ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បាន​ជំរុញ​ឱ្យ​ក្រុម​ប្រតិបត្តិ​សាខា​ និង​អ្នកស្ម័គ្រចិត្ត​ភូមិ បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​សុខភាព ការការពារ​ពី​ជំងឺឆ្លង​ផ្សេងៗ និង​ជំងឺ​កូវីដ ​១៩ ភូមិ​ខាំផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។

នៅក្នុង​ការចុះ​ផ្សព្វផ្សាយ​នោះ​ដែល​ក្រុម​ប្រតិបត្តិ​បាន​ចុះ​តាម​ខ្នង​ផ្ទះ​ចំនួន​ប្រមាណ ៦០ ​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ​ចំនួន​ ១៨២ ​នាក់ ចែក​ប័ណ្ណប្រកាស និង​បិទ​Poster ស្តីពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៣៧​ សន្លឹក និង​បាន​ចែក​សាប៊ូ និង​ជែល​លាង​ដៃដល់​ប្រជាពលរដ្ឋ ព្រមទាំង​ចែក​ប័ណ្ណប្រកាស​ស្តីពី​របៀប​លាង​សម្អាត​ដៃ​ផងដែរ​។

ក្នុងឱកាស​នោះដែរ ក្រុម​ប្រតិបត្តិ​សាខា ក្រើន​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​សម្អាត​បរិវេណ​ផ្ទះ​ឱ្យបាន​ស្អាត និង​មាន​អនាម័យ​ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ហើយ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដោយ​ការកាត់បន្ថយ​ការជួប​ជុំគ្នា ហើយ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ និង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​ការ​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ទម្លាប់​រស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី​៕