រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង នៅ​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ ​២០២២ ចាប់ពី​ម៉ោង ០៥:០០ ​នាទី​រហូតដល់​ចប់​កម្មវិធី ដែលមាន​ការអញ្ជើញ​បើកសម្ពោធ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានចេញ​នូវ​សេចក្តី​ជូនដំណឹង កាលពី​ថ្ងៃទី ​២៤ ខែមីនា​ថា នៅ​ថ្ងៃទី​ ២៨ ខែមីនា ចាប់ពី​ម៉ោង ០៥:០០ ​នាទី ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​ព្រះអង្គឌួង​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង ដែល​ស្ថិតនៅ​ភូមិ ​៩ សង្កាត់​ផ្សារថ្មី​ទី​ ១ ខណ្ឌដូនពេញ​។

លោក​បាន​លើកឡើងថា ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​រហូត​ដល់​បញ្ចប់​កម្មវិធី​។

ការផ្អាក​ចរាចរ​ដោយ​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ព្រះនរោត្តម ចាប់ពី​វិថី​ឧកញ៉ា​អ៊ុងប៊ុនហ៊ូវ (​ផ្លូវ​លេខ​ ១០៨) ដល់​វិថី​ខេមរភូមិន្ទ (​ផ្លូវ​លេខ​ ១៣០) កំណាត់​វិថី​ព្រះអង្គឌួង (​ផ្លូវ​លេខ ​១១០) ចាប់ពី​វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​ ៥១) ដល់​វិថី​ព្រះអង្គយុគន្ធរ (​ផ្លូវ​លេខ ​១៩) កំណាត់​វិថី​ក្រមួនស (​ផ្លូវ​លេខ​ ១១០) ចាប់ពី​វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​ ៥១) ដល់​មហាវិថី​ព្រះ​នរោត្តម កំណាត់​វិថី​ព្រះ​ជ័យជេដ្ឋា (​ផ្លូវ​លេខ​ ១១៨) ចាប់ពី​វិថីប៉ាស្ទ័រ (​ផ្លូវ​លេខ​ ៥១) ដល់​វិថី​ព្រះអង្គយុគន្ធរ (​ផ្លូវ​លេខ​ ១៩) និង​កំណាត់​វិថី​ព្រៃនគរ (​ផ្លូវ​លេខ​ ១២៦) ចាប់ពី​វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​ ៥១) ដល់​មហាវិថី​ព្រះនរោត្តម​។

លោក ឃួង ស្រេង បាន​សុំ​ការយោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ​ផងដែរ ហើយ​រដ្ឋបាល​សាលាក្រុង​នឹង​បើក​ដំណើរការ​ចរាចរ​ជាធម្មតា​វិញ​ពេល​ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ​៕

វីដេអូ៖