ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២៣ មីនា បាន​លើកយក​សំណុំរឿង​ផលិត​កែច្នៃ គ្រឿងញៀន​មេតំហ្វេតាមីន និង​ហេរ៉ូអ៊ីន​ជិត​ ៥៥​ គីឡូក្រាម មក​ជំនុំជម្រះ ដែល​មាន​ជនជាប់ចោទ​ជា​ជនជាតិ​ចិន​ ២ ​នាក់ និង​ខ្មែរ​ ៣ ​នាក់ ដែល​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ១​ ជីវិត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៥​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៣ ​មីនា ដែលមាន​លោក សឹង បញ្ញាវុឌ្ឍ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​ផ្ទេរសិទ្ធិ​ដល់​លោក​ចៅក្រម​ ១ ​រូប​ទៀត បាន​អាន​សាលដីកា​ចំពោះមុខ​ជនជាប់ចោទ​ ៤​ នាក់ ក្នុងចំណោម​ ៥ ​នាក់​ថា ជនជាប់ចោទ​ទាំង​ ៥ ​នាក់ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២០​ កញ្ញា ឆ្នាំ​ ២០១៦ ផ្តន្ទាទោស​ជន​ទាំង​ ៥ ​នាក់ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់​អស់​ ១ ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ម្នាក់​ ៦០ ​លាន​រៀល​។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ​ជនជាប់ចោទ​ទាំង​ ៥ ​នាក់​បាន​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៣ កញ្ញា​ឆ្នាំ ​២០២១ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដដែល​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា កាលពី​ថ្ងៃទី ​១៦ ​មិថុនា​ឆ្នាំ​ ២០១៥ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​ផលិត​កែច្នៃ និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​បន្ទប់​អាផាតមិន​ ១​កន្លែង​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ និង​នៅ និង​ក្នុង​ខុនដូ​ ១​ កន្លែង​ទៀត​នៅ​សង្កាត់​ទួលទំពួង ១ ខណ្ឌចំការមន​។ ក្នុងការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចាប់បាន​ជន​ទាំងនេះ ៤ ​នាក់ និង​តាម​ចាប់​ម្នាក់ទៀត​ដល់​ខេត្តស្ទឹងត្រែង​សរុប​ចំនួន​ ៥ ​នាក់ ​(​ស្រី​ម្នាក់​)​។

កំណត់ហេតុ​បន្តថា ជន​ជាប់ចោទ​ទី​ ១- លី យ៉ុន ភេទ ប្រុស អាយុ ៤២ ​ឆ្នាំ​ជា​ជនជាតិ​ចិន ទី​ ២ តឹង យ៉ានភីង ភេទ​ប្រុស អាយុ ៥៤​ ឆ្នាំ ទី​ ៣-​ លី ស៊ឺ ភេទ​ប្រុស អាយុ ៤៣ ​ឆ្នាំ​ជា​ជនជាតិខ្មែរ ទី​ ៤- ផល រ៉ានី ភេទ ស្រី អាយុ ២៨ ​ឆ្នាំ ជា​ជនជាតិខ្មែរ និង​ឈ្មោះ​ ដាំ ញ៉ា ភេទ ប្រុស អាយុ ៥៥ ​ឆ្នាំ​ជា​ជនជាតិខ្មែរ​រស់នៅ​ខេត្តស្ទឹងត្រែង​។ ក្នុង​ការបង្ក្រាប​នោះដែរ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន និង​ហេរ៉ូអ៊ីន​ជិត​ ៥៥ ​គីឡូ​។

នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២៣ ​មីនា​លោក​មេធាវីឡោ គីមហ្គិច ការពារ​សិទ្ធិ​ឱ្យឈ្មោះ​ តឹង យ៉ានភីង និង​ឈ្មោះ ​លី ស៊ឺ បាន​សន្និដ្ឋានថា នៅ​ថ្ងៃ​ដែល​បង្ក្រាប​គ្រឿងញៀន​នោះ​គឺ​សមត្ថកិច្ច​បាន​ឆែក​នៅ​បន្ទប់​លេខ​ ៩c ប៉ុន្តែ​កូនក្តី​របស់លោក​ឈ្មោះ​ លី ស៊ឺ បាន​ជួល​បន្ទប់​លេខ​ ៣ ​ស្នាក់​នៅក្នុង​សង្កាត់​ឫស្សីកែវ​ដែរ​។ ពេល​សមត្ថកិច្ច​ចូលក្នុង​បន្ទប់​គឺ​រក​មិនឃើញ​គ្រឿងញៀន​ទេ​។ រីឯ​ឈ្មោះ​ តឹង យ៉ានភីង គឺ​គាត់​បាន​ជាប់​ពន្ធនាគារ​នៅមុន​ថ្ងៃ​ចាប់ខ្លួន​នោះ​។

លោក​បន្តថា​៖ «​ប៉ូលិស​ថា នៅក្នុង​ពន្ធនាគារ​កូនក្តី​ខ្ញុំ តឹង យ៉ានភីង និយាយ​ទូរស័ព្ទ​បញ្ជា​មក​ខាងក្រៅ​ហើយ​មន្ត្រី​ពន្ធនាគារ​ថត​សំឡេង​បាន​។ ប៉ុន្តែ​ប៉ូលិស​មិនបាន​បង្ហាញ​ភ័ស្តុតាង​សំឡេង​ទេ បង្ហាញ​តែ​កំណត់ហេតុ​។ ហេតុដូច្នេះ​មាន​ភាពអយុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំ និង​ស្នើ​បង្វិល​សំណុំរឿង​ទៅ​ឧទ្ធរណ៍​ភ្នំពេញ​វិញ​»​។

លោកស្រី​ ស៊ិន សុវ៉ន​ ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យឈ្មោះ លី យ៉ុន និង ដាំ ញ៉ា សន្និដ្ឋានថា តុលាការ​រាជធានី​ភ្នំពេញ​បាន​ជម្រះក្តី​កំបាំងមុខ​ជនជាប់ចោទ​ ដាំ ញ៉ា​។ រីឯ​កូនក្តី​ម្នាក់ទៀត​ឈ្មោះ​ លី យ៉ុន ទើបតែ​មកពី​ប្រទេស​ចិន​បាន​ ៤ ​ថ្ងៃ​ក៏​ចាប់ខ្លួន​តែម្តង​។ សូម​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ដើម្បី​ជម្រះ​ឡើងវិញ​។

លោក​ ប៉ែន សារ៉ាត តំណាង​មហាអយ្យការ​តុលាការ​កំពូល​បាន​សន្និដ្ឋាន​នៅក្នុង​សវនាការ​នៅ​ថ្ងៃទី​ ២៣ មីនា​ថា តាម​ការសិក្សា​សំណុំរឿង និង​តាម​ការពិនិត្យ​លើ​អង្គហេតុ​លោក​យល់ថា តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ជន​ទាំង​ ៥​ នាក់​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ ហេតុនេះ​លោក​សូម​តម្កល់​តាម​សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ដដែល​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម​ សឹង បញ្ញាវុឌ្ឍ បាន​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ​៣០ មីនា​៕