កណ្ដាលៈ អនុប្រធាន និង បុគ្គលិក​អង្គការ​វឌ្ឈនភាព​កសិកម្ម និង​ធម្មជាតិ​សរុប​ចំនួន​ ៣ ​នាក់ ត្រូវបាន​តុលាការខេត្ត​កណ្ដាល​សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ «​កំហែង​យក​»​។ នេះ​បើតាម​សម្ដី មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​។

លោក ឡាក់ ម៉េងធី ស្នងការរង​នគរបាល​ខេត្តកណ្ដាល​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២​ ថា ជនសង្ស័យ​ឈ្មោះ ឃិន ធី អាយុ ​៤៧​ ឆ្នាំ មាន​តួនាទី​ជា អនុប្រធាន​អង្គការ​វឌ្ឈនភាព​កសិកម្ម និង​ធម្មជាតិ និង​បុគ្គលិក​ក្រោម​ឱវាទ​របស់គាត់​ ២ ​នាក់​ទៀត រួមមាន​ឈ្មោះ នួន សុផានី អាយុ​ ៤៩ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឃិន ប៊ុនទី អាយុ​ ២៧ ​ឆ្នាំ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២២ ពាក់ព័ន្ធ​ករណី ជំរិត​ទារប្រាក់​ពី​ប្រជានេសាទ​ចំនួន​ ១៨​ គ្រួសារ នៅក្នុង​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយក្នុង​ម្នាក់ៗ​ពី ​១០-១២ ​ម៉ឺន​រៀល ជា​ថ្នូរ​មិន​បង្ក្រាប​ចាប់យក​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ពី​ប្រជានេសាទ​ទាំងនោះ​។ បន្ទាប់ពី​ចាប់ខ្លួន​ និង​សាកសួរ​យក​ចម្លើយ​ចប់សព្វគ្រប់​ហើយ​នោះ​នៅ​ព្រឹក​ថ្ងៃទី ​២២ ខែមីនា ឆ្នាំ​ ២០២២ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ ៣ ​នាក់ មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ជនសង្ស័យ​ទាំង​៣​ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តកណ្ដាល ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​បញ្ចប់​នីតិវិធី​ស៊ើបសួរ នៅ​ល្ងាច​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២២ ​លោក ​អ៊ុក សុវណ្ណារិទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​បាន​បង្គាប់​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ នាំយក​ជនសង្ស័យ​ទាំង​ ៣ ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​កំហែង​យក តាម​មាត្រា​ ៣៦៣ និង​មាត្រា​ ៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោងតាម​មាត្រា​ ៣៦៣ និង ៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ ជនសង្ស័យ​ទាំង​ ៣ ​នាក់ នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ​ឆ្នាំ ទៅ ៥​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ​លាន​រៀល​ទៅ ១០​ លាន​រៀល​។

បើតាម​លោក ម៉េងធី នៅពេលនេះ ជនសង្ស័យ​ទាំង ​៣ ​នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​។

យោងតាម​របាយការណ៍​ស៊ើបសួរ​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ចំនួន​ ២០០​ ដុល្លារ​ពី​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ម្នាក់​ឈ្មោះ ថឺ ហុង អាយុ​ ៣៧ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ជា​ថ្នូរ​មិន​រាយការណ៍​ដល់​មន្ត្រី​រដ្ឋបាល​ជលផល ឱ្យ​ចុះបង្ក្រាប​ចាប់​ទាំង​មនុស្ស និង​ឧបករណ៍​នេសាទ​ខុសច្បាប់​។ ​១​ ថ្ងៃ​បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​ជំរិត​ទារប្រាក់​ចំនួន​ ១២ ​ម៉ឺន​រៀល​ពី​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ម្នាក់ទៀត​ឈ្មោះ ទឹក ដំ​។ ដោយបាន​តាំង​ខ្លួនឯង​ជា​មន្ត្រីរដ្ឋបាល​ជលផល ក្រុម​ជនសង្ស័យ​បាន​បន្តសកម្មភាព​ចុះ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ដែល​ពួកគេ​ស៊ើប​ដឹងថា មាន​លួច​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​។ ជាពិសេស​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រុម​ជនសង្ស័យ​បាន​ជំរិត​ទារប្រាក់​ពី​ប្រជានេសាទ​ ១៩ ​នាក់ ដែល​បានធ្វើ​សកម្មភាព​នេសាទ​ត្រី​នៅ​ចំណុច​ចុង​ខ្សាច់​ភូមិ​អង្គរជ័យ ក្នុង​ម្នាក់ៗ​ពី​ ១២-១៥ ​ម៉ឺន​រៀល​។

