
លោក កឹម សុខា លើកដៃដាក់អ្នកគាំទ្រពេលចេញពីតុលាការ។ ហុង មិនា
ភ្នំពេញៈ តុលាការរាជធានីភ្នំពេញបានច្រានចោលសំណើរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលមានបំណងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសអាល្លឺម៉ង់នៅចុងខែមីនា ឆ្នាំ ២០២២ តាមការអញ្ជើញរបស់អង្គការ Global Solutions Summit។ ប៉ុន្តែសាលាដំបូងបានអនុញ្ញាតឱ្យចូលរួមប្រជុំត្រឹមតែតាមអនឡាញជំនួសវិញ ព្រោះលោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យរបស់ចៅក្រមស៊ើបសួរ។
ក្រោយបញ្ចប់សវនាការពេញ ១ ព្រឹកថ្ងៃទី ២៣ ខែមីនានេះ លោក ចាន់ ចេន សហមេធាវីរបស់លោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានី-ភ្នំពេញ ឱ្យដឹងថា លោក កឹម សុខា ត្រូវបានអង្គការ Global Solutions Summit អញ្ជើញធ្វើជាវាគ្មិន ដើម្បីធ្វើបទបង្ហាញក្នុងវេទិកាអន្តរសកលនៅក្នុងទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ ២០២២ ដើម្បីពិភាក្សាទៅលើការប្រឈមសកលសម្រាប់ប្រទេស G20 និង G7។
លោកបន្តថា ដោយពិភពលោកបានមើលឃើញថា លោក កឹម សុខា ជាឥស្សរជននយោបាយ និងប្រកាន់គោលការណ៍អហិង្សា និងដោះស្រាយបញ្ហាជាតិដោយសន្តិវិធី ទើបអគ្គលេខារបស់អង្គការនេះអញ្ជើញកូនក្តីរបស់លោក ទៅធ្វើជាវាគ្មិនកិត្តិយសនៅក្នុងទីក្រុងប៊ែរឡាំង។ ក្នុងនាម សហមេធាវីរបស់លោក កឹម សុខា បានដាក់ពាក្យស្នើសុំ ដើម្បីព្យួរដីកា ក្រោមការត្រួតពិនិត្យរបស់ចៅក្រមស៊ើបសួរ ដើម្បីផ្តល់ឱកាសឱ្យកូនក្តីរបស់លោកអញ្ជើញទៅទីក្រុងប៊ែរឡាំង ដើម្បីចូលរួមប្រជុំ ក៏ប៉ុន្តែត្រូវបានច្រានចោល។
លោកបញ្ជាក់ទៀតថា បើយោងតាមលិខិតរបស់ អគ្គលេខា Global Solutions Summit គឺ អញ្ជើញលោក កឹម សុខា ទៅធ្វើបាឋកថា នៅក្នុងទីក្រុងប៊ែរឡាំង ដោយផ្ទាល់ផង និងជួបគ្នាជាលក្ខណៈក្រុមតូចៗផងដែរពាក់ព័ន្ធនឹងអំពើហិង្សានៅលើពិភពលោក និងអ៊ុយក្រែន ដើម្បីស្វែងរកគំនិត និងទស្សនៈសម្រាប់ជាសកល។ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណេះនោះទេ វាមានផលប្រយោជន៍ដល់ប្រទេសកម្ពុជាផងដែរ ទាំងបញ្ហានយោបាយ និងទាំងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាចៅក្រម បានដាក់កម្រិតឱ្យលោក កឹម សុខា ចូលរួមប្រជុំ ត្រឹមកម្រិតវីដេអូអនឡាញ។
លោក ចាន់ ចេន ថា៖ «ក្នុងនាមជាសហមេធាវី របស់លោក កឹម សុខា យើងមិនយល់ស្របលើការមិនអនុញ្ញាតនេះទេ ប៉ុន្តែគោរពតាមសេចក្តីសម្រេចរបស់តុលាការ»។ «យើងពិតជាមានការសោកស្តាយ បើសិនជាវត្តមាន ឯកឧត្តម កឹម សុខា ទៅប្រជុំផ្ទាល់នៅក្នុងទីក្រុងប៊ែរឡាំងនឹងទទួលបានផលប្រយោជន៍ទី ១ បានទៅសកលលោកនិងទី ២ មកកម្ពុជា»។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមីនាយ៉ាងខ្លីថា ជាការពិតដែលក្រុមប្រឹក្សាបានច្រានចោលសំណើខាងលើនេះ។ ចំណែកដំណើរការសវនាការរបស់លោក កឹម សុខា នៅថ្ងៃទី ២៣ ខែមីនា ប្រព្រឹត្តទៅដូចតែរាល់ដង។ សវនាការនឹងបន្តនៅថ្ងៃពុធទី ៣០ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមីនានេះថា បញ្ហានេះ បើយោងតាមទិដ្ឋភាពច្បាប់ គឺបុគ្គលដែលស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ មិនអាចត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជាទៅក្រៅប្រទេសបានទេ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះថ្លែងថា៖ «ការច្រានចោលរបស់តុលាការមិនឱ្យលោក កឹម សុខា ធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់នេះ មិនខុសអីទេ។ ប៉ុន្តែរឿងក្តីរបស់លោក កឹម សុខា នេះ វាហាក់បីដូចជាអូសបន្លាយយូរពេក វាធ្វើឱ្យមានការលើកឡើងពីករណីរបស់គាត់ទៅជាករណីរឿងនយោបាយវិញ និងធ្វើឱ្យមហាជន យល់ច្រឡំ ឬញែកមិនដាច់រវាងបទល្មើសព្រហ្មទណ្ឌ និងករណីរឿងនយោបាយ។ តុលាការគួរតែជំរុញល្បឿននីតិវិធីឱ្យបានលឿន»៕
វីដេអូ៖