ​)​។

លោក​លើកឡើងថា ការនាំចេញ​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ខែ ដើមឆ្នាំ​ ២០២២ ​នេះ មាន​កំណើន​ជាង​ ៣០% ​នៃ​ការនាំ​ចេញ​សរុប​ទូទៅ​។ ប៉ុន្តែ​ដោយឡែក​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ការកើនឡើង​ ៣៣% ​នៃ​ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​នេះ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ដូចនេះ​ចំណុច​នេះ​ជា​ចំណុច​ដែល យើង​កំពុងតែ​អនុវត្ត​ដោយ​ខាង​ប្រទេស​កម្ពុជា​បានឱ្យ​រួចហើយ​នូវ​សច្ចាប័ន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​។ ខ្ញុំ​ក៏បាន​ប្រាប់​ទាំង​ប្រធាន​សភា ទាំង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា សុំឱ្យ​ពួកគាត់​បំពេញ​នីតិវិធី​ផ្ទៃក្នុង​ឱ្យបាន​ឆាប់ ដើម្បី​យើង​អាច​ចាប់ផ្តើម​ជំរុញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​កូរ៉េ ស្រប​គ្នា​ជាមួយ​នឹង​ការចូល​ជាធរមាន​នូវ​កិច្ចព្រមព្រៀង​អាសិប​ (ASEP)​។ នេះ​ជា​ផលប្រយោជន៍​ដែល​ចេញមកពី​កិច្ចសហប្រតិបត្តិការ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រមាណ​ជា ៤៥ ០០០ ​នាក់​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​បានស្នើសុំ​ឱ្យ​ផ្តល់​កូតា​សម្រាប់​ពលករ​កម្ពុជា​ទៅធ្វើការ​ប្រទេស​កូរ៉េ​បន្ថែមទៀត ដែល​យើង​មិនមែន​ត្រឹមតែ​យកប្រាក់​កាស​មក​ដោះស្រាយ​ជីវភាព​នោះទេ ប៉ុន្តែ​ក៏​អាច​នាំមក​ផងដែរ នូវ​បច្ចេកទេស​នានា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ផងដែរ​»​។

នាឱកាស​នោះដែរ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា លោក Park Heung-Kyeong បានលើកឡើង​ដែរ​ថា ទំនាក់ទំនង​មិត្តភាព​ដ៏ល្អ​រវាង​កម្ពុជា និង​កូរ៉េ បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការបង្កើត​ការងារ​ក្នុង​ការប្រមូល​រូបិយប័ណ្ណ​អន្តរជាតិ សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ តាមរយៈ​ការនាំចេញ​កម្លាំង​ពលកម្ម ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ មាន​ពលករ​កម្ពុជា​ប្រមាណ​ជា​ ៤៥ ០០០ ​នាក់ កំពុងតែ​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កូរ៉េ​ប្រកបដោយ​ភាពស្មោះត្រង់​ និង​ទទួល​បាន​ការទទួលស្គាល់​សមត្ថភាព​ពី​និយោជក​របស់​ពួកគេ​ផងដែរ​»​។

លោក​ Park Heung-Kyeong ថ្លែង​ដែរ​ថា ការផ្លាស់ប្តូរ​ប្រជាជន​រវាង​ប្រទេស​ទាំង​ ២ ក៏មាន​សកម្មភាព​យ៉ាងសកម្ម​ផងដែរ មុនពេល​មាន​ការផ្ទុះឡើង​នូវ​ការរីករាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ហើយ​ក្នុងនោះ​ចំនួន​ភ្ញៀវទេសចរ​ទស្សនកិច្ច​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ ២ ​ប្រចាំ​ឆ្នាំមាន​ចំនួន​រហូតដល់​ ៣០​ ម៉ឺន​នាក់​។

