ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​បច្ចុប្បន្ននេះ ករណី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ហើយ​អ្នក​កើត​ជំងឺ​កូវីដ​ ១៩ ​អាច​ព្យាបាល​ជាសះស្បើយ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​អាច​បង្ក​ឱ្យ​មនុស្ស​ពិការ​ ឬ​អាច​បាត់បង់​ជីវិត​តែម្តង​។

ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​​លេខ​ ២១ ​ប្រវែង​ជិត​ ៦៤​ គីឡូម៉ែត្រ​តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ​​រហូតដល់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម ​(​ជ្រៃធំ-​ឡុងប៊ិញ​) ​នៅ​ព្រឹក​ថ្ងៃទី ​២៣ ខែមីនា ឆ្នាំ​ ២០២២​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំ​អំពាវនាវ​ឱ្យមាន​ការគោរព​ដល់​ច្បាប់​ចរាចរណ៍ កុំ​ឱ្យមាន​ផ្លូវ​ល្អ​ហើយ​បែរជា​នាំគ្នា​ស្រែកយំ​ទៅ​​វិញ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ម្សិលមិញ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់​ចំនួន​ ៦​ នាក់ និង​របួស​ចំនួន​ ៨ ​នាក់​ក្នុង​ ៥ ​រាជធានី​-​ខេត្ត​។ អ៊ីចឹង​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ ៥​ ឬ​ ៨​ នាក់​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​​កូវីដ​ ១៩ ម្សិលមិញ​អត់​មាន​អ្នកស្លាប់​នោះទេ​»​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែមទៀតថា ប្រសិនបើ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​ចំនួន​ ៥ ​នាក់ នោះ​រយៈពេល​ ១០​ ថ្ងៃ​មាន​មនុស្ស​រហូតដល់​ ៥០ ​នាក់​បាន​បាត់បង់​ជីវិត​ដែល​នេះ គឺជា​ការបង្កើត​នូវ​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​កម្ពុជា​។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​ប្រសិនបើ​អ្នក​ដែល​ស្លាប់​នោះ​ជា​មេ​គ្រួសារ តើ​អ្នកណា​ចិញ្ចឹម​កូន ចិញ្ចឹម​ប្រពន្ធ​។ ​នេះ​ជា​បញ្ហា​ដែល​យើង​សូម​អំពាវនាវ​ឱ្យមាន​ការគោរព​នូវ​ច្បាប់​ចរាចរណ៍​ដែល​តម្រូវឱ្យ​​អ្នកធ្វើដំណើរ​ត្រូវ​ពាក់មួក ពាក់​ខ្សែក្រវាត់​ឱ្យបាន​ត្រឹមត្រូវ​»​។

គួរបញ្ជាក់​ផងដែ​ថា ក្នុង​ឆ្នាំ​ ២០២១ ​កន្លងទៅនេះ មនុស្ស​ជិត​ ១ ៥០០ ​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អ្នករងរបួស​ចំនួន ៣ ៦១៥ ​នាក់​ផងដែរ​។

ដោយឡែក​ទាក់ទង​នឹង​ស្ថានភាព​នៃ​ការចម្លង និង​ការស្លាប់​ដោយសារ​វីរុស​កូវីដ​ ១៩ ​វិញ​ ​បើ​យោងតាម​របាយការណ៍​ប្រចាំ​​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​គឺមាន​ការថយចុះ​នូវ​ចំនួន​អ្នក​ឆ្លង​ និង​អ្នក​បាត់បង់​ជីវិត ហើយ​មាន​ថ្ងៃ​ខ្លះ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​នេះឡើយ​។

ពាក់ព័ន្ធ​នឹង​ការថយចុះ​នៃ​ចំនួន​ឆ្លង​នេះដែរ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​ព្រមាន​​ថា ទោះបី​ការឆ្លង​វីរុស​កូវីដ​ ១៩ ​មានការ​ថយចុះ​ក៏ដោយ ប៉ុន្តែ​មិនត្រូវ​មានការ​ភ្លេចខ្លួន​ពី​ការការពារ កុំ​មើលងាយ កុំ​មើលស្រាល​ចំពោះ​មេរោគ​នេះ​ឱ្យ​សោះ ដោយ​ត្រូវ​បន្ត​រួមគ្នា​ទប់ស្កាត់​ការចម្លង​មេរោគ​នេះ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​បានលើកឡើង​ដូចនេះ កាលពី​ថ្ងៃទី​ ២២ ខែមីនា ក្នុង​យុទ្ធនាការ​​អប់រំ​សុខភាព​រួមគ្នា​ទប់ស្កាត់​​ការចម្លង​វីរុស​កូវីដ​ ១៩ ក្រោម​ប្រធានបទ «​រួមគ្នា​ប្រយុទ្ធ​នឹង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​អូមីក្រុង ដែល​ឆ្លង​លឿន​ខ្លាំង​ជាង​មុន អាច​បង្កឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​អ្នក និង​គ្រួសារ​»​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ស្ថានភាព​បច្ចុប្បន្ននេះ​ការឆ្លង​រាលដាល​នូវ​កូវីដ​ ១៩ វា​នៅតែ​ជាការ​ព្រួយបារម្ភ​របស់​យើង​ដដែល​ទេ ថ្វីដ្បិតតែ​តួលេខ​បង្ហាញថា មានការ​ធ្លាក់ចុះ​ជា​បណ្តើរៗ ជា​ការ​ល្អប្រសើរ​មែនទែន​ហើយ ប៉ុន្តែ​សុំ​ប្រជាពលរដ្ឋ កុំ​ភ្លេចខ្លួន​ឱ្យសោះ​ពី​ការការពារ​ពី​មេរោគ​នេះ​»​។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​រូបនេះ​បាន​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​នូវ​វិធានការ​ ដើម្បី​ទប់​នូវ​ហានិភ័យ​នៃ​ការចម្លង​កាន់តែ​តិច​ទៅៗ ហើយ​អ្វីដែល​ធ្វើឱ្យ​ការចម្លង​នេះ​កាន់តែ​ទាប​ទៅៗ​គឺ​មានតែ​ការអនុវត្ត​វិធានការ ៣​ ការពារ ៣ ​កុំ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ២២២ ​នាក់ មាន​អ្នកជា​សះស្បើយ​សរុប ចំនួន ១៣១ ១៦១ ​នាក់​ និង​អ្នកស្លាប់​​មាន​ចំនួន ៣ ០៥២​ នាក់ ដែល​ក្នុងនោះ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ ​ប្រភេទ​អូមីក្រុង​មាន​ចំនួន​​ប្រមាណ​ជា ១៤ ០០០​ នាក់ និង​មាន​អ្នកស្លាប់​ជាង​ ៥០​ នាក់​​ផងដែរ​៕