កំពតៈ អភិបាល​ខេត្តកំពត លោក​ ម៉ៅ ធនិន បើកឱកាស​ឱ្យ​ក្រុមគ្រួសារ​ម៉ូតូឌុប និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នៅ​ស្រុក​បន្ទាយមាស រាយការណ៍​ទៅ​លោក ដោយផ្ទាល់​ពី​កន្លែង​ជល់​មាន់ និង​ទីតាំង​លេងល្បែង​ស៊ីសង ដើម្បី​ធានា​ការអនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ មាន​សុវត្ថិភាព​។

ការ​បើកដៃ​ឱ្យ​ពលរដ្ឋ​រាយការណ៍​នេះ បន្ទាប់ពី​លោក​ដឹងថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានដឹង​ពី​ទីតាំង​កន្លែង​ជល់​មាន់ ប៉ុន្តែ​មិនដឹង​រាយការណ៍​ទៅខាង​ណា ក្រោយពី​លោក​អភិបាល​ទទួលបាន​របាយការណ៍​ពី​អធិការនគរបាល​ស្រុក​ថា ពុំមាន​ទីតាំង​ល្បែង​ឡើយ ដែល​ធ្វើឱ្យ​លោក​មាន​មន្ទិលសង្ស័យ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន គ្រូពេទ្យ ក្រុម​គ្រួសារ​ម៉ូតូឌុប និង​តាក់ស៊ី នៅ​ស្រុក​បន្ទាយមាស​នា​ថ្ងៃទី​ ២៤ ​មីនា អភិបាលខេត្ត​កំពត​លោក​ ម៉ៅ ធនិន បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​អ្នករត់​តាក់ស៊ី ម៉ូតូឌុប ឱ្យ​មាន​ការ​សាមគ្គី​គ្នា​ឱ្យ​បានល្អ​នៅក្នុង​មូលដ្ឋាន និង​កុំ​លាប​ពណ៌​គ្នា ដើម្បី​សុខសន្តិភាព​។ បន្ថែម​ពីនេះ​លោក​ស្នើ​អ្នករត់​តាក់ស៊ី ម៉ូតូឌុប រាយការណ៍​ទៅ​លោក​ផ្ទាល់​ពី​កន្លែង​ជល់​មាន់ និង​ទីតាំង​ល្បែង​ផ្សេងៗ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជាពិសេស​ទៅទៀត ខ្ញុំ​សូមឱ្យ​ក្រុមគ្រួសារ​តាក់ស៊ី​ចូលរួមចំណែក​ជាមួយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជួយ​ពិនិត្យ​ឱ្យ​ខ្ញុំ​ផង ថា តើ​កន្លែង​ណា​មាន​កន្លែង​ជល់មាន់ កន្លែង​ណា​ចាក់​ល្បែង​យូគី​។ ព្រោះ​ខ្ញុំ​សួរ​មក​អធិការ​ថ្ងៃ​ណា​ក៏​អត់​មាន​ដែរ របាយការណ៍​ព្រឹកឡើង​អត់​មាន​ទាំងអស់​។ ប៉ុន្តែ​បងប្អូន​យើង​ហាក់បី​ដូចជា​ដឹង​ខ្លះ​ហើយ ហាក់បី​ដូចជា​លាក់លៀម​ខ្ញុំ អត់​ទាន់​ប្រាប់​ខ្ញុំ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ចាប់ពី​ពេលនេះ​ទៅ​លេខ​ទូរស័ព្ទ​ខ្ញុំ​ដែល​ផ្តល់ឱ្យ​សូម​គ្រួសារ​ម៉ូតូឌុប តាក់ស៊ី​យើង​ទាក់ទង​មក​បង ឬ​ប្រើ​តាម​ប្រព័ន្ធ​តេឡេក្រាម ដោយ​ជួយ​ថតរូបភាព ហើយ​កំណត់​ទីតាំង និង​ផ្ញើ​រូប​មក​ខ្ញុំ​»​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា នៅ​មូលដ្ឋាន​ដែលមាន​ការលេង​ល្បែងស៊ីសង នឹង​បង្កឱ្យមាន​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​ (​អាដហុក​)​ ប្រចាំ​ខេត្តកំពត លោក​យន់ ផល្លី ថ្លែងថា ការផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​រាយការណ៍​ពី​កន្លែង​ជល់​មាន់​ជា​រឿង​ល្អ​មួយ ដើម្បី​ចុះបង្ក្រាប​ និង​ទប់ស្កាត់​ទាន់ពេលវេលា​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ឃើញថា ការអនុវត្ត​បច្ចុប្បន្ន មិនទាន់​បាន​ទប់ស្កាត់​ ១០០% ​នៅឡើយ​ទេ​។ អ៊ីចឹង​បើសិន​ជាមាន​ល្បែងស៊ីសង សូមឱ្យ​អាជ្ញាធរ​លោក​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់​ ឬ​បង្ក្រាប​។ ព្រោះ​បើសិន​ជាមាន​ល្បែងស៊ីសង នៅតាម​ភូមិ-​ឃុំ គឺ​វា​អាច​បង្កលក្ខណៈ​ក្លាយ​ទៅជា​អំពើហិង្សា​ក្នុង​គ្រួសារ ចោរកម្ម​។ អ៊ីចឹង​បើ​បង្ក្រាប​បានជា​រឿង​ល្អ​ក្នុង​ការរស់នៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​»​។

ស្នងការ​នគរបាល​ខេត្តកំពត លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់​ភ្នំពេញ​- ប៉ុស្តិ៍​ថា មិន​ថា ពីមុន និង​បច្ចុប្បន្ន​ទេ សមត្ថកិច្ច​បាន​យកចិត្ត​ទុកដាក់​លើ​ការងារ​នេះ ដោយបាន​ដាក់ចេញ​វិធានការ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ថែមទៀត​ផង​។

លោក​ថ្លែងថា​៖ «​ព្រោះ​យើង​កំពុង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ អ៊ីចឹង បើ​យើង​ដឹង គឺ​ចុះបង្ក្រាប​ហើយ មិន​បណ្តែតបណ្តោយ​ឱ្យ​គាត់​ប្រមូលផ្តុំ​គ្នា​លេង ភ្នាល់​គ្នា​បានទេ ហើយ​យើង​ដាក់​វិធានការ​ជា​ហូរហែ​កន្លងមក​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​រួច​ដៃ​ពី​ការធ្វើ​ចម្ការ ច្រូតស្រូវ គឺ​គាត់ លេង​គ្នា​គាត់ ហើយ​ពេល​ឃើញ​ប៉ូលិស​មក គាត់​ឈប់ ប៉ុន្តែ​យើង​ក៏បាន​អប់រំ​ណែនាំ​គាត់​ដែរ​»៕

វីដេអូ៖