
អ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ រូប ក្រសួងយុត្តិធម៌
ភ្នំពេញៈ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) បង្ហាញលទ្ធផលនៃការផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រសួងស្ថាប័នត្រួតពិនិត្យរបស់រដ្ឋ និងប្រតិបត្ដិករពាក់ព័ន្ធ ដើម្បីឈានទៅដល់ការវាយតម្លៃកម្ពុជាលើការងារសម្អាតប្រាក់នៅខែមិថុនា ឆ្នាំ ២០២២។
នេះបើតាមលោក លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃ អ.អ.ផ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ២៣ មីនា។ លោក ឱ្យដឹងថា ក្រុមការងារទី ២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យបានរៀបចំសិក្ខាសាលាលើកទី ៣ ដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ និងបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍។
សិក្ខាសាលា ៣ លើកមកនេះគឺដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីច្បាប់ ច្បាប់នេះដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ០៦២០/០១៩ ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០។
លោកថ្លែងថា៖ «សិក្ខាសាលា ៣ លើកនេះ យើងប្រមូលអ្នកដែលអត់ទាន់បានបណ្ដុះបណ្ដាលមកធ្វើការបណ្ដុះបណ្ដាលបន្ថែម។ យើងធ្វើការបណ្ដុះបណ្ដាលទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យជាមុនសិន។ ក្រោយពេលពួកគាត់បានធ្វើការបណ្ដុះបណ្ដាលហើយពួកគាត់មានការឆ្លើយតបមួយចំនួនពីបុគ្គលរាយការណ៍ ដើម្បីយកមកជជែកគ្នា ឬសួរសំណួរនៅក្នុងពេលបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីយើងធ្វើការដោះស្រាយលើបញ្ហានោះ»។
លោកបញ្ជាក់ថា៖ «យើងបានធ្វើការផ្សព្វផ្សាយទូលំទូលាយទៅនឹងសកម្មភាពដែលយើងធ្វើការបណ្ដុះបណ្ដាលនេះ។ បន្ទាប់ពីការបណ្ដុះបណ្ដាលនេះ យើងត្រូវធ្វើការផ្សព្វផ្សាយ ហើយការផ្សព្វផ្សាយនេះ គឺជាយុទ្ធនាការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយឱ្យសាធារណជនទូទៅបានយល់ដឹង»។
បើតាមលោក ជីវ សុងហាក់ ការធ្វើសិក្ខាសាលាជាបន្តបន្ទាប់កន្លងមកនេះ គឺពាក់ព័ន្ធទៅនឹងការអប់រំ បណ្ដុះបណ្ដាលដល់ក្រសួងស្ថាប័នត្រួតពិនិត្យរបស់រដ្ឋដែលគ្រប់គ្រងទៅលើវិស័យឯកជន ដែលជាប្រតិបត្ដិករ ដែលជាបញ្ញត្ដិករ គ្រប់គ្រងលើប្រតិបត្ដិករ។ បញ្ញត្ដិករ គ្រប់គ្រងលើប្រតិបត្ដិករទាំងនោះមានដូចជា គណៈកម្មការល្បែងពាណិជ្ជកម្មគ្រប់គ្រងទៅលើបុគ្គលរាយការណ៍ ពាក់ព័ន្ធនឹងប្រតិបត្ដិករល្បែងពាណិជ្ជកម្មទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះបញ្ញត្ដិករទាំងនេះមានកាតព្វកិច្ចក្នុងការអប់រំ បណ្ដុះបណ្ដាលទៅដល់បុគ្គលរាយការណ៍ ឬប្រតិបត្ដិករ។
លោកបញ្ជាក់ថា៖ «ដូច្នេះមុននឹងគាត់អាចទៅធ្វើការបណ្ដុះបណ្ដាលទៅដល់បុគ្គលរាយការណ៍យើងត្រូវបណ្ដុះបណ្ដាលគាត់សិនអំពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ»។
លោក ជីវ សុងហាក់ បានឱ្យដឹងថា ជាទិសទៅបន្តទៀតក្រុមការងារជំនួយនៃ អ.អ.ផ ត្រូវធ្វើការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ទៅមុខទៀតរយៈពេល ១ ឆ្នាំ។ ប៉ុន្ដែត្រូវធ្វើតាមដំណាក់កាល ហើយបើតាមផែនការគឺ ក្នុង ១ ខែអាចធ្វើសិក្ខាសាលា ១ ឬ ២ ដង។
