ភ្នំពេញៈ អង្គជំនុំជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គជប​) បានសម្រេច​​យល់ព្រម​តាម​ពាក្យបណ្តឹង​​របស់​គណបក្ស​ភ្លើងទៀន​ឱ្យ​គណបក្ស​ដាក់​បេក្ខជន​ថ្មី​ជំនួស​នៅក្នុង​ឃុំ សង្កាត់​ចំនួន​ ៣ នៃ​ខេត្តកំពង់ចាម និង​បាន​បដិសេធ​នៅក្នុង​សង្កាត់​ចំនួន​ ២ ​នៃ​ក្រុង​កំពង់ចាម ដោយសារ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​មិន​គ្រប់​លក្ខខណ្ឌ​តម្រូវ​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៤ ខែមីនា នេះ​ថា គ.ជ.ប បានសម្រេច​យល់ព្រម​សំណុំរឿង​លេខ​ ០៧១ ​របស់​គណបក្ស​ភ្លើងទៀន​ឱ្យ​គណបក្ស​បានដាក់​បេក្ខជន​ថ្មី​មក​ជំនួស​បេក្ខជន នៅក្នុង​ឃុំ​ចំការអណ្តូង ដែល​មិន​គ្រប់​លក្ខខណ្ឌ​។

លោក​បាន​បន្តថា មួយវិញ​ទៀត​សម្រាប់​សំណុំរឿង​លេខ ០៧២ នៅក្នុង​សង្កាត់​វាលវង់ និង​សំណុំរឿង​លេខ​ ០៧៥ សង្កាត់​សំបូរ​មាស ក៏​ គ.ជ.ប យល់ព្រម​តាម​ពាក្យបណ្តឹង​របស់​គណបក្ស​ភ្លើងទៀន​ដែរ​។ ជារួម​ក្នុង​បណ្តឹង​ចំនួន​ ៥ ដែល​បានដាក់ នៅក្នុង​សវនាការ​​របស់ គ.ជ.ប នៅ​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ ​២០២២ នេះ គ.ជ.ប សម្រេច​យល់ព្រម​លើ ៣ ​បណ្តឹង និង​បដិសេធ ២ ​បណ្តឹង​ចំពោះ​បេក្ខជន​ឈរឈ្មោះ​បញ្ជី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខាងមុខ​។

លោក​បាន​ថ្លែងថា​៖ «​មានន័យថា គ.ជ.ប បដិសេធ​បញ្ជីបេក្ខជន​របស់​គណបក្ស​ភ្លើងទៀន​ដែល​ឈរឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​កំពង់ចាម នៅក្នុង​សំណុំរឿង​លេខ​ ០៧៣ និង សង្កាត់​បឹងកុក​នៅក្នុង​សំណុំរឿង​លេខ​ ០៧៤​។ អ៊ីចឹង បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន​នៅក្នុង​សង្កាត់​ទាំង​ ២ ​នេះ​ត្រូវ​​បាន​បដិសេធ​ចំពោះ​ការមិន​គ្រប់​លក្ខខណ្ឌ ចំពោះ​ការស្នើសុំ​​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​»​។

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមីនា​​ថា លោក​មិនអាច​ទទួលយក​សេចក្តី​សម្រេច​របស់ គ.ជ.ប ដែល​បាន​បដិសេធ​មិន​ទទួលយក​បេក្ខជន​នៅក្នុង​សង្កាត់​កំពង់ចាម និង​សង្កាត់​បឹងកុក​នោះទេ​។

ទោះជា​យ៉ាងណា លោក​បាន​ថ្លែងថា ប្រសិនបើ គ.ជ.ប រកឃើញ​មាន​បញ្ហា​ចំពោះ​បេក្ខជន​ ១ ​រូប​ក៏​មិនគួរ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បេក្ខជន​ផ្សេងទៀត ដែល​នេះ​បង្ហាញ​ពី​ភាពអយុត្តិធម៌ និង​ពិបាក​ទទួលយក​ជាទីបំផុត​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​គិត​មើល​គ្រួសារ​យើង​មាន​ម្នាក់​ខុសច្បាប់ ​ប៉ុន្តែ​ជាប់គុក​ទាំងអស់ ។ ការសម្រេច​នេះ វា​អយុត្តិធម៌​មែនទែន សម្រាប់​អ្នក​ដែល​មិនដឹង​ខ្លួន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​ដែល​គេ​រង់ចាំ​បោះឆ្នោតឱ្យ​គណបក្ស​ភ្លើងទៀន​»​។

បើតាម លោក ថាច់ សេដ្ឋា បេក្ខជន​ឈរឈ្មោះ​របស់លោក​នៅក្នុង​សង្កាត់​កំពង់ចាម និង​សង្កាត់​បឹងកុក​នៃ​ក្រុង​កំពង់ចាម​នេះ​បានទទួល​រង​នូវ​ការ​គំរាមកំហែង និង​សម្លុត​គ្រប់បែបយ៉ាង​ដែល​ពិបាក​ក្នុងការ​ស្វែងរក​បេក្ខជន​សម្រាប់​​ឈរឈ្មោះ​បោះឆ្នោត​។ ​ទោះជា​យ៉ាងណា នៅពេល​ដែល​រកបាន​ហើយ ក៏​ទទួលបាន​នូវ​ការគំរាមកំហែង​ក៏​បេក្ខជន​នោះ​លាលែង​ទៅវិញ​៕