ភ្នំពេញៈ អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​ក្នុងប្រទេស​កម្ពុជា​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ច្រើនជាង​ប្រទេស​ដទៃ​ក្នុងនោះ​អត្រា​ស្លាប់​បាន​ថយចុះ​ពី ៤២ ​ករណី ក្នុង​ចំណោម​ប្រជាជន ១០​ ម៉ឺន​នាក់ នៅ​ឆ្នាំ​ ២០០០ មក​ត្រឹម ២០ ​ករណី ក្នុង​ចំណោម​ប្រជាជន ១០ ​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​អត្រា​ធ្លាក់ចុះ​ស្មើនឹង​ ៥២%​។

រីឯ​អត្រា​កើតមាន​ជំងឺ​ថ្មី​ (​អាំងស៊ីដង់​) បាន​ធ្លាក់ចុះ ពី​ ៥៧៩​ ករណី ក្នុងចំណោម​ប្រជាជន ១០ ​ម៉ឺន​នាក់ នៅ​ឆ្នាំ​ ២០០០ ​មកដល់ ២៧៤ ​ករណី ក្នុងចំណោម ប្រជាជន ១០ ​ម៉ឺន​នាក់ នៅ​ឆ្នាំ​ ២០២០ ​ដែល​ស្មើនឹង​ ៥៣%​។

នេះ​ជាការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារលិខិត​ក្នុង​ការប្រារព្ធ​ទិវា​ពិភពលោក​កម្ចាត់រោគ​របេង ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ «​វិនិយោគ​ដើម្បី​បញ្ចប់​ការរាតត្បាត​ជំងឺរបេង​គឺ​សង្គ្រោះ​ជីវិត​” (Invest to End TB. Save Lives)​។ លោក​បាន​បន្ថែមថា កម្ពុជា​បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍ សហស្សវត្សរ៍​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​នេះ​រួចហើយ នៅមុន​កាលកំណត់ ៤ ​ឆ្នាំ​។ ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​កំចាត់​ជំងឺ​របេង​គឺជា​ស្នាដៃ​មួយ​ដែលមាន​ប្រទេស​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ អាច​សម្រេចបាន​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​បើទោះបីជា​យើង​ទទួលបាន​ជោគជ័យ​យ៉ាងនេះ​ក៏ដោយ ខ្ញុំ​យល់ថា ប្រទេស​កម្ពុជា​យើង​នៅមាន​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​នៅ​ខ្ពស់​នៅឡើយ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួនទៀត និង​នៅមាន​មនុស្ស​ច្រើន​នៅឡើយ ដែល​នៅ​ពុំទាន់​បានទទួល​សេវា​។ បញ្ហា​នេះ​តម្រូវឱ្យ​យើង​ត្រូវ​បង្កើនល្បឿន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នូវ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​»​។

ការរៀបចំ​ប្រារព្ធ​ទិវា​នេះ​គឺ​នៅក្នុង​គោលបំណង​បន្ត​ជំរុញ និង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ក្នុង​ការលើកកម្ពស់​សុខភាព​របស់​ប្រជាជន​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​បំផុស​ការយល់ដឹង ការយកចិត្ត​ទុកដាក់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺរបេង ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​អំពី​ទំហំ​នៃ​បញ្ហា និង​ផលវិបាក​នៃ​ជំងឺរបេង សំដៅ​ចូលរួមចំណែក​លើកកម្ពស់​សុខុមាលភាព​សង្គម ព្រមទាំង​លើកកម្ពស់​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ​ទាំងមូល​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​បានសម្រេច​សមិទ្ធផល​គួរ​ជា​ទីមោទនៈ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺរបេង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ខណៈ​ដែល​កាលពី​ ២០ ​ឆ្នាំមុន ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​អ្នក​កើត​ជំងឺរបេង​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក តែ​ក្នុង​រយៈពេល​យ៉ាងខ្លី​កម្ពុជា​បាន​ក្លាយជា​ប្រទេស​គំរូ​មួយ​សម្រាប់​ពិភពលោក​ចំពោះ​ការងារ​កម្ចាត់​ជំងឺ​របេង​យ៉ាងសកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​។

លទ្ធផល​ដ៏គាប់ប្រសើរ​នេះ​បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដែល​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ពង្រីក​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺរបេង​តាម​យុទ្ធសាស្ត្រ​ដូតស៍​នៅ​គ្រប់​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព​ទាំងអស់ រួមទាំង​ថ្នាក់​សហគមន៍​ផងដែរ​នៅ​ទូទាំង​ប្រទេស​។

