
លិខិតរបស់ក្រសួងមហាផ្ទៃ ករណីចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត។ ហុង មិនា
ភ្នំពេញៈ ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ដ គាំទ្រដល់ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការការបោះឆ្នោត (គ.ជ.ប) មានរយៈពេល ៣០ ថ្ងៃ ដោយគិត ចាប់ផ្តើមពីថ្ងៃទី ១៧ មេសា ដល់ថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២២ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ មិថុនាឆ្នាំ ២០២២។
តាមលិខិតរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសកាលពីថ្ងៃទី ២២ ខែមីនា ឱ្យដឹងថា គ.ជ.ប បានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគាំទ្រដល់ដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
ការចែកបណ្ណនេះធ្វើនៅតាមភូមិ ក្នុង ឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីផ្ដល់នូវព័ត៌មានអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ ទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត និងឯកសារបញ្ជាក់អត្តសញ្ញាណ ផ្លូវការដែលនឹងត្រូវប្រើនៅពេលបោះឆ្នោត។
លោកសរសេរថា៖ «ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អភិបាលរាជធានី ខេត្ត ១- ត្រូវសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការផ្សព្វផ្សាយអំពីការចែកបណ្ណព័ត៌មាន អ្នកបោះឆ្នោតឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ២- ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ និងភូមិ ផ្តល់កិច្ចសហការជាមួយគណៈកម្មាការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដោយចូលរួមជាសមាជិកក្រុមចែកបណ្ណព័ត៌មាន បោះឆ្នោតនៅតាមឃុំ សង្កាត់»។
លោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមីនា នេះថា រដ្ឋបាលខេត្តបានទទួលលិខិតនេះរួចហើយ និងត្រៀមរៀបចំចាត់ចែង និងអនុវត្តទៅតាមខ្លឹមសារលិខិតរបស់ក្រសួងមហាផ្ទៃនេះ ដោយក្នុងនោះខេត្តនឹងសហការជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោត ទាំងថ្នាក់ខេត្ត ថ្នាក់ឃុំសង្កាត់ និងថ្នាក់ការិយាល័យទាំងអស់នៅទូទាំងខេត្ត ដើម្បីធ្វើការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតឱ្យបានទូលំទូលាយដល់ពលរដ្ឋ។
មួយវិញទៀត កិច្ចការនេះ រដ្ឋបាលខេត្តនឹងណែនាំបន្តទៅកាន់រដ្ឋបាលស្រុក ក្រុង និងឃុំ សង្កាត់នានា ដើម្បីសហការឱ្យបានល្អក្នុងការផ្តល់ព័ត៌មាន និងភាពជាក់លាក់នៃព័ត៌មានពីការបោះឆ្នោតឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់លាស់អំពីអត្តសញ្ញាណ ការិយាល័យបោះឆ្នោត ដំណើរការបោះឆ្នោត និងកាលបរិច្ឆេទ ដើម្បីឱ្យគាត់បានចូលរួមបោះឆ្នោតដោយមិនមានការអាក់រអួល។
លោកថ្លែងថា៖ «យើងគ្រោងនឹងធ្វើការណែនាំជាលាយលក្ខណ៍អក្សរបន្តទៀតដើម្បីឱ្យក្រុងស្រុក និងឃុំ សង្កាត់ ចូលរួមអនុវត្ត និងឱ្យប្រជាពលរដ្ឋ យល់ដឹងពីកាតព្វកិច្ចរបស់គាត់ និងសារៈសំខាន់នៃការបោះឆ្នោតដើម្បីឱ្យពួកគាត់ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែមីនា ថា ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ទាំងអស់នឹងត្រូវបានផ្ទេរទិន្នន័យចូលទៅក្នុងបណ្ណព័ត៌មានអ្នកបោះឆ្នោត។ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងត្រូវចែកជូនទៅពួកគាត់ ដើម្បីក្រើនរំឭកពួកគាត់ពាក់ព័ន្ធនឹងកាលបរិច្ឆេទនៃការបោះឆ្នោត ទីតាំងការិយាល័យបោះឆ្នោត លេខឈ្មោះរបស់គាត់ និងឯកសារអ្វីខ្លះដែលពួកគាត់ត្រូវត្រៀមរក្សាទុកសម្រាប់ពេលបោះឆ្នោតមកដល់។
លោកបន្តថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានសារៈសំខាន់សម្រាប់អ្នកបោះឆ្នោតប្រើប្រាស់ក្នុងអំឡុងពេលបោះឆ្នោត ពោលគឺនៅពេលដែលពួកគាត់ទៅដល់ការិយាល័យបោះឆ្នោតពួកគាត់អាចឱ្យបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះទៅលេខាការិយាល័យបោះឆ្នោតពិនិត្យមើលលេខរៀងនៅក្នុងបញ្ជីបោះឆ្នោតដែលមានភាពងាយស្រួយក្នុងការរកឈ្មោះ។
លោកបញ្ជាក់ថា៖ « អ៊ីចឹងទេ ជាធម្មតា នៅមុនការបោះឆ្នោត គ.ជ.ប តែងតែសហការជាមួយក្រសួងមហាផ្ទៃក្នុងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ពីព្រោះកម្លាំងរបស់ គជប នៅថ្នាក់ឃុំ សង្កាត់មិនគ្រប់គ្រាន់ទេ។ យើងមានតែមន្ត្រីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មានមន្ត្រីតែ ៥ នាក់ និងកន្លែងខ្លះដែលជាឃុំ អាចមាន ៦ នាក់។ ដូច្នេះចំនួនត្រឹមប៉ុណ្ណេះ មិនអាចចែកបណ្ណព័ត៌មានដល់ម្ចាស់ឆ្នោតបានទេ ទើប គជប ស្នើសុំកិច្ចសហការជាមួយក្រសួងមហាផ្ទៃ»៕