
លោក ខៀវ កាញារីទ្ធ (កណ្តាល) លោក ផៃ ស៊ីផាន (ស្តាំ) ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមពីថ្ងៃទី ២២ មីនា។រូប AKP
ភ្នំពេញៈ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន កត់សម្គាល់ឃើញបញ្ហាប្រឈម និងកង្វះខាត ប្រសិទ្ធភាពមួយចំនួនក្នុងយន្តការ«ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលច្ចល្អក្នុងវិស័យព័ត៌មាន» របស់រដ្ឋលើកង្វះខាតធនធាន សម្រាប់វិជ្ជាជីវៈទាំងមន្ដ្រី សម្ភារ និងថវិកា និងកិច្ចសហការរវាងមន្ដ្រីព័ត៌មាន និងមន្ត្រីជំនាញជាដើម។
លោក ផៃ ស៊ីផាន បង្ហាញការកត់សម្គាល់នូវស្ថានភាពជារួមនៃបញ្ហាប្រឈម និងកង្វះខាតប្រសិទ្ធភាពនេះ តាមរយៈលទ្ធផលនៃការជជែកពិភាក្សាក្នុងសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ជាមួយសិក្ខាកាមប្រមាណ ១៨០ នាក់ ដែលជាមន្ដ្រីអ្នកនាំពាក្យសាលាខេត្ដ មន្ដ្រីព័ត៌មាន និងមន្ទីរជំនាញជុំវិញរដ្ឋបាលខេត្ដកោះកុង ព្រះសីហនុ កំពត និងខេត្តកែប កាលពីថ្ងៃទី ២១-២២ មីនា។
លោកថ្លែងថា សិក្ខាសាលា ស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ដែលបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃនេះ មានគោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនទាន យន្ដការ យុទ្ធសាស្ដ្រ និងបទពិសោធជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុស ព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។
លោកថ្លែងថា៖ «អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្ដ្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជនឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព»។
លោកបន្តថា៖ «ក្រោយការជជែកពិភាក្សាតាមរយៈអង្គសិក្ខាសាលា ខ្ញុំបាទ បានកត់សម្គាល់នូវស្ថានភាពជារួមនៃបញ្ហាប្រឈម និងកង្វះខាតប្រសិទ្ធភាពនៅក្នុងយន្ដការនេះ រួមមានកត្តាសំខាន់ ៣ គឺ ទី ១ កង្វះខាតធនធានសម្រាប់វិជ្ជាជីវៈទាំងមន្ដ្រី សម្ភារ និងថវិកាក្នុងការចុះយក ប្រមូល និងផ្សព្វផ្សាយព័ត៌មាននៅក្នុងមន្ទីរព័ត៌មាននៃខេត្តមួយចំនួន»។
ទី ២ កិច្ចសហការរវាងមន្ដ្រីព័ត៌មាន និងមន្ដ្រីនៃមន្ទីរវិស័យជំនាញ ពុំទាន់មានភាពជិតស្និទ្ធ និងស៊ីចង្វាក់គ្នានៅឡើយ ដែលជាឧបសគ្គរាំងស្ទះដល់អ្នកនាំពាក្យ ឬមន្ដ្រីព័ត៌មាន ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងទាន់ពេលវេលា។ ទី ៣ មន្ដ្រីនាំពាក្យរបស់សាលាខេត្តទទួលបន្ទុកកិច្ចការនាំពាក្យត្រឹមកម្រិតជាកិច្ចការបន្ថែម លើភារកិច្ចស្នូល ដែលធ្វើឱ្យខ្វះលទ្ធភាព និងប្រសិទ្ធភាពក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន។
លោក ផៃ ស៊ីផាន សំណូមពរដល់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏ដូចជា អភិបាលរងខេត្ត មេត្តារាយការណ៍ជូនលោកលោកស្រី អភិបាលខេត្ត ពិចារណារៀបចំគោលការណ៍ជាក់លាក់មួយ ដែលធានាបាននូវកិច្ចសហការរវាងមន្ទីរវិស័យជំនាញជុំវិញខេត្ត និងមន្ទីរព័ត៌មាន។ កំណត់យកកិច្ចការនាំពាក្យជាកិច្ចការស្នូលមួយបន្ថែមទៀតរបស់រដ្ឋបាលខេត្ត ដើម្បីឱ្យការរៀបចំវេទិកាសន្ទនាមតិ ឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានផុលផុស ឈានទៅសម្រេចបាននូវការដឹងការយល់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយមន្ដ្រីអាជ្ញាធររដ្ឋរួមគ្នា ដើម្បីកសាងសង្គមជាតិឆ្ពោះទៅកាន់វិបុលភាព វឌ្ឍនភាព និងនិរន្ដរភាព។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានថ្លែងពេលធ្វើជាអធិបតីក្នុងសិក្ខាសាលានេះដែរថា ១០ ឆ្នាំមុនឱ្យប្រធានមន្ទីរព័ត៌មានធ្វើជាអ្នកនាំពាក្យ តែមិនហ៊ានជួបអភិបាលខេត្ត-រាជធានីរបស់ខ្លួននោះទេ ដែលធ្វើឱ្យការទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះក្រោយមកទើបសម្រេចប្ដូរមន្ត្រីអ្នកនាំពាក្យ គឺត្រូវយកអ្នកដែលនៅជិតបំផុតជាមួយអភិបាលខេត្ត-រាជធានី មានន័យថា អ្នកដែលដឹងរឿងហើយនៅជិតអ្នកដែលមានសិទ្ធិសម្រេច។
លោកឱ្យដឹងថា មន្ត្រីអ្នកនាំពាក្យត្រូវបានជ្រើសរើស អភិបាលរងខេត្តម្នាក់ មន្ត្រីសាលាខេត្ត ដែលនៅច្រកចេញចូលតែមួយ និងមន្ត្រីនៃមន្ទីរព័ត៌មានម្នាក់។ មន្ត្រីអ្នកនាំពាក្យ ត្រូវតែមានភាពវៃឆ្លាត និងមានការទំនាក់ទំនងល្អជាមួយគ្រប់ស្ថាប័ន មន្ទីរ អង្គភាព ជុំវិញខេត្ត ហើយមន្ត្រីអ្នកនាំពាក្យមិនអាចឆ្លើយគ្រប់តែរឿងបាននោះទេ គឺទុកឱ្យមន្ត្រីជំនាញពាក់ព័ន្ធជាអ្នកឆ្លើយបំភ្លឺទើបជាការត្រឹមត្រូវ។
លោកថា៖ «ដូច្នេះប្រធានស្ថាប័ននៅថ្នាក់ក្រោមជាតិគួរតែមានមន្ត្រីអ្នកនាំពាក្យ ១ ព្រោះជារបាំងការពារមួយដ៏សំខាន់ដោយហេតុថា មន្ត្រីអ្នកនាំពាក្យ ឬមន្ត្រីព័ត៌មានធ្វើការ ២៤ ម៉ោង និង ៧ ថ្ងៃក្នុង ១ សប្តាហ៍។ ប្រធានអង្គភាព ស្ថាប័ន អាចចាំតែឆ្លើយរឿងសំខាន់ៗ និងធំៗដែលពាក់ព័ន្ធការងារស្ថាប័នខ្លួនបានហើយ»៕