បន្ថែម​ពីលើ​នេះ លោក​ ព្រំ សំណាង អធិការ​ស្រុក​កៀនស្វាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២២ ក្រុម​ប្រជា​នេសាទ​ដែល​រង​ការជំរិត​ទារប្រាក់​ពី​ក្រុម​ជនសង្ស័យ​បាននាំគ្នា​ធ្វើ​ពាក្យបណ្ដឹង ប្ដឹង​មក​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍ បន្ទាប់ពី​ដឹងថា​បាន​ចាញ់បោក​ឧបាយកល​របស់​ក្រុម​ជនសង្ស័យ​ទាំង​ ៣​ នាក់ បំផ្លាញ​ធនធាន​មច្ឆជាតិ ក្នុង​តំបន់​រស់នៅ​របស់ខ្លួន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​ពាក្យបណ្ដឹង​នោះ ក្រុម​ប្រជានេសាទ​ចំនួន​ ១៨ ​នាក់ ដែល​រង​ការជំរិត​ទារប្រាក់​ពី​ក្រុម​ជនសង្ស័យ​បាន​រៀបរាប់ថា កន្លងមក​ពួកគាត់​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឆក់​ត្រី ដោយបាន​បង់ប្រាក់​ក្នុង​ម្នាក់ៗ​ពី​ ១២-១៥ ​ម៉ឺន​រៀល ឱ្យទៅ​ក្រុម​ជនសង្ស័យ ១ ​ក្រុម ដឹកនាំ​ដោយ​ឈ្មោះ ឃិន ធី ដែល​បាន​អះអាងថា ជា​មន្ត្រីរដ្ឋបាល​ជលផល​។ ប៉ុន្តែ​ការពិត​ក្រុម​នេះ​ជា​ក្រុម​ដើរ​បោកប្រាស់ ញុះញង់​ពលរដ្ឋ​ឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បី​ពួកគេ​មានឱកាស​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​»​។

លោក​បាន​បន្តថា ក្រៅពី​បានមក​ដាក់ពាក្យ​បណ្ដឹង ក្រុម​ប្រជានេសាទ​ទាំង​ ១៨ ​នាក់​នោះ​បាននាំគ្នា​ប្រគល់​ឧបករណ៍​ឆក់ មក​ដល់​សមត្ថកិច្ច ហើយ​បាន​ស្នើសុំ​ស្រាវជ្រាវ​ចាប់​ក្រុម​ជនសង្ស័យ​ទាំងនោះ ដើម្បីឱ្យ​តុលាការ​កាត់ទោស​តាម​នីតិវិធី​ច្បាប់​។ បន្ទាប់មក​លោក​បាន​ដឹកនាំ​ក្រុមការងារ ធ្វើការ​ស្រាវជ្រាវ និង​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ ៣ ​នាក់​ខាងលើ​នៅ​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​កំពុង​ចុះ​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ឈ្មោះ​ សាត់ ស៊ីណា យឺន សេរី និង​ឈ្មោះ​ យឺន ឈួនឡោ នៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដោយ​យក​ក្នុង​ម្នាក់​ ១០​ ម៉ឺន​រៀល ជា​ថ្នូរ​ក្នុងការ​ឆក់​ត្រី​។ ​លោក​បាន​បញ្ជាក់ទៀតថា ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ទាំង ​៣ បាន​សារភាព​ថា ពួកគេ​បាន​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំងនោះ​មែន ដោយសារ​ប្រជានេសាទ​ទាំងនោះ ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​។ ប៉ុន្តែ​បាន​បដិសេធថា​មិនបាន​ញុះញង់​ឱ្យ​ពលរដ្ឋ នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​នោះទេ​៕