លោក ហ៊ុន សែន​បាន​បន្ថែមថា​៖ «​ការធ្វើ​សកម្មភាព​រួម​គ្នា ដើម្បីឱ្យ​អ្នក​សង្ស័យ​កើត​ជំងឺ​របេង​គ្រប់គ្នា​ទទួល​បាន​នូវ​ការធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា​និង​ព្យាបាល​ជាសះស្បើយ​ហើយ​នៅ​ថ្ងៃ​អនាគត យើង​នឹង​ឃើញ​ពិភពលោក​មួយ​ដែល​គ្មាន​ជំងឺរបេង និង​គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺរបេង​ទៀត​ទេ​»​។

អ្នកជំងឺ​របេង ១ ​រូប​ដែល​បាន​ព្យាយាម​លេបថ្នាំ​ ដើម្បី​ព្យាបាល​ជំងឺរបេង​របស់គាត់​អស់​រយៈពេល​ ៦ ​ខែ​បាន​ប្រាប់​ឱ្យដឹងថា បើសិនជា​ចង់​ជាសះស្បើយ​ពី​ជំងឺរបេង ត្រូវ​ខំតស៊ូ​ព្យាបាល​ដោយ​ការ​លេបថ្នាំ ដោយ​ថ្នាំ​នេះ​មានការ​ធ្វើទុក្ខ​បន្តិច​ពេល​លេបថ្នាំ​នេះ​។ អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ត្រូវ​ប្រឹង​លេបថ្នាំ​ទើប​ជា​សះស្បើយ​ពី​ជំងឺរបេង​នេះ ខ្ញុំ​ព្យាយាម​លេប​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទើប​ខ្ញុំ​ជា​រហូតមក​ដល់ពេលនេះ​»​។

តាម​ការប៉ាន់ស្មាន​ក្នុង​ពិភពលោក​ក្នុង​ ១ ​ឆ្នាំៗ​មាន​ប្រជាជន​ប្រមាណ​ ១០​ លាន​នាក់ កើត​ជំងឺ​របេង ប៉ុន្តែ​អ្នកជំងឺ​ប្រហែល ៣ ​លាន​នាក់​ក្នុង​ ១​ ឆ្នាំៗ​ពុំទាន់​បានទទួល​សេវា​ថែទាំ និង​ព្យាបាល​នៅឡើយ​។ លើសពីនេះ​ទៀត ជំងឺរបេង​នៅតែ​ឆក់យក​អាយុជីវិត​មនុស្ស​ក្នុង​ ១​ ឆ្នាំៗ​ប្រមាណ ១,៤​ លាន​នាក់​ផងដែរ​។

យោងតាម​របាយការណ៍​របស់​មណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន​បានឱ្យដឹងថា កម្មវិធី​ជាតិ​កំចាត់​រោគរបេង​គ្របដណ្តប់​សេវា​របស់ខ្លួន​បាន ១០០% នៅ​គ្រប់​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព​ទូទាំងប្រទេស​។ តាម​សហគមន៍​ត្រូវបាន​ពង្រីក​ពី​ ៥០៦​ មណ្ឌល​សុខភាព​នៅ​ឆ្នាំ​ ២០០៨ ដល់ ៦៤៤ ​មណ្ឌល​សុខភាព​នៅ ឆ្នាំ​ ២០១៨ ហើយ​កម្មវិធី​ជាតិ​ក៏បាន​បន្ត​ពង្រីក​បាន​ដល់​ ១ ១៤៧ មណ្ឌល​សុខភាព នៅក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន​ ៨៩ នៅ​ឆ្នាំ ​២០២១​ កន្លងទៅ​។

លោក ហួត ចាន់យុដា ប្រធាន​មណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់សិន​បានឱ្យដឹងថា ជំងឺ​របេង​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន ​១០០%​ ហើយ​លោក​បាន​អំពាវនាវ​កុំឱ្យ​មាន​ការរើសអើង​ចំពោះ​អ្នកជំងឺ​របេង ដោយសារ​វា​អាចធ្វើ​ឱ្យមាន​ហានិភ័យ​ច្រើន​ទាក់ទង​នឹង​ការព្យាបាល និង​ការតាមដាន​ជំងឺរបេង​នេះ​។

លោក​បញ្ជាក់ថា ការព្យាបាល​ជំងឺរបេង មិន​មាន​ការតម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ​៕