
មន្ត្រីរដ្ឋាភិបាលនិងសង្គមស៊ីវិល ធ្វើសិក្ខាសាលាប្រចាំឆ្នាំស្តីពីការចែករំលែកបទពិសោធនិងការអនុវត្តល្អ អំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា នាថ្ងៃទី២២ មីនា។ រូបថត សហការី
ភ្នំពេញៈ រោងចក្រគោលដៅចំនួន ៤៣ ស្មើនឹងចំនួនកម្មករបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជាង ២០ ម៉ឺននាក់នៅកម្ពុជា ទទួលបានការគាំទ្រលើគម្រោងនៃការលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ កាលពីឆ្នាំមុន កម្មករក្នុងវិស័យកាត់ដេរ រងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅមកបំពេញការងារប្រមាណ ២ ៥១២ នាក់ ក្នុងនោះស្លាប់ ៥០ នាក់ និងរបួសធ្ងន់ ៤៧០ នាក់។ នេះបើតាមមន្ត្រីសង្គមស៊ីវិល។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ថ្លែងក្នុងសិក្ខាសាលាប្រចាំឆ្នាំចែករំលែកបទពិសោធ និងការអនុវត្តល្អ ស្តីពី«ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នាថ្ងៃទី ២៤ មីនា ថា ចាប់តាំងពីឆ្នាំ២០១៧ មក អង្គការមូលនិធិបង្ការរបួសអាស៊ី បាននិងកំពុងបង្កើនការរួមចំណែកជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករ និយោជិត។ ជាពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង តាមរយៈផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងការអនុវត្តសកម្មភាពនៅគ្រប់កម្រិត និងជំរុញឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធឱ្យបានសកម្ម និងទូលំទូលាយ សំដៅធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត។
លោកថ្លែងថា៖«បច្ចុប្បន្នមានរោងចក្រគោលដៅចំនួន៤៣ ស្មើនឹងចំនួនកម្មករបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជាង ២០ម៉ឺននាក់ ដែលទទួលបានការគាំទ្រលើគម្រោងនៃការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា»។
របាយការណ៍ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គមបានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅមកបំពេញការងារប្រមាណ ២ ៥១២នាក់ ក្នុងនោះស្លាប់ចំនួន ៥០នាក់ និងរបួសធ្ងន់ចំនួន៤៧០នាក់។
លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគាំទ្រចំពោះគោលបំណងនៃសិក្ខាសាលាដែលនឹងបង្កើតឱ្យមានវេទិកា ជួបជុំគ្នា នៃអ្នកតំណាងមកពីរោងចក្រដៃគូ ក្រុមអ្នកបញ្ជាទិញ សហជីព តំបន់សេដ្ឋកិច្ចពិសេស សមាគមអ្នកបើកបរ និងតំណាងមកពីក្រសួង ស្ថាបន័ពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកថ្លែថាសិក្ខាសាលានេះបានចូលរួមក្នុងការអនុវត្តកម្មវិធី ដើម្បីជំរុញឱ្យមានកិច្ចសន្ទនាបន្ត និងឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ព្រមទាំងអនុវត្តឱ្យបានកាន់តែទូលំទូលាយនូវគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា។
លោកថ្លែងថា៖«ទាំងអស់នេះនឹងអាចជួយដល់ការលើកកម្ពស់សុវត្ថិភាព របស់កម្មករនិយោជិត ដែលកំពុងតែបម្រើការងារតាមរោងចក្រ សហគ្រាសនៅតាមរាជធានី ខេត្ត ជាច្រើននៅកម្ពុជា»។
លោកប៉ែន បូរាណ លើកឡើងថា ការសម្រេចបានជាផ្លែផ្កានូវកិច្ចខិតខំដើម្បីលើកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅមកបំពេញភារកិច្ចនៅតាមរោងចក្រនានា ក៏ដូចជាការធ្វើដំណើរទៅគ្រប់ទីកន្លែង ដោយមិនមានគ្រោះថ្នាក់ចរាចរណ៍មិនប៉ះពាល់ដល់អាយុជីវិត ឬ កាយសម្បទាជាយថាហេតុ ជាពិសេសក្នុងបរិបទការពារការរីករាលដាលជំងឺកូវីដ១៩ គឺពិតជាត្រូវការចាំបាច់នូវការចូលរួមយ៉ាងសកម្មនិងស្មោះស្ម័គ្រពីគ្រប់ភាគីពាក់ព័ន្ធដែលកំពុងជួបជុំ គា្ននេះ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសនិ្តសុខសង្គម បង្ហាញថា ជាង៤៩ភាគរយនៃហានិភ័យការងារ ដែលបានរាយការណ៍ ដោយកម្មករនិយោជិតថា បានទទួលរងគ្រោះ គឺជាគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ។ ក្នុងចំណោមកម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ ប្រមាណពាក់កណ្តាលនៃពួកគេ គឺជាកម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង។
ក្នុងឆ្នាំ២០២១ ទោះបីប្រទេសកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យរំហូរចរាចរណ៍នៅលើដងផ្លូវមានការថយចុះក៏ដោយ ក៏គិតជាមធ្យមមានកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងដែលធ្វើដំណើរទៅមកបំពេញការងារប្រមាណជាង២០០នាក់ទទួលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង១ ខែៗ។
បើតាម ប.ស.ស. នៅប្រទេសកម្ពុជា មានកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងប្រមាណជាង ៨០០ ០០០នាក់។ ពួកគេគឺជាជនងាយរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីកត្តាមួយចំនួនទាក់ទងនឹងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួម និងឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវជាដើម៕