ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ភ្លាមៗ បន្ទាប់ពី​បាញ់​ជនសង្ស័យ​ស្លាប់​ម្នាក់​ក្នុងចំណោម​ ៦ ​នាក់ ឯ​ ៥ ​នាក់​ទៀត​រត់គេចខ្លួន ក្នុង​ហេតុការណ៍​ដេញ​ធាក់​ប្លន់​យក​ម៉ូតូ​ ១​ គ្រឿង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​ ២៤ មីនា ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​ ជាង ហុកសែ អធិការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ មីនា ថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ប្រហែលជា​ ៦ ​នាក់​ត្រូវ​បាន​អ្នកដំណើរ​ម្នាក់​ជា​មន្ត្រី​យោធា បាញ់​ស្លាប់​នៅ​កន្លែងកើតហេតុ​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រៃស ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​របស់លោក​បាន​ចុះ​អន្តរាគមន៍​នៅ​ទីតាំង​កើតហេតុ និង​នាំ​មន្ត្រី​យោធា​រូប​នោះមក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​សមត្ថកិច្ច​យើង​កំពុង​ធ្វើការ មិនទាន់​មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ​»​។

ដោយឡែក លោក​ សាន សុខសីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ យ៉ាងខ្លី​ថា ករណីនេះ​មន្ត្រី​ជំនាញ​កំពុង​សហការ​ស្រាវជ្រាវ​ហើយ​។

ទោះយ៉ាងណា មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រៃស​​ម្នាក់ ដែល​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យដឹង​នៅវេលា​ម៉ោងជាង​ ៥​ ព្រឹក​ថ្ងៃទី​ ២៤ មីនា តាម​សម្តី​សាក្សី​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​ ១២៥ ស៊េរី​ឆ្នាំ​ ២០២២ មួយគ្រឿង​តាមបណ្តោយ​ផ្លូវ​ ៣០ ​ម៉ែត្រ ម្តុំ​ភ្លើងស្តុប​បារគូ ក្នុង​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​។ ពេល​មន្ត្រី​យោធា​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​នោះ​ស្រាប់តែ​គេ​ឃើញ​មនុស្ស​ ១​ ក្រុម​មាន​គ្នា​ ៦​ នាក់ ជិះ​ម៉ូតូ​ប្រហែល​ ៣-៤ ​គ្រឿង​ឌុប​គ្នា ទៅ​អែប​នឹង​ម៉ូតូ​មន្ត្រី​យោធា​នោះ​ហើយ​ធាក់​ផ្តួល​ប្លន់​ម៉ូតូ​តែម្តង​។

មន្ត្រីនគរបាល​រូបនោះ​បន្តថា ក្រោយពី​ជនសង្ស័យ​ម្នាក់​ដណ្តើម​ម៉ូតូ​ពី​ម្ចាស់​ម៉ូតូ​បាន​ហើយ ក៏​ជិះ​ចេញពី​ចំណុច​បង្កហេតុ​បាន​បន្តិច ស្រាប់តែ​ម្ចាស់​ម៉ូតូ​ដក​កាំភ្លើងខ្លី​បាញ់​ពីក្រោយ​សំដៅទៅ​ក្រុមចោរ​ប្រហែលជា​ជិត​ ១០ ​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​ចោរ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ប្លន់​បាន​នោះ​ដួល​ស្លាប់​នៅនឹង​កន្លែង​តែម្តង​។ ចំណែក​ក្រុមចោរ​ប្រមាណ​ជា​ ៥​ នាក់​ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។

ពាក់ព័ន្ធ​បញ្ហា​នេះ នៅ​ថ្ងៃទី​ ២៤ មីនា លោក​មេធាវី យុង ផានិត បាន​ពន្យល់​ពី​ផ្លូវច្បាប់​ថា បើ​ភាគី​ម្ខាង​ធ្វើ​មកលើ​ភាគី​ម្ខាង​ទៀត​ត្រូវតែមាន​តុល្យភាព​គ្នា​នៃ​កម្លាំង​តបត​។ កម្លាំង​ដែល​ភាគី​ម្ខាង​ប្រើ​ទៅ​តទល់​នឹង​ក្រុម​ជន​ខុសច្បាប់​នោះ​ត្រូវតែ​ជា​កម្លាំង​សមាមាត្រ​នឹង​គ្នា​។ ក្រុមចោរ​គឺ​ខុសច្បាប់​ហើយ ព្រោះ​គេ​បានមក​ដណ្តើម​យក​ម៉ូតូ​ពី​ភាគី​ម្ចាស់​ម៉ូតូ ហើយ​ម្ចាស់​ម៉ូតូ​មានការ​ការពារ​ទ្រព្យសម្បត្តិ គឺ​ត្រឹមត្រូវ​ហើយ ក៏ប៉ុន្តែ​គេ​ឱ្យមើល​កម្លាំង​តបត​ត្រូវមាន​តុល្យភាព​គ្នា​។

លោក​បញ្ជាក់ថា​៖ «​បើ​ភាគី​ម្ខាង​មាន​គ្នាច្រើន ហើយ​ភាគី​ម្ខាង​ទៀត មានតែ​ម្នាក់ឯង អ្នក​ម្នាក់ឯង​នោះ​មាន​កាំបិត គឺ​គាត់​អាច​កាប់​ឱ្យ​របួស ឬ​ឧបមា​ថា បើ​ភាគី​ម្នាក់ឯង​នោះ​មាន​កាំភ្លើង គឺ​គាត់​គ្រាន់តែ​បាញ់​ត្រឹមតែ​ជើង​អ៊ីចឹងទៅ​»៕