កំពង់ឆ្នាំងៈ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ប្តី-​ប្រពន្ធ ២ ​នាក់ បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត បន្ទាប់ពី​ប្តី​ដែលជា​ពេទ្យ​យោធា​បាន​បណ្តោយ​ឱ្យ​ប្រពន្ធ​របស់ខ្លួន​ដែល​គ្មាន​វិជ្ជាជីវៈ​ព្យាបាល​កុមារី​ម្នាក់​បណ្តាលឱ្យ​ស្វិតជើង​ឆ្វេង​ ខណៈ​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​កំពុង​បន្ត​ការស្រាវជ្រាវ​លើ​ករណីនេះ​។

ជនសង្ស័យ​ដែល​ត្រូវជា​គ្រូពេទ្យ​យោធា មានឈ្មោះ សូ សារឿន និង​ភរិយា មិនទាន់​ត្រូវ​​បាន​បង្ហើប​ឈ្មោះ​នោះទេ ចំណែក​កុមារី​រងគ្រោះ​មាន​អាយុ​ ៩​ ឆ្នាំ​រស់នៅ​ជាមួយ​ជីដូន​នៅក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែលមាន​ឪពុក​ឈ្មោះ ហែម ប៊ុនហុង បច្ចុប្បន្ន​កំពុងធ្វើការ​ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​។

លោក​ ខូវ លី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ​មីនា​ថា ការឃាត់ខ្លួន​ប្តី​ប្រពន្ធ​ទាំង​ ២ ​នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២២ មីនា ក្រោយ​អាណាព្យាបាល​កុមារី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ទាំង​ ២ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ ដើម្បី​បន្ត​សាកសួរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនរងគ្រោះ​បាន​ប្តឹង ព្រោះ​គាត់​ជា​ពេទ្យ​ដែល​ក្មេង​ហ្នឹង​ទៅ​ព្យាបាល គាត់​មិន​ព្យាបាល​បែរជា​ឱ្យ​ប្រពន្ធ​គាត់​ចាក់​ថ្នាំ​ឱ្យ​ទាំង​ដែល​ប្រពន្ធ​គាត់​មិនចេះ​ពេទ្យ​ផង​។ ដល់ពេល​ចាក់​រួចហើយ​ទៅ យើង​មិនដឹង​ប្រតិកម្ម​យ៉ាងម៉េច​បាន​​ធ្វើ​ឱ្យជើង​កុមារី​រងគ្រោះ​ស្វិត​»​។

ទោះបី​យ៉ាងណា លោក ខូវ លី បាន​អះអាង​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​បន្ត​ឃុំខ្លួន​ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់ ខណៈ​ករណី​​នេះ​លោក​អះអាងថា សមត្ថកិច្ច និង​ជំនាញ​សុខាភិបាល​​ក៏​កំពុង​សហការ​គ្នា​បន្តទៀត​ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​បណ្តាលឱ្យ​កុមារី​រងគ្រោះ​ជួប​គ្រោះថ្នាក់​ស្វិតជើង​បែបនេះ​។

លោក​ ប្រាក់ វ៉ុន​ ប្រធាន​មន្ទីរសុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ មីនា​ថា ការ​ឈានដល់​ការឃាត់ខ្លួន​នេះ ក៏​ព្រោះ​គ្រូពេទ្យ​ម្នាក់នេះ​បាន​ធ្វេសប្រហែស​ និង​បណ្តែតបណ្តោយ​ឱ្យ​ប្រពន្ធ​ខ្លួន​ដែល​គ្មាន​វិជ្ជាជីវៈ ព្យាបាល​កុមារី​រងគ្រោះ​។ ​លោក​បន្តថា​ករណីបែបនេះ​គឺ​ខុស​ទៅ​ច្បាប់​ និង​ផ្នែក​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​ដែល​ត្រូវតែមាន​វិធានការ ខណៈ​ករណី​ដែលថា ការ​ព្យាបាល​កុមារី​រងគ្រោះ​បណ្តាល​ឱ្យ​ស្វិតជើង​នោះ​ជំនាញ​ត្រូវការ​ពេល​ ដើម្បី​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់​មុននឹង​សន្និដ្ឋាន​។

បើតាម លោក ប្រាក់ វ៉ុន ហេតុការណ៍​បណ្តែតបណ្តោយ​ឱ្យ​អ្នក​គ្មាន​វិជ្ជាជីវៈ​ព្យាបាល​អ្នកជំងឺ​នេះ​បាន​កើតឡើង​តាំងពី​ចុងឆ្នាំ​ ២០២១ មក​ម្ល៉េះ ហើយ​ក្រោយមក​កុមារី​រងគ្រោះ​បាន​បន្តទៅ​ស្វែងរក​សេវា​ព្យាបាល​ជាច្រើន​កន្លែង​ផ្សេងទៀត​ផងដែរ រហូត​ទទួលរង​បញ្ហា​ស្វិតជើង​មកទល់​បច្ចុប្បន្ន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ដឹង​ច្បាស់​លម្អិត​ទេ​យើង​កំពុងធ្វើការ​លើ​ករណីនេះ​បន្តទៀត ព្រោះ​ការព្យាបាល​ប៉ះពាល់​ដល់​កុមារី​យើង​មិនអាច​ឆ្លើយ​ភ្លាម​ថា​មកពី​អីៗ​បានទេ​។

យើង​ឆ្លើយ​ប្រញាប់​ពេក​ក៏​មិនកើត​ដែរ ត្រូវការ​ធ្វើការ​សិក្សា​ជាមុន​ថា ពិតជា​ការចាក់​ថ្នាំ​ដោយ​ជនសង្ស័យ​មែន ឬ​មិនមែន​ហើយ​អ្វីដែល​យើង​ឃាត់ខ្លួន​​គាត់​គឺ​មកពី​គាត់​មើល​អ្នកជំងឺ​​ដោយ​គ្មាន​វិជ្ជាជីវៈ​ជា​ពេទ្យ​»​។

លោក​ ប្រាក់ វ៉ុន បានឱ្យដឹង​​ថា លោក សូ សារឿន ដែលជា​ពេទ្យ​យោធា​គឺ​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្នុង​ការបើកកន្លែង​ពិនិត្យ​ព្យាបាល​នៅ​ទីតាំង​ខាងលើ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រោយពេល​មានការ​កើតហេតុ​នេះ​ឡើង ខាង​ផ្នែក​​ជំនាញ​បាន​ផ្អាក​សកម្មភាព​កន្លែង​ពិនិត្យ​ព្យាបាល​នោះ​ជា​បណ្តោះអាសន្ន​៕