កំពង់ឆ្នាំងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ឆ្នាំង និង​មន្ទីរ​សុខាភិបាល​ខេត្ត​នៅ​ថ្ងៃទី​ ២៤ ​មីនា​កំពុង​បន្ត​ស្រាវជ្រាវ​ប្រមូល​ភ័ស្តុតាង ករណី​សង្ស័យថា ប្រពន្ធ​គ្រូពេទ្យ​ម្នាក់ ដែល​គ្មាន​ជំនាញ​ពេទ្យ ហើយ​ចាក់​ថ្នាំ​បណ្តាល​ឱ្យ​កុមារី​អាយុ​ ៩ ​ឆ្នាំ​ម្នាក់​ស្វិតជើង​ឆ្វេង​ម្ខាង នៅ​ភូមិ​ស្រែតាជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ​។

លោក​ អៀរ ប៊ុនធឿន ស្នងការរង និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ ​មីនា​ថា ករណីនេះ​កំពុង​ត្រូវ​នគរបាល​ជំនាញ​សាកសួរ​ស្ត្រី​ឈ្មោះ គី សុកគីម និង​លោក​ សូ សារឿន អាយុ​ ៦២​ ឆ្នាំ ជា​គ្រូពេទ្យ​មាន​វិជ្ជាជីវៈ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។

ស្រប​ពេលដែល​សមត្ថកិច្ច​កំពុងដំណើរការ​សាកសួរ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​កំពុង​ស៊ើប​ពាក់ព័ន្ធ​នឹង​បញ្ហា​វេជ្ជសាស្ត្រ​ពេទ្យ​ផងដែរ​។

លោក​ប្រាប់ថា​៖ «​រឿងនេះ​ខាង​សមត្ថកិច្ច​កំពុងដំណើរការ​នីតិវិធី​ ដើម្បី​ស្រាវជ្រាវ​រក​វត្ថុតាង​បន្ថែម​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​បានជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ពាក់ព័ន្ធ​បទល្មើស​នេះ​។ ក្មេងស្រី​រងគ្រោះ​ម្នាក់​នោះ​គាត់​ស្វិតជើង​ដើរ​អត់​ត្រង់​»​។

តាម​មន្ត្រីនគរបាល​ស្រុក​ទឹកផុស​បាន​ប្រាប់​ដោយ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា បញ្ហា​នេះ​បាន​កើតឡើង​កាលពី​ជាង​កន្លះ​ឆ្នាំ​មក​ម៉្លេះ ហើយ​ទើបតែ​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២២ ឪពុក​របស់​កុមារី​រងគ្រោះ ឈ្មោះ ​ភីន ស្រីណែត អាយុ​ ៩ ​ឆ្នាំ បាន​សរសេរ​រៀបរាប់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ទឹកផុស​ស្រុក​ខ្ញុំ​ថា កូន​របស់គាត់​ជា​ក្មេងស្រី​មាន​រាងកាយ​រឹងមាំ ក្លាយទៅជា​ក្មេងស្រី​ពិការ ដោយសារតែ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ចេះ​តៗ​គ្នា ទើប​កូន​របស់គាត់​ក្លាយទៅជា​បែបនេះ​។

មន្ត្រី​រូបនេះ​បាន​បន្ត​ដោយ​ស្រង់​សម្តី​ក្នុង​ហ្វេសប៊ុក​នោះ​ថា​៖ «​ដំបូង​កូនស្រី​ខ្ញុំ គ្រាន់​តែមាន​អាការៈ​ឈឺ​ក្បាល​ធម្មតា ហើយក៏​បាន​យកទៅ​ពេទ្យឯកជន​មួយកន្លែង​ឈ្មោះ សូ សាវឿន ដែលមាន​ទីតាំងនៅ​ផ្សារ​រមាស ស្រុក​ទឹកផុស ពេលទៅដល់​គឺ​ជួប​ប្រពន្ធ​របស់​គ្រូពេទ្យ សូ សារឿន ឈ្មោះ​ គឹម គាត់​បាន​ព្យាបាល​កូនស្រី​ខ្ញុំ​»​។

មន្ត្រី​នគរបាល​រូបនោះ​បញ្ជាក់ថា ដោយសារតែ​មានការបង្ហោះ​តាម​ហ្វេសប៊ុក​នេះហើយ ទើប​លោកគ្រូ​ពេទ្យ​ សូ សាវឿន ដាក់ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ទើប​លោក​ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បញ្ជា​ឱ្យ​បើក​ការស្រាវជ្រាវ ចុះទៅ​ដល់ផ្ទះ​លោកគ្រូ​ពេទ្យ សូ សាវឿន ទើប​ដឹងថា ករណី​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​មាន​ប្រាកដ​មែន​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ត្រូវបាន​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤​ មីនា​ថា លោក សូ សាវឿន ជា​គ្រូពេទ្យ​យោធា និង​ប្រពន្ធ​របស់គាត់​កំពុង​ត្រូវ​នគរបាល​ហៅ​សាកសួរ​។ ចំណែកឯ​មន្ទីរ​សុខាភិបាល​របស់លោក​កំពុងតែ​ពិនិត្យ​នីតិវិធី ដូច្នេះ​លោក​មិនទាន់​សម្រេច​ថា​យ៉ាងម៉េច​នៅឡើយ​ទេ​។ បញ្ហា​ទាក់ទង​នឹង​វេជ្ជសាស្ត្រ​គឺ​ត្រូវ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ល្អិតល្អន់​សិន​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ​ (​ថ្ងៃទី​ ២៤​ មីនា​)​ យើង​ចុះទៅ​ស៊ើប​ប្រវត្តិ​ក្មេង និង​ស្ថានភាព​ជំងឺ​របស់​ក្មេង​។ អ្វីដែល​យើង​ចោទ​គាត់​គឺ​គាត់​បាន​អនុវត្ត​ហួស​ដែន​សមត្ថកិច្ច​វិជ្ជាជីវៈ​ព្រោះ​គ្រូពេទ្យ​នោះ​បណ្តោយឱ្យ​ប្រពន្ធ​គាត់​មិនចេះ​វិជ្ជាជីវៈ​ពេទ្យ​ទៅ​ព្យាបាល​ឱ្យគេ​»៕

វីដេអូ៖