ប្រទេស​កម្ពុជា គឺជា​ប្រទេស​លំដាប់​ខ្ពស់ និង​ជា​ប្រទេស​ដែលមាន​ពលករ​ខិតខំ​ធ្វើ​ការងារ អត់ធ្មត់​ល្អ​ជាងគេ​ក្នុង​ចំណោម​ ១៦​ ប្រទេស​ផ្សេងទៀត ហើយ​ប្រទេស​កូរ៉េ​ចាត់ទុក​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដៃគូ​សហប្រតិបត្តិការ​មិន​អាច​ខ្វះ​បាន​នៅពេល​បច្ចុប្បន្ន និង​អនាគត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ គីម វ៉ុនសុក ប្រធាន​ការិយាល័យ​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​ការងារ​កូរ៉េ​តំបន់​សេអ៊ូល​។

ការលើកឡើង​ដូចនេះ ក្នុងជំនួប​ជាមួយ​មន្ត្រី​នៃ​ការិយាល័យ​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​-​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ​ ២០២២ ដើម្បី​ពិភាក្សា​ការងារ​ពលករ​ប្រចាំ​តំបន់ និង​ជាពិសេស ការសហការ​ក្នុង​ការបើក​វគ្គ​បណ្ដុះបណ្ដាល​ពលករ​ផ្លាស់ប្ដូរ​ការងារ​ផងដែរ​។

លោក​ គីម វ៉ុនសុក និង​ក្រុម​ការងារ មាន​ការសប្បាយ​រីករាយ​សហការ​ជាមួយ​ស្ថានទូត​កម្ពុជា​ក្នុង​ការរៀបចំ​បើក​វគ្គបណ្ដុះបណ្ដាល​ខ្លី​ដល់​ពលករ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ឱ្យ​ទទួលបាន​ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​ក្នុង​អំឡុងពេល​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។

ជាការ​ឆ្លើយតប ការិយាល័យ​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា ពិតជា​មាន​សេចក្ដី​សោមនស្ស​ និង​ចូលរួម​សហការ​ជាមួយ​ភាគី​កូរ៉េ​បន្ថែមទៀត​ ដើម្បីឱ្យ​ប្រជាពលករ​ខ្មែរ​ទទួលបាន​ចំណេះដឹង​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត អំឡុង​ពេល​មក​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ លោក​ អ៊ិត សំហេង ថ្លែង​កាលពី​ខែកុម្ភៈ ថា គិត​ត្រឹម​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​បានផ្តល់​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង​ ១,៣ ​លាន​នាក់​។

លោក​ អ៊ិត សំហេង បន្ថែមថា​៖ «​បើតាម​ការប៉ាន់ប្រមាណ​ពី​ការប្រាក់​បញ្ញើ​ដែល​បងប្អូន​ពលករ​បាន​ផ្ញើជូន​ក្រុមគ្រួសារ​ក្នុង​ ១​ ឆ្នាំៗ ប្រហែល​ ២,៨ ​ប៊ីលាន​ដុល្លារ​អាមេរិក ដែល​តាមរយៈ​ទឹកប្រាក់​ទាំងនេះ​បាន​ចូលរួមចំណែក​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​ពលករ​កាន់តែ​ប្រសើរឡើង​ផងដែរ​»​។

លោក​ថា កម្ពុជា​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និង​ប្រទេសមួយ​ចំនួន​ទៀត​ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលករ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងនោះ បង្កលក្ខណ​សម្បត្តិ​ឱ្យ​បងប្អូន​ទទួលបាន​របប​គាំពារ​សង្គម​ទាំង​បច្ចុប្បន្ន និង​ពេលដែល​វិលត្រឡប់​មកវិញ​។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស រួមមាន ប្រទេស​ថៃ​ចំនួន​ ១ ២២០ ១៩៧ ​នាក់ កូរ៉េ​ ៤ ៥ ៨៦៦ ​នាក់ ម៉ាឡេស៊ី ២៣ ០២៧ ​នាក់ ជប៉ុន​ ១១ ៤៥៣​ នាក់ សិង្ហបុរី​៨២១ ​នាក់ ហុងកុង​ ២០២​ នាក់ និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ៤៣ ​នាក់​៕