
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុក ៣ តាមដងទន្លេសាប។ រូបថត អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញៈ ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៤ ខែមីនា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានដឹកនាំប្រជុំជាមួយអគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដើម្បីរៀបចំយន្តការបង្ក្រាបបទល្មើសនេសាទនៅតាមបណ្ដោយបឹងទន្លេសាបក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំស្តីពីការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្របឹងទន្លេសាបនេះមានការចូលរួមពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
លោក មិត្រ សុខសុភ័ក្រ អធិការជលផលខាងត្បូងទន្លេសាបនៃក្រសួងកសិកម្ម ប្រាប់នៅថ្ងៃទី ២៤ មីនានេះដែរថា កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីពិភាក្សាគ្នា រិះរកយន្តការក្នុងការបង្ក្រាបបទល្មើសនេសាទនៅតាមបណ្ដោយបឹងទន្លេសាប ដោយអនុវត្ដតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានដាក់ចេញ ក្នុងពេលធ្វើជាអធិបតីបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ នេះ។
លោកថ្លែងថា៖ «តាមរយៈកិច្ចប្រជុំបានសម្រេចថា នៅថ្ងៃទី ២៦ ខែមីនា ខាងមុខនេះ ក្រសួងនឹងធ្វើការកោះអញ្ជើញឯកឧត្ដមអភិបាលខេត្ដទាំង ៦ ជុំវិញបឹងទន្លេសាប ដើម្បីមកជជែកពិភាក្សាគ្នារៀបចំជាសមាសភាពគណៈកម្មការនេះជាយន្តការទី១»។ «យន្តការទី២ តាមខ្លឹមសារដែលខ្ញុំបានចូលប្រជុំនៅថ្ងៃនេះដែរ (ថ្ងៃទី ២៤ មីនានេះ) គឺអង្គប្រជុំបានសម្រេចថាឱ្យខាងជំនាញ ជាពិសេសឯកឧត្ដមប្រតិភូរដ្ឋបាលជលផល រៀបចំគូសវាសជាផែនទីដែលយើងកំណត់ថា គោលដៅណាជាមុខសញ្ញានៃបទល្មើស ដើម្បីយើងកំណត់ក្នុងផែនទីបឹងទន្លេសាបនឹងចុះទៅបង្ក្រាបចំគោលដៅតែម្ដង»។
លោក សុខសុភ័ក្រ បានឱ្យដឹងថា ក្រសួងកសិកម្មនឹងធ្វើជាសេចក្ដីជូនដំណឹងជាសាធារណៈ និងបង្កើតបណ្ដាញជូនដំណឹងបន្ទាន់ ឬបង្កើតក្រុមលើបណ្ដាញតេឡេក្រាម ដើម្បីទទួលយកព័ត៌មានពីប្រជាពលរដ្ឋ ឬសាធារណជន រាយការណ៍អំពីបទល្មើសនេសាទដែលបានកើតឡើងក្នុងភូមិសាស្ដ្ររបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «ក្រោយកិច្ចប្រជុំថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ដ្រី គាត់នឹងធ្វើរបាយការណ៍មួយរាយការណ៍ជូនសម្ដេចតេជោតែម្ដង ដោយក្រោយបទបញ្ជារបស់សម្ដេចតេជោ គឺយើងចាប់ផ្ដើមដុតដៃដុតជើងតែម្ដង អត់ព្រងើយកន្តើយទេ»។
លោក ជាវ តាយ អភិបាលខេត្ដពោធិ៍សាត់បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៤ មីនានេះថា អាជ្ញាធរខេត្ដពោធិ៍សាត់បានអនុវត្ដការបង្ក្រាបបទល្មើសនេសាទនេះជាបន្តបន្ទាប់នាពេលកន្លងមក ហើយក្រោយពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលថែមទៀត កងកម្លាំងចម្រុះខេត្ដពោធិ៍សាត់កំពុងអនុវត្ដការបង្ក្រាបបទល្មើសនេះឱ្យបានគ្រប់ទីកន្លែង ដើម្បីរក្សាធនធានត្រីនៅបឹងទន្លេសាប។
