សៀមរាបៈ កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២២​ ថា តុលាការ​ខេត្ត​សៀមរាប បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ពីបទ​ «​ឃាតកម្ម​» ករណី​បើក​រថយន្តបុក​ហើយ​បត់​ត្រឡប់មក​កិន​សម្លាប់​ជនរងគ្រោះ​ម្នាក់ នៅ​ចំណុច​ខាងលិច​ស្ពាន​វត្ត​កុងម៉ុច ឬ​ស្ពាន​ប៊ីឡាញ ប្រហែល ២០០ ​ម៉ែត្រ ស្ថិតនៅ​ភូមិក​ក្រាញ់ ក្នុង​សង្កាត់-​ក្រុង​សៀមរាប​។

លោក សុខ ម៉េងអ៊ាង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ឈ្មោះ ​អ៊ឹង គីមហុង អាយុ ២៥ ឆ្នាំ​មាន​លំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ​ ២០២២ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យមាន​ជនរងគ្រោះ​ម្នាក់​ស្លាប់​។ ជនរងគ្រោះ​ដែល​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ ហឿន លន់ អាយុ ៣២ ឆ្នាំ មាន​លំនៅ​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

លោក​បាន​បញ្ជាក់ថា យោងតាម​សាក្សី និង​ភ័ស្តុតាង​នានា​ដែល​សមត្ថកិច្ច​យើង​ប្រមូលបាន​ពី​កន្លែងកើតហេតុ ជនសង្ស័យ​ជា​មនុស្ស​មាន​ចរិត​ឃោរឃៅ ដោយបាន​បើករថយន្ត​បុក​ជនរ​ង​គ្រោះ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។ បន្ទាប់មក ជនសង្ស័យ​បាន​បើករថយន្ត​ត្រឡប់​ក្រោយមក​កិន​លើ​ជនរងគ្រោះ​ថែមទៀត បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅលើ​ទ្រូងផ្លូវ ហើយ​បាន​បើករថយន្ត​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ដើម្បី​គេចវេះ​ពី​ការទទួល​ខុសត្រូវ​។

លោក​បាន​បន្តថា ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច​នៃ​អង្គភាព​ពាក់ព័ន្ធ ពិសេស​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ​លើ​ករណី​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ ២ ​ថ្ងៃ​ក្រោយមក ក្រុម​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ ខេត្ត​សៀមរាប ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​។

កាលពី​ល្ងាច​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២២ លោក ស៊ិន សង្ហា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​បាន​បង្គាប់​ឱ្យ​នគរបាល​យុត្តិធម៌​នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​» តាម​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​ជនសង្ស័យ​បាន​សារភាព​។

យោងតាម​របាយការណ៍​សួរចម្លើយ​ក្នុងដំណាក់កាល​ស៊ើបសួរ​ដោយ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ ខ្លួន​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ២-៣​ នាក់ បន្ទាប់មក​ពួកគេ​ក៏​បែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន ជនសង្ស័យ​បាន​បើករថយន្ត​ផ្ទាល់ខ្លួន​ត្រឡប់មកផ្ទះ​វិញ លុះ​មកដល់​ចំណុច​កើតហេតុ ក៏បាន​បុក​ទៅលើ​បុរស​ម្នាក់​ដែល​ដើរ​លើ​ទ្រូងផ្លូវ​ដោយ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​។ បន្ទាប់មក​ជនសង្ស័យ​មាន​ចេតនា​ត្រឡប់មក​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយសារ​យប់​ងងឹត ក៏​បាន​ថយ​រថយន្ត​កិន​លើ​ជនរងគ្រោះ​ស្លាប់​៕