ព្រឹត្តិការណ៍ «​អំណាន​ឮៗ​» លើកកម្ពស់​វប្បធម៌​អាន និង​កៀរគរ​ថវិកា​សាងសង់​បណ្ណាល័យ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ ២៦ ខែមីនា ឆ្នាំ​ ២០២២​ ខាងមុខនេះ ដែល​រៀបចំឡើង​ ដោយ​អង្គការ​ទស្សនៈ​ពិភពលោក ដើម្បី​គាំទ្រ​ការប្រារព្ធ​ទិវា​អំណាន​ជាតិ លើកកម្ពស់​វប្បធម៌​អាន​របស់​កុមារ កៀរគរ​ថវិកា​សម្រាប់​ទិញ​សៀវភៅអាន​ និង​កសាង​បណ្ណាល័យ​នៅតាម​សាលារៀន​គោលដៅ​មួយចំនួន​ក្នុងស្រុក​ជាំក្សាន្ត ស្រុក​រវៀង និង​ស្រុក​ឆែប ខេត្តព្រះវិហារ​។

លោក វ៉ា សុរិន ប្រធាន​ក្រុមបច្ចេកទេស​កម្មវិធី​អប់រំ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​បាន​លើកឡើងថា ការវិនិយោគ​លើ​ការអាន​ជាពិសេស​សម្រាប់​កុមារ​ពិតជា​មាន​សារៈសំខាន់​ណាស់​។

លោក វ៉ា សុរិន្ទ មានប្រសាសន៍​ថា៖ «​សៀវភៅ​គឺជា​ឃ្លាំង​ផ្ទេរ​ចំណេះ​ដ៏សំខាន់​បំផុត​មួយ​សម្រាប់​សិស្សានុសិស្ស​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​អំពី​មុខវិជ្ជា​ផ្សេងៗ តាំងពី​វប្បធម៌ និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ផ្សេងទៀត​។ សមត្ថភាព​របស់​សិស្សានុសិស្ស​នៅតែ​ពឹងផ្អែក​យ៉ាងខ្លាំងក្លា​លើ​ការអាន និង​មើលសៀវភៅ​ដោយ​ខ្លួនឯង​នៅពេល​ទំនេរ​ពី​ម៉ោង​សិក្សា​»​។

លោក​បាន​បន្តថា ការស្រាវជ្រាវ​បាន​រកឃើញថា ការអាន​សៀវភៅ​ជាប្រចាំ​ធ្វើឱ្យមាន​ការចងចាំ​ល្អ មាន​អារម្មណ៍​តានតឹង​តិច និង​មានការ​ផ្ចង់អារម្មណ៍​ក្នុង​ការងារ​បានល្អ ជាង​អ្នក​ដែល​មិន​អាន​សៀវភៅ​ជាប្រចាំ​។

ប្រធាន​គ្រប់គ្រង​ថវិកា​ក្នុងស្រុក​នៃ​អង្គការ​ទស្សនៈ​ពិភពលោក កញ្ញា ហៀម ចិត្រា បានឱ្យដឹង​ដែរ​ថា តាមរយៈ​ព្រឹត្តិការណ៍​អំណាន​ឮៗ សាធារណជន​អាច​ចូលរួម​លើកកម្ពស់​វប្បធម៌​អាន​នៅ​កម្ពុជា​។ កញ្ញា​ចង់ឃើញ​ឪពុកម្តាយ​គ្រប់រូប ចាប់ផ្ដើម​បណ្តុះបណ្តាល​កុមារ​តូចៗ​ឱ្យមាន​សមត្ថភាព​អាន​ប្រសើរឡើង និង​បណ្តុះ​ចំណេះ​ពួកគេ​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​ពោរពេញ​ដោយ​សក្ដានុពល ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។

កញ្ញា ហៀម ចិត្រា លើកឡើងថា៖ «​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​សុទ្ធតែ​អាចរួមចំណែក​លើកស្ទួយ​បំណិន​អំណាន​របស់​កុមារ​។ លោកអ្នក​អាច​ចាប់ផ្ដើម​បណ្ដុះ​បំណិន​អំណាន​ដល់​កុមារ​តូចៗ​ជុំវិញខ្លួន ឬ​ចូលរួម​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក និង​កម្មវិធី​អំណាន​ឮៗ​តាមរយៈ​ការបរិច្ចាគ​ជា​ថវិកា ឬ​សៀវភៅ​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ទៅដល់​កុមារ​ដែល​កំពុង​ជួប​ភាពខ្វះខាត​នៅ​តំបន់ ដែល​អង្គការ​ទស្សនៈ​ពិភពលោក​ធ្វើការ​ជាមួយ​»​។

កញ្ញា ចិត្រា សង្ឃឹមថា​ថវិកា និង​សម្ភារ​ដែល​កៀរគរ​បាន​ពី​កម្មវិធី​នេះ​នឹង​ជួយ​ដល់​កុមារ​នៅតាម​ជនបទ​ឱ្យ​មានឱកាស​ទទួលបាន​សៀវភៅអាន និង​អភិវឌ្ឍ​បំណិន​អាន​របស់ខ្លួន​ផងដែរ​៕