ភ្នំពេញៈ ជាថ្មី​ម្តងទៀត ក្រសួង​ការងារ​ស្នើឱ្យ​ភាគី​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មានការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ភាគី​ទាំង​ ២ ​មិនទាន់​រក​ចំណុច​ឯកភាព​រួម ហើយ​ថា ប្រសិនបើ​វិវាទ​ការងារ​នេះ​មិនអាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការផ្សះផ្សា នីតិវិធី​បន្ទាប់​អាច​បញ្ជូនទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​។

សេចក្តី​ជូនដំណឹង​ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នា​ថ្ងៃទី​ ២៣ ​មីនា បញ្ជាក់ថា ក្រសួង​បាន​បន្ត​ខិតខំ​សម្របសម្រួល​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ស្របតាម​តួនាទី​ដែល​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន ក៏ដូចជា​ស្របតាម​ស្មារតី​ចង់បាន​របស់​តំណាង​ភាគី​កម្មករនិយោជិត ដែល​ចង់​ជួបចរចា​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់ ដោយ​បាន​អញ្ជើញ​គូភាគី​មក​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​ជាច្រើន​លើក​ច្រើនសា​។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​ ២៣ ​មីនា ក្រសួង​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មក​ជួប​ប្រជុំ​ដោះស្រាយ​ជា​លើក​ទី ​៥ ក្រោម​អធិបតីភាព លោក​ ទេស រុក្ខាផល អគ្គខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមាន​តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​និយោជក ដោយ​ភាគី​ទាំង​ ២ បានលើកឡើង​នូវ​មតិ​យោបល់​មួយចំនួន​។

សេចក្តី​ជូនដំណឹង​បន្តថា សម្រាប់​មតិ​របស់​សហ​ជីព និង​តំណាង​កម្មករ​និយោជិត នៅតែ​បន្ត​ស្នើឱ្យ​លើកយក​ចំណុច​ទាមទារ​យក​បុគ្គលិក​ចូលធ្វើការ​វិញ មក​ពិភាក្សា​មុននឹង​ឈានទៅ​ពិភាក្សា​ចំណុច​វិវាទ​ផ្សេងទៀត ដោយ​ស្នើឱ្យ​និយោជក​ផ្តល់​ចម្លើយ​តប​ចំពោះ​ការទាមទារ​នេះ​។ ចំពោះ​កម្មករនិយោជិត​ដែល​យល់ព្រម​ឈប់​ពី​ការងារ​សុំឱ្យ​មាន​ការទូទាត់​សំណង​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។ ប៉ុន្តែ​មតិ​របស់​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បញ្ជាក់​ជំហរ​ថា ក្រុមហ៊ុន​មិនអាច​ទទួលយក​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ឱ្យចូល​ធ្វើការ​វិញ​បានទេ ហើយ​ក៏​មិន​ពិចារណា​ក្នុងការ​ដោះដូរ​ដូចដែល​តំណាង​កម្មករនិយោជិត​បាន​ស្នើសុំ​នោះដែរ​។

ក្រុមហ៊ុន​បញ្ជាក់ដែរថា ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​ ២១​ មីនា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​បាន​ព្យាយាម​ផ្ដល់​ហេតុផល និង​ពន្យល់​នូវ​ជំហរ​របស់​ក្រុមហ៊ុន​យ៉ាង​ក្បោះក្បាយ​។ ប៉ុន្ដែ​គួរឱ្យ​សោកស្តាយ ដែល​ជំហរ​របស់​ក្រុមហ៊ុន​ត្រូវបាន​ស្រង់ និង​បកស្រាយ​ខុស ដោយ​តំណាង​កម្មករនិយោជិត​នូវ​អត្ថន័យ​ដើម​របស់​ក្រុមហ៊ុន​នៅតាម​បណ្ដាញ​សង្គម ក៏ដូចជា​សារព័ត៌មាន ដែលថា ក្រុមហ៊ុន​មាន​គម្រោង​កាត់បន្ថយ​កម្មករនិយោជិត​ចំនួន​ ៦០០​ នាក់​បន្ថែមទៀត​។ ចំណុច​នេះ ក្រុមហ៊ុន​បញ្ជាក់ថា មិនមែន​ជា​ការពិត​ទេ ព្រោះ​ក្រុមហ៊ុន​ក៏​មិនមាន​គម្រោង​កាត់បន្ថយ​កម្មករនិយោជិត​បន្ថែម​ទៀត​ដែរ ទោះបី​ជា​បច្ចុប្បន្ន​ចំនួន​នេះ​លើសពី​តម្រូវការ​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​រក្សា​ការងារ​ជូន​ពួកគាត់​ដដែល​។

