ភ្នំពេញៈ ព្រះករុណា ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជសារ រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ចិន ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង​ ១០០​ នាក់​។

តាមរយៈ​ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ ដែល​បាន​ផ្ញើជូន​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Xi Jinping ចុះ​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២២ មាន​ព្រះរាជបន្ទូល​ថា​៖ «​ខ្ញុំព្រះករុណា មានការ​សោកស្តាយ ពេល​ដឹងថា យន្តហោះ​ដឹក​មនុស្ស​ ១៣២ ​នាក់​របស់​ក្រុមហ៊ុន China Eastern Airlines បាន​ធ្លាក់​នៅលើ​ភ្នំ​ក្នុង​តំបន់ Guangxi ភាគ​ខាងត្បូង​ប្រទេស​ចិន​កាលពី​រសៀល​ថ្ងៃ​ចន្ទ​»​។

ព្រះករុណា​ព្រះមហាក្សត្រ បាន​បន្តថា ក្នុងឱកាស​ដ៏ក្រៀមក្រំ​នេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ប្រជាជន​កម្ពុជា សូម​ចូលរួម​រំលែក មរណទុក្ខ​ដ៏ក្រៀមក្រំ ជាមួយ ឯកឧត្តម Xi Jinping និង​គ្រួសារ​នៃ​ជនរងគ្រោះ​។

ព្រះករុណា​ព្រះមហាក្សត្រ​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ទាំងអស់គ្នា គឺ​នៅ​ជាមួយ​សមាជិក​គ្រួសារ​នៃ​ជនរងគ្រោះ ហើយ​យើង​ជឿជាក់ថា ពួកគេ​នឹង​អាច​យកឈ្នះ​លើ​ការកាន់ទុក្ខ​ដ៏​ជ្រាលជ្រៅ​នេះ​»​។

សូមជម្រាបថា យន្តហោះ Boeing 737-800 មួយគ្រឿង​របស់​ក្រុមហ៊ុន China Eastern Airlines ធ្លាក់​ដាំ​ក្បាល​ចុះ​នៅពេល​កំពុងធ្វើដំណើរ​ក្នុង​ល្បឿន​ ៨៤២ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង និង​នៅ​កម្ពស់​ជិត​ ៩ ​គីឡូម៉ែត្រ បណ្ដាល​ឱ្យ​អ្នកដំណើរ​លើ​យន្តហោះ និង​បុគ្គលិក​សរុប​ចំនួន​ ១៣២ ​នាក់ ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២១ ខែមីនា ឆ្នាំ​ ២០២២​។

ក្រុមហ៊ុន​អាកាសចរណ៍​ដដែល​បាន​និយាយថា ខ្លួន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​អ្នកដំណើរ​ និង​បុគ្គលិក​នៅលើ​យន្តហោះ​ទាំងអស់​។ ពួកគេ​បញ្ជាក់ថា មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅឡើយ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន Boeing បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «​យើង​កំពុងធ្វើការ​ជាមួយ​អតិថិជន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង ហើយ​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​នេះ​»​។

គ្រោះថ្នាក់​បែបនេះ​ជាធម្មតា​ពាក់ព័ន្ធ​នឹង​កត្តា​ជាច្រើន ហើយ​អ្នកជំនាញ​បាន​ព្រមាន​ថា យន្តហោះ​នេះ ហោះ​លឿន​ពេក​។ ប៉ុន្តែ​មិនមាន​ការសន្និដ្ឋាន​ណាមួយ​អំពី​មូលហេតុ​ដែល​អាច​កើតមាន ជាពិសេស​ចំពេល​ដែល​ព័ត៌មាន​នៅ​មិនទាន់​បាន​ផ្ដល់​ពេញលេញ​នៅឡើយ​។

ជាការ​ឆ្លើយតប​នឹង​ការធ្លាក់​នេះ ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines ក៏បាន​ផ្អាក​ដំណើរការ​យន្តហោះ​Boeing 737-800 ​របស់ខ្លួន​ទាំងអស់​៕