លោកបញ្ជាក់ថា៖ «យើងត្រូវធ្វើរបាយការណ៍សម្រាប់ដាក់ទៅក្រុមវាយតម្លៃលើប្រទេសកម្ពុជាយើងថាប្រទេសយើងស្ថិតនៅក្នុងបញ្ជីប្រផេះ ឬក៏យ៉ាងម៉េចលើការងារគ្រប់គ្រងការសម្អាតប្រាក់នេះ ដើម្បីដកកម្ពុជាយើងចេញពីបញ្ជីប្រផេះ។ ការងារនេះ ស្ថិតនៅក្នុងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្នុងការអប់រំ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ។ កាលណាយើងបំពេញលក្ខខណ្ឌគ្រប់សព្វអស់ទៅតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ គឺយើងអាចដកខ្លួនយើងចេញពីបញ្ជីប្រផេះនេះបានហើយ»។
លោកឱ្យដឹងថា ក្រុមការងារជំនួយនៃ អ.អ.ផ កំពុងរៀបចំធ្វើរបាយការណ៍សំយោគពាក់ព័ន្ធជាមួយសកម្មភាពនៃការបណ្ដុះបណ្ដាលរបស់យើងលទ្ធផលនៃការបណ្ដុះបណ្ដាលរួមទាំងការផ្សព្វផ្សាយនានា។ ក្នុងខែមេសាខាងមុខក្រុមការងារ នឹងដាក់របាយការណ៍ជុំទី ៤ ទៅក្រុមការងារវាយតម្លៃ (APG) ហើយក្នុងខែមិថុនា ឆ្នាំ ២០២២ នេះដែរ ក្រុមការងារវាយតម្លៃនឹងធ្វើការវាយតម្លៃកម្ពុជាលើការគ្រប់គ្រងការសម្អាតប្រាក់នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំនួយនៃ អ.អ.ផ កាលពីថ្ងៃទី ២២ មីនានេះឱ្យដឹងថា ក្រុមការងារជំនួយនៃ អ.អ.ផ បានរៀបចំសិក្ខាសាលាលើកទី ៣ បន្ថែមទៀតតាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព លោក ជីវ សុងហាក់ និងលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាសហប្រធាននៃក្រុមការងារទី ២។ សិក្ខាសាលាលើកទី ៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសមាជិកក្រុមការងារទី ២ និងមន្ត្រីបុគ្គលិករបស់ក្រសួង ស្ថាប័នត្រួតពិនិត្យ សរុបចំនួន ១៧១ នាក់។
នៅក្នុងសិក្ខាសាលាលើកទី ៣ នេះ មានវាគ្មិនដែលជាគ្រូបង្គោលចំនួន ២ រូបគឺលោក ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងលោក ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបទបង្ហាញ ដើម្បីពន្យល់ដល់មន្ត្រីក្រសួង-ស្ថាប័នត្រួតពិនិត្យឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងនោះមានទី ១ តួនាទីរបស់ក្រសួង-ស្ថាប័នត្រួតពិនិត្យក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
ទី ២ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ ស្របតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ។ ទី ៣ នីតិវិធីនៃការស្នើសុំបង្កកទ្រព្យសម្បត្តិ (ការដាក់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ការដាក់ឈ្មោះដោយតុលាការ និងការបង្កកទ្រព្យសម្បត្តិ) និងការរឹបអូសទ្រព្យសម្បត្តិដែលត្រូវបានបង្កក។
ទី ៤ ទណ្ឌកម្មដែលត្រូវទទួលរងដោយបុគ្គលរាយការណ៍ និងបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ពាក់ព័ន្ធនឹងបទល្មើសនៃការបំពានសេចក្ដីសម្រេចបង្កក បទល្មើសនៃការប្រគល់ទ្រព្យសម្បត្តិ និងបទល្មើសនៃការបំពានកាតព្វកិច្ចរាយការណ៍ដូចមានចែងក្នុងទោសប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ចំណែកទី ៥ ទម្រង់របាយការណ៍របស់បុគ្គលរាយការណ៍ និងរបស់បុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍៕