
លោក លី ធុជ ក្នុងជំនួបជាមួយប្រធានសភាពាណិជ្ជកម្មអឺរ៉ុបពីថ្ងៃ ២៣ មីនា។ រូបថត សហការី
ភ្នំពេញៈ សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ប្តេជ្ញាថានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ ២០២៥។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) បានប្តេជ្ញាយ៉ាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ស្តីពីការសិក្សាស្វែងយល់ និងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជានៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។
លោក Tassilo Brinzer បានសម្តែងនូវការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម ព្រមទាំងបានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេសបង្កឱ្យមានគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋខ្មែរ។
លោកបានថ្លែងថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេលកន្លងមក»។
លោកបញ្ជាក់ទៀតថា សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងកៀរគរនូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យឯកជននានាក្នុងក្របខ័ណ្ឌសហគមន៍អឺរ៉ុប សម្រាប់គាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តកំពង់ចាម ផងដែរ។
លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីនឱ្យដឹងដែរថាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការទទួលជោគជ័យក្នុងការដោះស្រាយ បញ្ហាមីន និងសំណល់ជាតិផ្ទុះ រយៈពេល ៣០ ឆ្នាំកន្លងទៅនេះ ដោយសារមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ ១៩៩៨ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបន្តថា ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីននៅត្រឹមឆ្នាំ ២០២៥ និងការបន្តដោះស្រាយបញ្ហានៅសេសសល់ ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ ២០២៥។
លោកបន្ថែមថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ ២០២៥” អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាតក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។
លោកបានបន្តទៀតថា៖ «ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិមួយទៅភូមិមួយ និងខេត្តដែលមានផលប៉ះពាល់ដោយសារមីនតិចតួច ជាក់ស្តែងអាជ្ញាធរមីនបានបញ្ចប់ដោយជោគជ័យក្នុងខេត្តកែប និងគ្រោងបញ្ចប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែងនាពេលខាងមុខនេះ ក្រោមការចូលរួមជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា»។
ទោះជាយ៉ាងណាលោកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឱ្យសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ពិនិត្យលទ្ធភាព និងចូលរួមជួយគាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា និងខេត្តកំពង់ចាមផងដែរ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ ២០២៥ ៕