ពោធិ៍សាត់ៈ នៅពេល​ខាងមុខ អ្នក​ចិញ្ចឹម​សត្វពាហនៈ​ដែល​ខ្វះ​ការទទួល​ខុសត្រូវ​បណ្ដោយ​ឱ្យ​សត្វ​ដើរ​ពាសវាល​ពាសកាល​តាម​ទីសាធារណៈ​អាច​នឹង​ប្រឈម​ការផ្ដន្ទាទោស​ផាក​ពិន័យ​អន្តរការណ៍​ ឬ​ទោស​ជាប់ពន្ធនាគារ​ផងដែរ​ ប្រសិនបើ​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដទៃ​។ នេះ​បើតាម​លោកស្រី​ មីន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោកស្រី​បាន​ថ្លែង​បែបនេះ ក្នុង​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅឯ​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២២​។

លោកស្រី​ថ្លែងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​ដាក់បញ្ចូល​ការពិន័យ​អន្តរការណ៍​ទៅក្នុង​អនុក្រឹត្យ​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លើ​អ្នក​ចិញ្ចឹម​សត្វពាហនៈ ដែល​លែងឱ្យ​ដើរ​ពាសវាល​ពាសកាល​តាម​ទីសាធារណៈ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើដំណើរ​។ លោកស្រី មាណវី ដែលជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​នោះ បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បានធ្វើ​រួចហើយ​នៅតែ​សម្អាត​ ដើម្បី​ដាក់ជូនទៅ​គណៈរដ្ឋមន្ត្រី​អនុម័ត​រួច​ហើយនឹង​ផ្ញើ​ជូនទៅ​រដ្ឋសភា​អនុម័ត​បន្ត​»​។

បើតាម​លោកស្រី មាណវី ចំណុច​សំខាន់​ដែល​ត្រូវធ្វើ​ក្នុង​វិសោធនកម្ម​ច្បាប់​នេះ មាន​ដូចជា​កត្តា​កែច្នៃ​យានយន្ត​ដែល​ត្រូវ​បើកផ្លូវ​ឱ្យ​ក្រសួង​ចេញ​បទដ្ឋាន​មួយ​ថា តើ​ការកែច្នៃ​នោះ ត្រូវគោរព​បទដ្ឋាន​យ៉ាង​ដូចម្ដេចខ្លះ​? ខណៈ​នៅក្នុង​ច្បាប់​នេះ​មិនទាន់បាន​និយាយ​ពី​ទោសប្បញ្ញត្តិ​នៅឡើយ​។ ចំណែកឯ​ការផាកពិន័យ​ដូចជា ការប្រើប្រាស់​ល្បឿន​មិន​ពាក់មួក​សុវត្ថិភាព​ជាដើម​គឺ​មិន​ស្ថិតក្នុង​ច្បាប់​នោះទេ​ប៉ុន្តែ​មាន​អនុក្រឹត្យ​មួយ​ចេញ​ដោយ​រាជរដ្ឋាភិបាល​ដែល​រៀបចំ​ដោយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ​ដើម្បី​កំណត់ឱ្យ​ធ្វើការ​ផាកពិន័យ​៕

វីដេអូ៖