កណ្តាលៈ ផ្លូវជាតិ​លេខ​ ២១ ប្រវែង​ជិត ៦៤ ​គីឡូម៉ែត្រ តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ​រហូត​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃធំ​-​ឡុងប៊ិញ​) ក្នុង​ខេត្តកណ្តាល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​​ប្រើប្រាស់​នៅ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​តំបន់​អរិយក្សត្រ ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យ​ដឹងថា ផ្លូវជាតិ​លេខ​ ២១​ នេះ​បាន​សាងសង់​ដោយបាន​ចំណាយ​ថវិកា​សរុប​ជិត ៦១ ​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ការបោសសម្អាត​គ្រាប់មីន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ និង​ពន្ធអាករ​ផ្សេងៗ​។

លោក​មានប្រសាសន៍​ថា៖ «​ផ្លូវជាតិ​លេខ​ ២១ ​នេះ​មាន​សារៈសំខាន់​ជាច្រើន ដោយ​ផ្លូវ​នេះ​ជា​ខ្សែ​យុទ្ធសាស្ត្រ​តភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយ​បណ្តាញ​ផ្លូវ​គមនាគមន៍​មួយចំនួន​ដូចជា ផ្លូវជាតិ​លេខ ២ ផ្លូវ​ក្រវាត់ក្រុង​ទី​ ២ ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ ផ្លូវជាតិ​លេខ​ ២១A និង​ផ្លូវជាតិ​លេខ​ ២១B ដោយ​ឆ្លងកាត់​ក្រុង​-​ស្រុក​ចំនួន​ ៣ គឺ ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កោះធំ ឆ្ពោះទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃធំ-ឡុងប៊ិញ​)»​។

ផ្លូវ​នេះ​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួលការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស ទំនិញ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅតាម​ព្រំដែន​ឱ្យក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​សាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​លេខ​ ២១ ​នាពេលនេះ​ផងដែរ ដែល​ផ្លូវ​នេះ​បានកើត​ចេញពី​ចំណងមិត្តភាព កម្ពុជា​-​កូរ៉េ​។ លោក​ថ្លែងថា៖ «​តាមរយៈ​ផ្លូវ​នេះ​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​សម្រួលកា​រដឹក​ជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស​ការដឹក​ទំនិញ​ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅតាម​ព្រំដែន​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​»​។

គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ២១ ត្រូវបាន​សាងសង់​ជា ២ ​ដំណាក់កាល​គឺ ដំណាក់កាល​ទី​ ១ ​កំណាត់​ផ្លូវ​ប្រវែង​ ៥៥ ​គីឡូម៉ែត្រ ចាប់ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​ទៅដល់​ឃុំ​ព្រែកស្តី​ស្រុក​កោះធំ​ (​គីឡូម៉ែត្រ​លេខ ​៥៥) និង​ដំណាក់កាល​ទី​ ២ គឺ​កំណាត់​ផ្លូវ​ប្រវែង ៨,៦ ​គីឡូម៉ែត្រ ចាប់ពី​ឃុំ​ព្រែកស្តី (​គីឡូម៉ែត្រ​លេខ​ ៥៥) ទៅដល់​ស្ពាន​ជ្រៃធំ (​គីឡូម៉ែត្រ​លេខ ៦៣+៦)​។

ក្នុងពេល​ថ្លែង​ប្រកាស​បើក​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ២១ ​នេះ លោក​ ហ៊ុន សែន លើកឡើង​បញ្ជាក់​ពី​ការសាងសង់ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយក្សត្រ​ផងដែរ ដោយ​លោក​ថា​កូរ៉េខាងត្បូង​បានសម្រេច​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ស្ពាន​នេះ​រួចហើយ​។

បើតាម​លោក ហ៊ុន សែន ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​តំបន់​អរិយក្សត្រ​នេះ​បានសម្រេច​សាង​ស្ពាន​ ២​ កន្លែង​ដោយ​ទី​ ១ ​យក​ទីតាំង​សាងសង់​ចេញពី​ម្តុំ​ផ្សារ​រាត្រី​ (​សួនច្បារ​ផ្សារ​ចាស់​) ​ឆ្លងកាត់​ទន្លេសាប​ភ្ជាប់​ទៅ​ជ្រោយចង្វារ​ទើប​បន្ត​ពី​ជ្រោយចង្វារ​ទៅកាន់​តំបន់​អរិយក្សត្រ ដែលមាន​ស្ពាន​ចំនួន​២ ដែល​នឹង​ជួយ​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយចង្វារ​។

លោក​បញ្ជាក់ថា៖ «​យើង​ធ្វើ​ស្ពាន​នេះ​ដោយ​មិនមាន​សសរ​ទេ គឺ​ប្រើ​ដែក​ខ្សែកាប​ខ្ពស់​ ដើម្បី​សម្រួល​ចរាចរណ៍​តាមផ្លូវ​ទឹក​។ ខ្ញុំ​បញ្ជាក់​ជាមួយ​ប្រធានាធិបតី​កូរ៉េ មូន ជេអ៊ីន និង​ប្រធានសភា​សព្វថ្ងៃ​ឱ្យ​គាំទ្រ​ស្ពាន​នេះ​ផង​»​។

បើ​ស្ពាន​ប្រភេទ​នេះ កើតឡើង​នៅ​ទឹកដី​កម្ពុជា វា​នឹង​កា្លយ​ជា​របស់​មួយ​ដែល​ទាក់ទាញ​ទេសចរណ៍​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ព្រោះ​ជា​ស្ពាន​ទំនើប ដោយ​ឆ្លងទន្លេ​អត់​មាន​សសរ​។ នេះហើយ​ជា​ផលប្រយោជន៍​នៃ​ការដាក់​ចំណង​ទាក់ទង​ការទូត​របស់​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវតែ​ពុះពារ​ធ្វើឱ្យ​ខាងតែបាន​។ នេះ​បើតាម​លើកឡើង​របស់​លោក ហ៊ុន សែន​។ លោក​ក៏បាន​បន្តថា៖ «​ខ្ញុំ​កំពុង​តែមាន​ក្តីស្រមៃ​ថា ខ្ញុំ​នឹង​ដើរ​លើ​ និង​ជិះ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ដែល​តភ្ជាប់​ពី​ផ្សាររាត្រី​ទៅ​ជ្រោយចង្វារ និង​ចេញពី​ជ្រោយចង្វារ​ទៅ​អរិយក្សត្រ ដោយ​ស្ពាន​ខ្សែកាប​យោង​ខ្ពស់ មិនមាន​សសរ​ដោយសារ​យើង​ក៏ត្រូវ​ការធ្វើ​ពិធីបុណ្យ​អុំទូក ត្រូវការ​ប្រណាំងទូក​ផងដែរ​នៅពេល​ដែល​ស្ថានភាព​នៃ​ការឆ្លង​កូវីដ​មានការ​ធូរស្បើយ​ច្រើន​»​។

គួរ​បញ្ជាក់ថា ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េខាងត្បូង​នេះ គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​៕