លោកថ្លែងថា៖ «ខេត្ដពោធិ៍សាត់យើងបានអនុវត្ដ សេចក្ដីណែនាំ និងបទបញ្ជារបស់សម្ដេចនេះ គឺយើងបានអនុវត្ដតាំងពីមុនពេលដែលសម្ដេចបានចេញបញ្ជា ហើយក៏យើងបានបង្ក្រាបនូវបទល្មើសមួយចំនួនពាក់ព័ន្ធនឹងការឆក់ដែលជាបទល្មើសនេសាទ»។
លោកបានឱ្យដឹងថា ក្នុងពេលថ្មីៗ កម្លាំងចម្រុះរបស់ខេត្ដបានចុះបង្ក្រាបបទល្មើសនេសាទ ដោយឃាត់ខ្លួនជនល្មើសលើកទី ១ បានចំនួន ២ នាក់ និងលើកទី ២ ក្នុងពេលថ្មីៗ ចំនួន ៨ នាក់ទៀត សរុបចំនួន ១០ នាក់។
លោកបញ្ជាក់ថា៖ «យើងកំពុងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ។ ចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយើងកំពុងតែអនុវត្តឱ្យបានពេញលេញ យើងមិនទុកឱ្យមានបទល្មើសកើតឡើងក្នុងបឹងទន្លេសាបកើតឡើងទៀតទេ គឺដាច់ខាតហើយ»។
នៅថ្ងៃទី ២៤ មីនានេះដែរ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ ៥០ នាក់ សហការជាមួយកម្លាំងជលផលខេត្ដចំនួន ១៥ នាក់ ដឹកនាំដោយលោក ចាប ចន្ថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត កំពុងចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទតាមបណ្ដោយបឹងទន្លេសាបនៅក្នុងភូមិសាស្ដ្រ ស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគីរី។ បទល្មើសនេសាទដែលបានបង្ក្រាបទាំងនោះមាន របាំងសាច់ស្បៃមុង ឬអួនវែងៗ និងរបាំងស្បៃមុងធ្វើជាលបវែង ដែលមានឈ្មួញធំៗមួយចំនួននៅពីក្រោយខ្នង។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកអនុវត្ដបទបញ្ជាបង្ក្រាបបទល្មើសនេសាទនេះ បានប្រាប់នៅថ្ងៃទី ២៤ មីនានេះថា លោកកំពុងដឹកនាំប្រជុំជាមួយក្រុមការងារលើការអនុវត្ដបទបញ្ជាបង្ក្រាបបទល្មើសនេសាទនេះ ក្នុងភូមិសាស្ដ្រខេត្ដកំពង់ឆ្នាំង។
ក្នុងពេលធ្វើជាអធិបតីបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញបទបញ្ជាឱ្យអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់លោក កម្ចាត់ក្រុមឈ្មួញទុច្ចរិតដែលបំផ្លាញត្រីលើបឹងទន្លេសាបឱ្យអស់។ លោកក៏បានណែនាំឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានាចាក់ផ្សាយឡើងវិញនូវប្រសាសន៍របស់លោកដែលអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូត៍នេសាទនាពេលកន្លងទៅ។
លោកថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបានយកលេសចង់បង្កើតឡូត៍នេសាទ ដែលលោកបានលុបចោលនោះទេ។ ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរលោកនាយករដ្ឋមន្ដ្រីក៏បានណែនាំឱ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ។ លោកថា៖ «កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗបង្ក្រាបអត់ដែលបានទេ»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កម្ពុជាធ្លាប់បាត់ឫស្សីលង្វែក ដោយសារប្រាក់ដួង ប៉ុន្ដែតាមរយៈបទបញ្ជាលោកនាយករដ្ឋមន្ត្រី គឺធ្វើមិនឱ្យកម្ពុជាបាត់បង់បឹងទន្លេសាប និងត្រីទន្លេសាប ដោយសារប្រាក់ដុល្លារ។ លោកថ្លែងថា៖ «ការចាត់ការនេះ ជាការត្រឹមត្រូវ។ ព្រោះសម្បត្ដិមហាសាលវាធំធេងណាស់ ហើយលោក [នាយករដ្ឋមន្ដ្រី ហ៊ុន សែន] បានធ្វើកិច្ចការនេះ។ នេះជាការល្អណាស់»៕