​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​តាម​សាលារៀន ឱ្យ​រួមគ្នា​ដាំ​ដើមឈើ​ដើម្បី​កាត់បន្ថយ​កម្ដៅ និង​គ្រោះមហន្តរាយ​នានា ព្រមទាំង​ដើម្បី​បង្កើន​សោភ័ណភាព​ផងដែរ​។​

​លោក​បាន​ថ្លែង​ដូចនេះ នា​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​វិទ្យាល័យ តា​គ្រាម ១ ​ខ្នង កម្ពស់​ ២​ ជាន់ ១២​ បន្ទប់​, អគារ​អនុវិទ្យាល័យ​សម្ដេច​ក្រឡា​ហោម ស ខេង ឫស្សី​រោទិ៍ ១​ ខ្នង ៥​បន្ទប់ ស្ថិតនៅ​ឃុំ​តា​គ្រាម​, អគារ​បឋមសិក្សា បុស្ស​ស​ម្ព័​រ ១​ខ្នង ៦​បន្ទប់​, ប្រឡាយ​ប្រវែង ៣៦ ៤០០ ​ម៉ែត្រ​, ស្ពានបេតុង​ ៨​ កន្លែង សំណង់​សិល្បៈការ ១ ​កន្លែង និង​សំណង់​ស្ទាក់​ទឹក ១​កន្លែង ស្ថិតនៅ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​។​

​លោក ស ខេង បាន​មានប្រសាសន៍ថា ៖ «​ការដាំ​ដើមឈើ​ក្រៅពី​ជួយ​កាត់បន្ថយ​កម្តៅ ក៏បាន​ជួយ​ដល់​បរិស្ថាន​នៅ​ជុំវិញ​យើង​ឱ្យមាន​ខ្យល់​បរិសុទ្ធ ព្រោះ​ដើមឈើ​បញ្ចេញ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​ស្រូប​ឧស្ម័ន​កាបូ​និ​ច ដែលមាន​ជាតិពុល​ហើយ​នៅពេល​យើង​ស្រូប​ចូលទៅក្នុង​ខ្លួន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ដូច្នេះ​យើង​ពុំ​អាច​មើលស្រាល​បាន​នោះទេ​»​។

​លោក​ក៏បាន​លើកឡើង​នូវ​បញ្ហា​អាកាសធាតុ​ដែលមាន​ការប្រែប្រួល​ជា​បន្តបន្ទាប់​ដោយសារតែ​ការកើនឡើង​កម្តៅ ហើយ​កម្ពុជា​ក៏​នឹង​កើនឡើង​កម្តៅ​កាន់តែខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ក៏ប៉ុន្តែ​ប្រសិនណាបើ​មាន​ដើមឈើ​ដាំ​ដុះ​ជុំវិញ​ផ្ទះ នោះ​ប្រាកដជា​អាចជួយ​កាត់​កាត់បន្ថយ​កម្តៅ​បាន​យ៉ាងច្រើន​។​

​ស្រប​ជាមួយគ្នានេះ លោក ស ខេង បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ថែរក្សា​អនាម័យ ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត បើទោះបីជា​ក្រីក្រ តែ​កុំ​ភ្លេច​រឿង​អនាម័យ ហើយ​លោក​ក៏បាន​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​ត្រូវ​ត្រៀមលក្ខណៈ​ទុកជា​ស្រេច​ឱ្យបាន​ទាន់សភាពការណ៍​ករណី​មាន ខ្យល់ព្យុះ ខ្យល់ក​ន្ទា​ក់ ទឹកជំនន់ គ្រោះរាំងស្ងួត​នានា​កើតឡើង​ក្នុង​តំបន់ ត្រូវធ្វើ​សកម្មភាព​ជួយ​ជាបន្ទាន់​ឱ្យទាន់​ពេលវេលា​៕​