​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា​នឹង​សម្រាក​រយៈពេល​ ៣​ ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ក្នុង​ខែមេសា​ខាងមុខនេះ ដោយ​លោក​នឹង​ចំណាយពេល​ជាមួយនឹង​ក្រុមគ្រួសារ កូនៗ និង​ចៅៗ​ផងដែរ​។​

​លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២២​ នេះ ក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ ​៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពី​ឧដុង្គ (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​ ៥) ដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ​៤) ក្រោម​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​មានប្រសាសន៍ថា៖ «​សូម​ចូលរួម​រីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ បង្កលក្ខណៈ​សប្បាយរីករាយ ហើយ​នៅតាម​មូលដ្ឋាន​នានា​ត្រូវការពារ​សន្តិសុខ សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​រៀបចំ​ចាត់ចែង​ត្រៀមលក្ខណៈ​ចាប់ពីពេលនេះ​ទៅឱ្យ​ហើយ​»​។​

​ជាមួយគ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ភាពស៊ាំ​សហគមន៍​ធ្វើឱ្យ​កម្ពុជា​នឹងធ្វើ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ ប៉ុន្តែ​គ្រប់គ្នា​ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ដោយ​ការបន្ត​ការពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ជាដើម​។​

​លោក​ថា ៖ «​ឆ្នាំនេះ ខ្ញុំ​មិន​ទៅណា​ទេ គឺ​ខ្ញុំ​នឹង​សម្រាក​នៅ​កំពង់សោម មុជទឹក​សមុទ្រ​៣​ថៃ្ង​តែម្តង ហើយ​សម្រាប់​កូនៗ​និង​ចៅ អ្នកណា​ចង់ទៅ​ក៏បាន មិន​ចង់ទៅ​ក៏បាន​»៕