
លោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម)។ រូបថត សហការី
ភ្នំពេញៈ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បាន ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិ-សិង្ហបុរី (Singapore International Arbitration Centre) ដើម្បីជំរុញការប្រើប្រាស់មជ្ឈត្តការអន្តរជាតិ និងជំរុញការប្រើប្រាស់មជ្ឈត្តការ អន្តរជាតិឱ្យទៅជាយន្តការដែលពេញនិយមសម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ ពិធីចុះអនុស្សរណៈនៃការយោគ-យល់គ្នានេះធ្វើឡើងក្រោមអធិបតីភាព លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធាន ម.ជ.ម. និងលោកស្រី Gloria Lim នាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិសិង្ហបុរី តាមប្រព័ន្ធអនឡាញនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ដែលមានកម្មវត្ថុ ធ្វើការជំរុញការប្រើប្រាស់មជ្ឈត្តការអន្តរជាតិឱ្យទៅជាយន្តការ ដែលពេញនិយមសម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្ម។
ស្របតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ម.ជ.ម. និងមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិសិង្ហបុរី នឹងផ្តល់កិច្ចគាំទ្រផ្សព្វផ្សាយ ក៏ដូចជាកិច្ចគាំទ្រប្រតិបត្តិការ (ដោយរួមបញ្ចូលនូវកិច្ចគាំទ្រដោយបុគ្គលិករបស់ស្ថាប័ននីមួយៗនៅទីតាំងជាក់ស្តែង) ដោយផ្អែកទៅលើផលប្រយោជន៍រួម ការគោរព និងការយោគយល់គ្នាទៅវិញទៅមក សម្រាប់រាល់ការរៀបចំព្រឹត្តិការណ៍នានា ដែលធ្វើឡើងដោយ ម.ជ.ម. នៅក្នុងប្រទេសសិង្ហបុរី ឬដោយមជ្ឈមណ្ឌល នៃមជ្ឈត្តការអន្តរជាតិសិង្ហបុរីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
បើតាមសេចក្ដីប្រកាសអនុស្សរណៈនៃការយោគយល់គ្នានេះក៏មានចក្ខុវិស័យក្នុងការរៀបចំសន្និសីទ សិក្ខាសាលា និងកម្មវិធីនានារួមគ្នាដោយមជ្ឈមណ្ឌលទាំង ២ ពាក់ព័ន្ធនឹង ប្រធានបទស្តីពីមជ្ឈត្តការអន្តរជាតិ ដែលនឹងអាចរៀបចំឡើងដោយផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសសិង្ហបុរី ឬពីចម្ងាយតាមទម្រង់អេឡិចត្រូនិក ឬតាមទម្រង់រួមបញ្ចូលគ្នាជាមួយនឹងការប្រជុំដោយផ្ទាល់។ ម.ជ.ម. និងមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិសិង្ហបុរី នឹង ធ្វើការអភិវឌ្ឍ និងបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្ដាល និងវគ្គសិក្សាសម្រាប់បុគ្គលិករបស់ស្ថាប័នទាំង ២ បន្ទាប់ពីមានសំណើពីស្ថាប័នណាមួយ ដើម្បីសម្របសម្រួលឱ្យមានការផ្លាស់ប្ដូរព័ត៌មាន ចំណេះដឹង និងបច្ចេកទេសគ្រប់គ្រងសំណុំរឿងមជ្ឈត្តកម្មនៅក្នុងយុត្តាធិការរៀងៗខ្លួន។
លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធាន ម.ជ.ម. បានថ្លែងថា៖ «យើងពិតជារីករាយក្នុងការបង្កើតឱ្យមានកិច្ចសហការជាផ្លូវការជាមួយនឹងមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិសិង្ហបុរីបន្ទាប់ពី ម.ជ.ម. បានធ្វើកិច្ចសហការជាមួយស្ថាប័នមួយនេះជាច្រើនឆ្នាំកន្លងមក»។
លោកបន្តថា ម.ជ.ម. មានឆន្ទៈក្នុងការបង្កើតឱ្យមាននូវសុខដុមនីយកម្ម និងឧត្តមានុវត្តន៍អន្តរជាតិ ហើយការពង្រឹងកិច្ចសហការជាមួយមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិសិង្ហបុរីនឹងពាំនាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះបុគ្គលដែលប្រើប្រាស់សេវាកម្មមជ្ឈត្តកម្មរបស់យើង សហគមន៍ ធុរជន ក៏ដូចជាសហគមន៍នៃបុគ្គលប្រកបវិជ្ជាជីវៈមជ្ឈត្តកម្មផងដែរ។
លោក យូឌី ថា៖ «យើងក៏ទន្ទឹងរង់ចាំស្រូបយកនូវចំណេះដឹង និងបទពិសោធ ដែលនឹងត្រូវបានចែករំលែកស្ដីពីការគ្រប់គ្រងសំណុំរឿង ដោយមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិ-សិង្ហបុរី»។
លោកស្រី Gloria Lim នាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិ-សិង្ហបុរី បានឱ្យដឹងថា ភាគីវិវាទនៅព្រះរាជាណាចក្រកម្ពុជា បានយកវិវាទដែលមានលក្ខណៈជាអន្តរជាតិរបស់ខ្លួនកាន់តែច្រើនឡើង មកដោះស្រាយនៅមជ្ឈមណ្ឌលនៃមជ្ឈត្តការអន្តរជាតិសិង្ហបុរី។
លោកស្រីថ្លែងថា កិច្ចសហការជាមួយនឹង ម.ជ.ម. នេះ ផ្តល់នូវមធ្យោបាយដ៏ល្អមួយដល់ស្ថាប័នទាំង ២ ដើម្បីអាចផ្សព្វផ្សាយរួមគ្នានូវអត្ថប្រយោជន៍របស់មជ្ឈត្តការដែលមានលក្ខណៈជាអន្តរជាតិ ដែលជាយន្តការដោះស្រាយវិវាទមានប្រសិទ្ធភាព ប្រសិទ្ធផល និងអាចយកមកអនុវត្តដោយបង្ខំបាន សម្រាប់គម្រោងពាណិជ្ជកម្មឆ្លងប្រទេស ក៏ដូចជាការបណ្តាក់ទុនវិនិយោគនានាដែលធ្វើឡើងដោយក្រុមហ៊ុន បណ្តាអាជីវកម្ម និងវិនិយោគិននានាពីតំបន់ឥណ្ឌូចិន និងពីបណ្ដាផ្នែកនានាផ្សេងទៀតនៅជុំវិញពិភពលោក។
លោកស្រីបញ្ជាក់ថា៖ «យើងទន្ទឹងរង់ចាំការរឹតចំណងមេត្រីភាពបន្ថែមទៀតជាមួយបុគ្គលដែលប្រើប្រាស់សេវាកម្មមជ្ឈត្តកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសហគមន៍នៃបុគ្គលប្រកបវិជ្ជាជីវៈមជ្ឈត្តកម្មផងដែរ»។
បើតាមសេចក្ដីប្រកាសព័ត៌មាន ម.ជ.ម. ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការ ពាណិជ្ជកម្ម ឆ្នាំ ២០០៦។
សេចក្ដីប្រកាសព័ត៌មាន ដដែលនេះថា ម.ជ.ម. គឺជាមជ្ឈមណ្ឌលតែមួយគត់នៅកម្ពុជា ដែលមានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ ប្រកបដោយអព្យាក្រឹតភាព និងប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន មានមជ្ឈត្តករច្រើនជាង ៦០ រូប មានសញ្ជាតិផ្សេងៗគ្នាត្រូវបានចុះបញ្ជីជាមជ្ឈត្តកររបស់ ម.ជ.ម.៕