ភ្នំពេញៈ ជនសង្ស័យ​ ៣ ​នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ភ្លាមៗ​បន្ទាប់ពី​បង្ហាញមុខ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​ ២៣ ​មីនា​ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ​ ៤៤ ​គ្រឿង និង​រថយន្ត​ ២ ​គ្រឿង​នៅតាម​ខេត្ត និង​រាជធានី​ភ្នំពេញ​កាលពី​កន្លងមក​។

លោក​ ប៊ុន សត្យា នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​ ៣ ​នាក់ ឈ្មោះ ត្រឹម ធឿន ហៅ ឡេង ថា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ​។ ទី​ ២-​ ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ និង​ជន​ទី​ ៣- ឈ្មោះ ស្លេះ បញ្ញា ហៅ​ កៃ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ​។ ពួកគេ​មិនមាន​មុខរបរ​អ្វី​ពិតប្រាកដ​ទេ និង​ស្នាក់នៅ​ផ្ទះជួល​លេខ​ ៧ ​អឺ ផ្លូវ​លេខ​ ៤២២ ភូមិ​ចោមចៅ ៣ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​ប្រាប់ថា​៖ «​ព្រឹក​ (​ថ្ងៃទី​ ២៣ ​មីនា​)​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខ្ញុំ​បានធ្វើការ​បង្ហាញមុខ​ជន​ទាំង​ ៣ ​នាក់​តាមរយៈ​​សន្និសីទកាសែត​។ បន្ទាប់ពី​សន្និសីទ​កាសែត​រួច​គឺ​សមត្ថកិច្ច​ជំនាញ​ខ្ញុំ​បញ្ជូន​ពួកគេ​ទៅ​តុលា​ការបន្ត​នៅ​ថ្ងៃ​ដដែល​»​។

លោក​រំឭក​ប្រាប់ថា មុន​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ខាងលើ​គឺ​សមត្ថកិច្ច​របស់លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ដោយបាន​តម្រុយ​ថា មាន​បទល្មើស​ដែល​បង្កឡើង​ដោយ​ជន​ ១ ​ក្រុម​។ បន្ទាប់មក​សមត្ថកិច្ច​របស់លោក​បាន​សុំ​គោលការណ៍​ពី​លោក​ សុង លី ស្នងការរង​ព្រហ្មទណ្ឌ និង​សុំ​គោលការណ៍​ពី​លោកឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​-​ភ្នំពេញ​។ បន្ទាប់ពី​ទទួលបាន​គោលការណ៍​មក​កម្លាំង​របស់លោក​បាន​ចុះ​អនុវត្ត​ការងារ​នេះ​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣ ​នាក់​ជា​បន្តបន្ទាប់​។ ការឃាត់​ជនសង្ស័យ​នេះ​នៅ​ចំណុច​ផ្ទះ​លេខ​ ៧ ​អឺ ផ្លូវ​លេខ ៤២២ ក្រុម​ ១ ភូមិ​ចោមចៅ ៣ សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក សត្យា បាន​ថ្លែង​ទៀតថា ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ​ជនសង្ស័យ​បាន​សារភាពថា កន្លងមក​ពួកគេ​បាន​លួច​ម៉ូតូ​បាន​ចំនួន ៤៤ ​គ្រឿង រថយន្ត​ចំនួន​ ២ គ្រឿង​៕