តាមរយៈ​សេចក្តី​ជូនដំណឹង​នេះ ក្រុមហ៊ុន​នៅតែ​ទទូច​ឱ្យមាន​ការពិភាក្សា​លើ​ចំណុច​ផ្សេងទៀត ក្រៅពី​ចំណុច​ទី​ ១ ​ដែល​ស្នើឱ្យ​ក្រុមហ៊ុន​ទទួល​កម្មករ​និយោជិត​ចូលធ្វើការ​វិញ និង​ស្នើ​សុំឱ្យ​តំណាង​កម្មករនិយោជិត​មាន​ភាពបត់បែន និង​ហេតុផល​សមរម្យ​ក្នុងការ​ពិភាក្សា​ទៅលើ​ចំណុច​ផ្សេងទៀត ដើម្បី​ឈានដល់​ការព្រមព្រៀង​ណាមួយ​ជាមួយ​ក្រុមហ៊ុន ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​កម្មករ-​និយោជិត​ភាគច្រើន​។

សេចក្តី​ជូនដំណឹង​បន្តថា ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុសផុល ភាគី​ទាំង ​២ នៅ​មិនទាន់​ឈានដល់​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ​។ ក្រសួង​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី​ ២៩ មីនា វេលា​ម៉ោង​ ១៤:៣០ ​នាទី រសៀល ដើម្បីឱ្យ​ភាគី​ទាំង​ ២ មានឱកាស​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការសម្បទាន​គ្នា​ទៅវិញ​ទៅមក ដែល​អាច​ឈានទៅ​បញ្ចប់​វិវាទ​នេះ​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ច្រានចោល​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ចុះផ្សាយ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រើ​អំពើហិង្សា​លើ​ក្រុមបាតុករ ដែល​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ២៣ ខែមីនា បញ្ជាក់ថា កន្លងមក​ក្រុមបាតុករ ដែល​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​បន្ត​សន្សំ​ចិត្ត​មក​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ខុសច្បាប់​តាម​ទីសាធារណៈ​ដោយ​មិន​អនុវត្តតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា រដ្ឋបាល​រាជធានី​បាន​ពន្យល់​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ និង​បាន​អញ្ជើញ​ពួកគាត់​ទៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើការ​សម្តែង​មតិ ដោយ​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ប្រមូល​ផ្ដុំ​ខុសច្បាប់​តាម​ទីសាធារណៈ​ឡើយ​។

សេចក្តី​ប្រកាស​បន្តថា អ្វីដែល​គួរឱ្យ​កាន់តែ​សោកស្តាយ​នោះ​គឺ​ការអនុវត្ត​វិធានការ​រដ្ឋបាល វិធានការ​ច្បាប់ និង​វិធាន​ការអប់រំ​ជាច្រើន​លើក​ច្រើនសា​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្រុមបាតុករ​ធ្វើការ​ពិចារណា និង​ភ្ញាក់រឭក​។ ប៉ុន្តែ​ក្រុមបាតុករ​ទាំងនោះ បែរជា​កាន់តែ​បន្ត​បំពាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ជាច្រើនលើក​ច្រើនសា​បន្តបន្ទាប់​ទៀត​តាម​ការរៀបចំ​របស់​អ្នក​ដឹកនាំ​រឿង ដើម្បី​កេងចំណេញ ក្រោម​រូបភាព​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន រហូត​ឈានដល់​ការបង្កើត​ឈុត​ឆាក​សម្ដែង​ជា​ជនរងគ្រោះ​ក្រោមរូបភាព​ផ្សេងៗ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​ជាក់ស្ដែង ក្រុមបាតុករ​ទៅវិញ​ទេ ដែល​បាន​បន្ត​ប្រមូលផ្ដុំ​តាម​សេណារីយោ ដែល​បានរៀបចំ​ទុក ធ្វើការ​ក្រាញ​ននៀល ប្រើពាក្យ​ពេចន៍​អសុរោះ អាកប្បកិរិយា និង​កាយវិការ​មិន​សមរម្យ​ដាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​បញ្ឆេះ​កំហឹង និង​ត្រៀមចាំ​ផ្តិត​យក​រូបភាព​ផ្សេងៗ​ទុក​ធ្វើការ​ចោទប្រកាន់​»៕